មជ្ឈិមបូព៌ា ជាទីតាំងមួយដែលមានមូលដ្ឋានទ័ពអាមេរិកច្រើនជាងគេ បើប្រៀបធៀបនឹងតំបន់ដទៃទៀត។ កងទ័ពអាមេរិករាប់សិបពាន់នាក់ ត្រូវបានពង្រាយជាអចិន្ត្រៃយ៍នៅក្នុងតំបន់នេះ និងប្រទេសនៅក្បែរខាង។ អាមេរិកថែមទាំងបង្កើតទីបញ្ជាការយោធាមួយប្រចាំមជ្ឈិមបូព៌ាទៀតផង។ ខណៈជម្លោះជាមួយអ៊ីរ៉ង់កំពុងក្ដៅគគុកនោះ កងទ័ពអាមេរិកក្នុងតំបន់ ជាទ័ពជួរមុខ ប្រសិនបើមានជម្លោះពេញបន្ទុកមែននោះ។
បច្ចុប្បន្ន អ៊ីរ៉ង់ សឹងតែហ៊ុមព័ទ្ធទៅដោយបន្ទាយទ័ពអាមេរិកទៅហើយ។ មជ្ឈិមបូព៌ា ដែលជាតំបន់មានបញ្ហាប្រឈមផ្នែកអសន្តិសុខនោះ មានមូលដ្ឋានទ័ពអាមេរិករាប់សិបកន្លែង ជាមួយនឹងកងទ័ពចន្លោះពី៥ម៉ឺននាក់ទៅ៦ម៉ឺននាក់ឯណោះ។ ប្រតិបត្តិការយោធានៅទូទាំងមជ្ឈិមបូព៌ា ស្ថិតក្រោមការបញ្ជារបស់ទីបញ្ជាការតំបន់កណ្ដាល ដែលជាទីបញ្ជាមួយក្នុងចំណោមទីបញ្ជាការទាំង៧ របស់អាមេរិកនៅទូទាំងពិភពលោក។
អ៊ីរ៉ាក់
បន្ទាយ Ain al-Asad នៅអ៊ីរ៉ាក់។ រូបភាព Twitter
នៅជាប់អ៊ីរ៉ង់ គឺអ៊ីរ៉ាក់តែម្ដងដែលមានយោធាអាមេរិកប្រមាណ៥ពាន់នាក់ទៅ៦ពាន់នាក់ ដែលត្រូវបានពង្រាយនៅតាមទីតាំងជាច្រើន។ យោធាទាំងនេះ ដែលខ្លះស្ថិតនៅតាំងពីសង្គ្រាមឆ្នាំ២០០៣ មកនោះ គឺជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាតក្រុមរដ្ឋឥស្លាម។ ទាហានអាមេរិក ដើរតួជាអ្នកប្រឹក្សា និងផ្ដល់ការហ្វឹកហាត់ដល់យោធាអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម។ ថ្មីៗនេះ វ៉ាស៊ីនតោនទើបបញ្ជូនទ័ពទៅបន្ថែម ក្រោយភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង។
កូវ៉ែត
រថយន្តយោធាអាមេរិកនៅកូវ៉ែត។ រូបភាពក្រសួងការពារជាតិអាមេរិក
កូវ៉ែត ជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់អាមេរិកដែលមិនមែនមកពីសម្ព័ន្ធយោធាណាតូ។ ជាមជ្ឈមណ្ឌលយោធាដ៏ធំរបស់អាមេរិក កូវ៉ែត មានកងទ័ពអាមេរិកប្រមាណ១ម៉ឺន៣ពាន់នាក់។ ស្របពេលការប្រឈមមុខជាមួយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ អាមេរិកបានបញ្ជូនទ័ពប្រមាណ៣ពាន់៥រយនាក់ទៀត ទៅកូវ៉ែតដែលនៅជាប់អ៊ីរ៉ាក់។ អាកាសយានដ្ឋានអន្តរជាតិកូវ៉ែត ជាទីតាំងចែកចាយភស្តុភារដ៏ធំរបស់អាមេរិកនៅមជ្ឈិមបូព៌ា។
