អន្តរជាតិ
លោក Ghosn ចោទថា​ក្រុមហ៊ុន Nissan រួមគំនិត​នឹង​រដ្ឋអាជ្ញា​ជប៉ុន​ដើម្បី​ចាប់​លោក តែ​ជប៉ុន​បដិសេធ​
09, Jan 2020 , 9:19 pm        
រូបភាព
លោកអតីតនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Nissan Carlos Ghosn ថ្លែងសន្និសីទព័ត៌មានក្នុងរដ្ឋធានី នៃប្រទេសលីបង់ ថ្ងៃ ០៨ មករា ២០២០ (Reuters).jpg
លោកអតីតនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Nissan Carlos Ghosn ថ្លែងសន្និសីទព័ត៌មានក្នុងរដ្ឋធានី នៃប្រទេសលីបង់ ថ្ងៃ ០៨ មករា ២០២០ (Reuters).jpg
ដោយ:
​អតីត​នាយក​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន​រថយន្ត Nissan លោក Carlos Ghosn បញ្ជាក់ថា លោក ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ព្រៃផ្សៃ​ដោយ​រដ្ឋអាជ្ញា​ជប៉ុន ។ ពី​រដ្ឋធានី​បេ​រូត នៃ​ប្រទេស លី​បង់ លោក ចោទ​រដ្ឋអាជ្ញា​ជប៉ុន​ទាំងនោះ​ថា គប់គិត​ជាមួយ​ក្រុមហ៊ុន Nissan រៀបចំ​ផែនការ​បណ្ដេញ​លោក​ចេញពី​តំណែង​កំពូល​នេះ​។

 
​ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​ជា​លើកដំបូង ចាប់តាំងពី​លោក​បាន​រត់គេច​ពី​ប្រទេស​ជប៉ុន​ទៅ​លី​បង់​កាលពី​ចុងខែ​ធ្នូ​មក លោក​អតីត CEO ក្រុមហ៊ុន Nissan បាន​ចោទថា​មានការ​រួមគំនិត​គ្នា​រវាង​ក្រុមហ៊ុន Nissan និង​រដ្ឋអាជ្ញា​ជប៉ុន​ជុំវិញ​ការចាប់ខ្លួន​លោក ដែល​លោក​ចាត់ទុកជា «​ការរៀបចំ​ឆាកល្ខោន​ឡើង​»​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​អះអាងថា ពួកគេ​បារម្ភ​ពី​កំណើន​ឥទ្ធិពល​របស់​ក្រុមហ៊ុន​ដៃគូ​រថយន្ត​របស់​បារាំង Renault ដ្បិត​លោក​មាន​ផែន​ការធ្វើសមាហរណកម្ម​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​ក្រុមហ៊ុន​យក្ស​នេះ​។ មែនទែនទៅ ក្នុង​ឆ្នាំ​១៩៩៩ លោក Ghosn បាន​ជ្រោមជ្រែង​បង្កើត​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន Renault ដើម្បី​ជួយសង្គ្រោះ​ក្រុមហ៊ុន Nissan ពី​ការប្រកាស​ក្ស័យធន​។ ហើយ​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង​កាន់​ហ៊ុន ៤៣​ភាគរយ​ក្នុង​ក្រុមហ៊ុន​ដៃគូ​ជប៉ុន​នេះ ខណៈ​ក្រុមហ៊ុន Nissan មាន​ហ៊ុន ១៥​ភាគ​ក្នុង​ក្រុមហ៊ុន Renault ។​
 
​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្សំគំនិត​លំដាប់​ខ្ពស់​បែបនេះ​កើតឡើង​ដោយ​របៀប​ណា បុរស​វ័យ​៦៥​ឆ្នាំ​រូបនេះ បញ្ជាក់ថា លោក​មិន​ជឿ​ទេ​ថា​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ឡើយ​។​
 
​ដោយ​រង​ចោទប្រកាន់​ពាក់ព័ន្ធ​ការប្រព្រឹត្តិ​ខុស​ផ្នែក​ហិរញ្ញវត្ថុ លោក Ghosn លើកឡើងថា កា​រស​ម្រេ​ចិត្ត​ភៀសខ្លួន​ចេញពី​ជប៉ុន គឺជា​រឿង​ដ៏​ពិបាក​បំផុត​ក្នុង​ជីវិត​លោក​។ លោក ចាត់ទុក​ខ្លួនឯង​ជា «​ចំណាប់ខ្មាំង​» ក្នុងប្រទេស​ជប៉ុន ដោយ​លោក​មាន​ជម្រើស​២ ពោលគឺ​រវាង ចោល​ឆ្អឹង​នៅ​ទីនោះ ឬ​រត់គេចខ្លួន ។  
 
