អន្តរជាតិ
តៃវ៉ាន់ ប្រាប់ចិនកុំឲ្យចេះដឹង ក្នុងរឿងបោះឆ្នោតរបស់ខ្លួន អ្នកគាំទ្រលោកស្រី Tsai Ing-wen បានជួបជុំគ្នានៅថ្ងៃទី៨ ខែមករា មុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់មកដល់។ រូបភាព៖ Reuters
× ថ្ងៃទី១១ ខែមករាខាងមុខ គឺជាថ្ងៃបោះឆ្នោតសភា និងប្រធានាធិបតីនៅតៃវ៉ាន់។ មុនការបោះឆ្នោតពីរថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៩ ខែមករា រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu បាននិយាយប្រាប់ចិនចំៗថា លទ្ធផលឈ្នះ ឬចាញ់នៅក្នុងទឹកដីតៃវ៉ាន់ មិនមែនជារឿងរបស់ចិនឡើយ ហើយចិនក៏មិនចាំបាច់ចេះដឹងរឿងរបស់តៃវ៉ាន់ដែរ។
ថ្ងៃបោះឆ្នោត កាន់តែខិតចូលមកដល់ បក្សកាន់អំណាចចេះតែបារម្ភពីការជ្រែតជ្រែកណាមួយពីភាគីចិនដីគោក។ ការបារម្ភនេះ មិនមែនជារឿងចម្លែកទេ ព្រោះកន្លងមកចិន តែងតែចាត់ទុកតៃវ៉ាន់ថា ជាខេត្តមួយរបស់ខ្លួន ក្រោមគោលនយោបាយ « ប្រទេសមួយ ប្រព័ន្ធពីរ» ខណៈពេលតៃវ៉ាន់ចាត់ទុកខ្លួនឯងថា ជារដ្ឋឯករាជ្យ ដោយមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋចិន»។ តៃវ៉ាន់ កាន់តែបារម្ភព្រោះចិនអាចលូកលាន់ការបោះឆ្នោតនេះ។
ប្រាប់អ្នកកាសែតនៅថ្ងៃទី៩ ខែមករា រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu បានលើកឡើងថា ចិនមិនគួរចាត់ទុកលទ្ធផលឈ្នះឆ្នោត ឬចាញ់ឆ្នោតរបស់តៃវ៉ាន់ ថាជារឿងរបស់ខ្លួនឡើយ ព្រោះចិន និងតៃវ៉ាន់ មិនមែនជាប្រទេសតែមួយឡើយ។ បើតាមលោក Wu ចិនអាចប្រើវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីគំរាមដាក់តៃវ៉ាន់ដូចជា ការគំរាមកំហែងតាមផ្លូវយោធា ការដាក់ទំនាក់ទំនងការទូតតៃវ៉ាន់ឲ្យនៅតែឯង ឬវិធីសាស្ត្រសេដ្ឋកិច្ចជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទំនងជាចង់ដៀមដាមដាក់បក្សគូមិញតាង ដែលមាននិន្នាការជិតស្និទ្ធជាមួយចិន លោក Wu បានទទូចឲ្យប្រជាជនតៃវ៉ាន់ទាំងអស់សម្រេចចិត្តឲ្យបានត្រឹមត្រូវ មុននឹងបោះឆ្នោតឲ្យបេក្ខជនណាម្នាក់ ជៀសវៀងឲ្យឆ្នោតឲ្យអ្នកតំណាងរបស់ខ្លួនខុស។ ក្រៅពីនេះ លោករដ្ឋមន្ត្រីការបរទេស ក៏បានឌឺដាក់ផ្លែផ្កាឲ្យទីក្រុងប៉េកាំងផងដែរថា បើចិនចង់ចូលរួមលេងប្រព័ន្ធនយោបាលទ្ធិប្រជាធិបតេយ្យជាមួយប្រភេទផ្សេង ទីក្រុងប៉េកាំង គួរតែសាកល្បងការបោះឆ្នោតនៅចំនុចមួយចំនួន។
កន្លងមក ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ក៏ធ្លាប់បញ្ចុះបញ្ជូលឲ្យប្រជាជនតៃវ៉ាន់ទាំងអស់ កុំខ្លាចទីក្រុងប៉េកាំង ដែលបានប្រើវិធីផ្សេងៗដូចជាព័ត៌មានមិនពិត ការគំរាមកំហែងយោធា ដើម្បីបំភាន់ការបោះឆ្នោតនៅតៃវ៉ាន់។
សូមបញ្ជាក់ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន នឹងត្រូវការពារតំណែងកៅអីប្រធានាធិបតីទល់នឹងលោក Han Kuo-yu បេក្ខជនមកពីគណបក្សប្រឆាំងគូមិញតាង ក្នុងការបោះឆ្នោតនាថ្ងៃទី១១ ខែមករា៕
© រក្សាសិទ្ធិដោយ thmeythmey.com