អារ៉ាប៊ីសាអូឌីត
យោធាអាមេរិកក្នុងមូលដ្ឋានអាកាស Prince Sultan របស់អារ៉ាប៊ីសាអូឌីត។ រូបភាព AFP
កងទ័ពអាមេរិកនៅអារ៉ាប៊ីសាអូឌីត ត្រូវគេជឿថា មានប្រមាណបីពាន់នាក់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Newsweek ។ អារ៉ាប៊ីសាអូឌីត ជាទីតាំងដ៏សំខាន់របស់កងទ័ពអាមេរិកអំឡុងសង្គ្រាមឈូងសមុទ្រ និងសង្គ្រាមនៅអ៊ីរ៉ាក់។ អារ៉ាប៊ីសាអូឌីត ជាសត្រូវចាស់របស់អ៊ីរ៉ង់ក្នុងការប្រជែងឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា។
បារ៉ែន
នាវាចម្បាំងអាមេរិកក្នុងបន្ទាយនៅបារ៉ែន។ រូបភាព AFP
បារ៉ែនដែលនៅមិនឆ្ងាយពីអ៊ីរ៉ង់ ក៏មានទ័ពអាមេរិកដែរ។ អាមេរិក បានពង្រាយទ័ពនៅប្រទេសកោះមួយនេះតាំងពីសង្គ្រាមលោកលើកទីពីរមក ខណៈបារ៉ែនដែលជាប្រទេសកាន់និយាយស៊ូនីនោះ ក៏បារម្ភពីឥទ្ធិពលអ៊ីរ៉ង់ដែលប្រតិបត្តិនិកាយស៊ីអ៊ីត។ បារ៉ែន ជាមូលដ្ឋានកងនាវាចរណ៍ទី៥ និងជាមូលដ្ឋានរបស់កងទ័ពជើងទឹកចំណុះទីបញ្ជាការតំបន់កណ្ដាលផងដែរ។ ទ័ពអាមេរិកប្រមាណ៧ពាន់នាក់ ត្រូវបានពង្រាយនៅទូទាំងបារ៉ែន។
កាតា
បន្ទាយ Al Udeid នៅកាតា។ រូបភាព AFP
មូលដ្ឋានទ័ពអាកាស Al Udeid នៅកាតាដែលជាប្រទេសតូចសម្បូរលុយនៅជាប់អារ៉ាប៊ីសាអូឌីត ជាមូលដ្ឋានយោធាអាមេរិកធំជាងគេនៅមជ្ឈិមបូព៌ា។ ទ័ពអាមេរិកប្រមាណ១ម៉ឺន៣ពាន់នាក់ ត្រូវបានពង្រាយនៅទីនោះ។ Al Udeid ជាមូលដ្ឋានរបស់កងទ័ពអាកាសនៃទីបញ្ជាការតំបន់កណ្ដាល។ ខុសពីប្រទេសជិតខាងខ្លួន កាតាមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។
អេមីរ៉ាត់អារ៉ាប់រួម
យោធាអាមេរិក និងអេមីរ៉ាតអារ៉ាប់រួមក្នុងសមយុទ្ធមួយនៅទឹកដីអេមីរ៉ាតអារ៉ាប់រួមនាពេលកន្លងមក។ រូបភាព MENAFN
អេមីរ៉ាត់អារ៉ាប់រួម មានយោធាអាមេរិកប្រមាណ៥ពាន់នាក់។ ករណីវាយប្រហារលើនាវាដឹកប្រេងប្រទេសនេះនាពេលកន្លងមក ត្រូវអាមេរិកដាក់ការសង្ស័យលើអ៊ីរ៉ង់។
ហ្ស៊កដានី
យន្តហោះចម្បាំងអាមេរិកក្នុងមូលដ្ឋានមួយកន្លែងនៅហ្ស៊កដានី។ រូបភាព AFP