​លោក Ghosn បញ្ជាក់ថា ទង្វើ​របស់​រដ្ឋអាជ្ញា​ជប៉ុន​មកលើ​រូបលោក គឺ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​យុត្តិធម៌​អន្តរជាតិ​។ ត្រង់ចំណុច​នេះ លោក​រៀបរាប់ថា ក្នុង​ពន្ធនាគារ គេ​ឃុំខ្លួន​លោក​នៅក្នុង​បន្ទប់​ឃុំឃាំង​ដែល​មានប​ង្អូ​ច​តូច​មួយ​ប៉ុណ្ណោះ ហើយ​គេ​អនុញ្ញាត​ឲ្យ​លោក​ងូ​ច​ទឹក​២​ដក​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​។ ទន្ទឹមនេះ លោក អះអាង​ទៀតថា លោក​ធ្លាប់​ចំណាយពេល​១៣០​ថ្ងៃ​ក្នុង​បន្ទប់​ឃុំឃាំង​ដែល​គ្មាន​ប​ង្អូ​ច ខណៈ​គេ​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​តែម្នាក់ឯង​។ 
 
​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nissan រូបនេះ បន្តទៀតថា ក្នុង​មួយថ្ងៃ លោក​ត្រូវបាន​គេ​សួរចម្លើយ​រហូតដល់​ទៅ​៨​ម៉ោង ដោយ​គ្មាន​វត្តមាន​មេធាវី​សូម្បីតែ​ម្នាក់ ហើយ​លោក​រៀបរាប់​ពី​អារម្មណ៍​លោក​ថា អស់សង្ឃឹម​ជាខ្លាំង​។ លោក និយាយ​ទាំង​កំហឹង​ថា លោក ត្រូវបាន​គេ​ចាប់​ពង្រាត់​យ៉ាង​ព្រៃផ្សៃ​បំផុត​ពី​ការងារ​មុខតំណែង​លោក គ្រួសារ និង​មិត្តភក្តិ​។ 
 
​ភ្លាមៗ​ក្រោយ​សន្និសីទ​ព័ត៌មាន​នេះ រដ្ឋអាជ្ញា​ជប៉ុន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​រិះគន់​ចំពោះ​ការវាយប្រហារ​តែ​ម្ខាង និង​មិនអាច​ទទួលយកបាន​ពី​សំណាក់​អតីត​នាយក​ប្រតិបត្តិ Nissan លោក Ghosn ទៅលើ​ប្រព័ន្ធយុត្តិធម៌​របស់​ជប៉ុន​។ បើតាម AFP ការិយាល័យ​រដ្ឋអាជ្ញា​តូ​ក្យូ ក៏​ស្រាយ​បំភ្លឺថា ការចោទប្រកាន់ថា ពួកគេ​បាន​គប់គិត​ជាមួយ​ក្រុមហ៊ុន​រថយន្ត Nissan ចាប់ខ្លួន​នោះ គឺជា រឿង​មិន​ពិត ។ 
 
​សូមបញ្ជាក់ថា លោក Ghosn គឺជា​បុគ្គល​ដែលមាន​ឥទ្ធិពល​បំផុត​មួយ​ក្នុង​ឧស្សាហកម្ម​រថយន្ត​សាកល​។ យ៉ាងណាមិញ លោក​បាន​បាត់បង់​អំណាច​នេះ នៅពេលដែល​លោក​ត្រូវបាន​ចាប់​ឃាត់ខ្លួន ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង តូ​ក្យូ ។ លោក Carlos Ghosn ត្រូវបាន​ចោទប្រកាន់ថា លោក​បាន​បរាជ័យ​ក្នុង​ការផ្តល់​របាយការណ៍​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ប្រាក់​បៀរ​វត្ស​របស់លោក ហើយ​បាន​បង្វែរ​ប្រាក់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ដើម្បី​រ៉ាប់រង​ការខាតបង់​ខាង​ផ្នែក​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន​។ ទន្ទឹមនេះ លោក ក៏​ត្រូវបាន​ចោទប្រកាន់ថា បាន​ផ្ទេរប្រាក់​របស់​ក្រុមហ៊ុន Nissan ទៅ​ឲ្យ​ក្រុមហ៊ុន​ចែកចាយ​មួយ​ក្នុងប្រទេស  អូ​ម៉​ង់ ហើយ​បាន​កេងប្រវ័ញ្ច​លុយ ៥​លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផងដែរ​។ ទោះជា​បែបនេះ​ក្តី លោក Ghosn បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់​៕

Tag:
 Carlos Ghosn
  ជប៉ុន​
  ប្រព័ន្ធ​យុត្ត​ធម៌​
  Nissan
© រក្សាសិទ្ធិដោយ thmeythmey.com