ជាតិ
សម្ដេច ស ខេង ៖ សង្គម​ដែល​បែកបាក់​នៅ​ស្រុក​ណាក៏ដោយ គឺ​មកពី​ភាពអយុត្តិធម៌​
09, Jan 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ភាពអយុត្តិធម៌ នឹង​នាំឱ្យ​សង្គមជាតិ​បែកបាក់​គ្នា​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ​នៅក្នុង​ពិធី​អបអរសាទរ​ខួប​៤១​ឆ្នាំ (​ជ័យជម្នះ ៧ មករា ១៩៧៩ ដល់ ២០២០) នៅ​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​៩ មករា​។


 
​ថ្លែង​ចំពោះមុខ​មន្ត្រី និង​ថ្នាក់ដឹកនាំ​បក្ស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា រដ្ឋាភិបាល​កំពុង​កំណែទម្រង់​លើ​គ្រប់​វិស័យ រាប់ទាំង​ប្រព័ន្ធយុត្តិធម៌​ផងដែរ​។ ត្រង់ចំណុច​នេះ​សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា ការ​កំណែ​ង​ទម្រង់​ប្រព័ន្ធយុត្តិធម៌ គឺជា​រឿង​ចាំបាច់​បំផុត ដើម្បី​ការពារ​កុំឱ្យ​សង្គមជាតិ​បែកបាក់​។​



 
«​តាម​បទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​មក សង្គម​ដែល​បែកបាក់​នៅក្នុង​ស្រុក​ណាក៏ដោយ គឺ​អយុត្តិធម៌​។ អ៊ីចឹង​រឿងនេះ​ក៏​ជា​កម្មវត្ថុ​មួយ​យ៉ាងសំខាន់ ដែល​យើង​ត្រូវ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នេះ »​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ដើម្បី​សាកសួរ​អំពី​ដំណើរការ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅឡើយ​ទេ​។​
 
​លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) មើលឃើញថា ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា នៅមាន​ភាពខ្វះ​ចន្លោះ និង​បង្ក​ឱ្យ​មាននិ​ទណ្ឌ​ភាព​ក្នុងសង្គម តួយ៉ាង​ដូចជា​ករណី​បញ្ហាដីធ្លី​ជាដើម​។ ដោយ​មិន​និយាយ​ពី​បញ្ហា​ផ្សេងទៀត លោក សន ជ័យ លើកយក​ករណី​ដីធ្លី មក​ពន្យល់ថា នៅពេលដែល​ពលរដ្ឋ​ក្រីក្រ មាន​ជម្លោះដីធ្លី​ជាមួយ​អ្នកមាន​ទ្រព្យ និង​អំណាច​នោះ ពលរដ្ឋ​ក្រីក្រ ទន់ខ្សោយ​ទាំងនេះ មិនដែល​ឈ្នះក្តី​ក្ដាំ​ឡើយ​។ 
 
​ងាក​មក​បញ្ហា​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​វិញ លោក សន ជ័យ មើលឃើញថា ការ​កំណែទម្រង់​ហាក់​មិនទាន់មាន​ប្រសិទ្ធភាព​អ្វី​ទេ ខណៈ​ការរំលោភបំពាន​សិទ្ធ​នៅតែ​កើតមាន​។ លោក​ស្នើឱ្យ​មានការ​កំណែទម្រង់​ដោយ​ប្រយ័ត្នប្រយែង និង​កំណត់​ពេលវេលា​ច្បាស់លាស់​។​
 
 ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្វីដែល​សង្គមមនុស្ស​ច​ង់​ឃើញ គឺ​ការរៀបចំ​ផែនការ​កំណែទម្រង់​នេះ ឱ្យ​កាន់តែ​ឆាប់​កាន់តែ​ល្អ ហើយ​វា​គួរតែ​ធ្វើ​នៅក្នុង​ពេលវេលា​ជាក់លាក់​មួយ​។ ហើយ​មិន​អាចធ្វើ​(​កំណែទម្រង់​)​ជា​លក្ខណៈ​មួយ ដើម្បី​កេងចំណេញ​ប្រជាប្រិយភាព ឬក៏​ធ្វើ​ដើម្បី​ឱ្យតែ​ល្អមើល …»​។​
 
​បើតាម​លោក សន ជ័យ ប្រព័ន្ធយុត្តិធម៌ ត្រូវតែ​ជា​កញ្ចក់​មួយ ដើម្បី​ជួយ​ដល់​សន្តិភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ក្នុងសង្គម​៕

Tag:
 ​ស ខេង​
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com