ហ្ស៊កដានី ជាម្ចាស់ផ្ទះទាហានអាមេរិកប្រហែល៣ពាន់នាក់ ដែលបម្រើកាសក្នុងសម្ព័ន្ធមិត្តចម្រុះប្រឆាំងក្រុមរដ្ឋឥស្លាម។ ហ្ស៊កដានី មានព្រំដែននៅជាប់អ៊ីរ៉ាក់តែម្ដង។ ប្រទេសនេះ ត្រូវបានមើលឃើញថា មានជំហរកណ្ដាលក្នុងជម្លោះនៅមជ្ឈិមបូព៌ា ទោះមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយអាមេរិកក្ដី។
អូម៉ង់
មូលដ្ឋានកងទ័ពមួយកន្លែងនៅអូម៉ង់។ រូបភាព Twitter
អូម៉ង់ ជាប្រទេសដែលមានអព្យាក្រឹតជាងគេក្នុងតំបន់ ហើយមានទំនាក់ទំនងល្អប្រសើរជាមួយទីក្រុងតេហេរ៉ង់។ ពេលខ្លះ អូម៉ង់ ដើរតួជាអ្នកសម្របសម្រួលក្នុងការកិច្ចការជាមួយអ៊ីរ៉ង់ផងដែរ។ ទោះជាយ៉ាងណា ប្រទេសនេះ បានអនុញ្ញាតឲ្យយោធាអាមេរិកប្រើប្រាស់ទឹកដីខ្លួនតាំងពីឆ្នាំ១៩៨០ មក ហើយសព្វថ្ងៃ យោធាអាមេរិកប្រមាណ៦រយនាក់ ឈរជើងនៅអូម៉ង់។
អាហ្វហ្គានីស្ថាន
យន្តហោះអាមេរិកក្នុងបន្ទាយ Bagram នៅអាហ្វហ្គានីស្ថាន។ រូបភាព AFP
ក្រោយព្រឹត្តការណ៍ថ្ងៃទី១១ ខែកញ្ញា អាមេរិក បានពង្រឹងវត្តមានខ្លាំងនៅមជ្ឈិមបូព៌ា ពិសេសនៅអាហ្វហ្គានីស្ថាន។ អាមេរិក មានទ័ពប្រមាណជិត១ម៉ឺន៤ពាន់នាក់នៅអាហ្វហ្គានីស្ថានដែលនៅជាប់អ៊ីរ៉ង់តែម្ដង។ សព្វថ្ងៃ វ៉ាស៊ីនតោន កំពុងចរចាជាមួយក្រុមតាលីបង់ដើម្បីកាត់បន្ថយចំនួនទ័ពឲ្យបានពាក់កណ្ដាល។
តួកគី
មូលដ្ឋានទ័ពអាមេរិក Incirlik នៅតួកគី។ រូបភាព AFP
ព្រំដែនខាងលិចរបស់អ៊ីរ៉ង់ ជាប់តួកគី។ នៅតួកគី អាមេរិកមានយោធាប្រមាណ២ពាន់នាក់នៅបន្ទាយអាកាស Incirlik ។ បន្ទាយនេះ ក៏ជាទីតាំងឃ្លាំងស្ដុកនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ ប៉ុន្តែតួកគី មិនយល់ស្របគោលនយោបាយអាមេរិកលើអ៊ីរ៉ង់ឡើយ។
ស៊ីរី
ទីតាំងទ័ពអាមេរិកមួយកន្លែងនៅស៊ីរី។ រូបភាព Sol International
អាមេរិក ក៏មានទ័ពនៅស៊ីរី ដែលនៅមិនឆ្ងាយពីអ៊ីរ៉ង់ដែរ។ ទាហានអាមេរិកនៅស៊ីរី ជាផ្នែកនៃក្រុមចម្រុះអន្តរជាតិប្រឆាំងក្រុមរដ្ឋឥស្លាម។ នៅស៊ីរី អាមេរិកមានកងទ័ពប្រមាណ៨រយនាក់ ក្រោយបានដកទៅវិញខ្លះកាលឆ្នាំ២០១៩ ៕