ការរលាករ៉ាំរ៉ៃក្នុងរាងកាយផ្សារភ្ជាប់នឹងជំងឺគួរឱ្យព្រួយបារម្ភជាច្រើនរួមបញ្ចូលទាំងជំងឺបេះដូង ជំងឺហឺត ជំងឺរលាកពោះវៀន ជំងឺមហារីក និងជំងឺទឹកនោមផ្អែមដែលតម្រូវឱ្យមានការផ្លាស់ប្ដូររបបអាហារនិងរបៀបរបបរស់នៅដើម្បីចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាកុំបារម្ភ! អាហារមួយចំនួនអាចទប់ស្កាត់ការរលាកក្នុងរាងកាយបានយ៉ាងប្រសើរ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក ៖
១. បន្លែបៃតង
មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដូចជាសារធាតុ flavonoids ដែលប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ។
២. ប្ល៊ូបឺរី
ជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ម្យ៉ាងវិញទៀត Quercetin ជាសារធាតុ flavonoid ដែលមិនត្រឹមតែបញ្ឈប់ការរលាកក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។
៣. ម្នាស់
មានផ្ទុកសារធាតុ quercetin និង bromelain ដែលសុទ្ធតែជួយប្រយុទ្ធប្រឆាំងនឹងការរលាក។ Bromelain ក៏ជួយក្នុងការរំលាយអាហារ ទប់ស្កាត់បញ្ហាកកឈាម និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។
៤. ត្រីសាលម៉ុន
ត្រីសាលម៉ុនមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចប្រយុទ្ធប្រឆាំងការរលាកនិងកម្ចាត់ហានិភ័យនៃជំងឺដែលបង្កឡើងដោយសារការរលាករ៉ាំរ៉ៃផ្សេងទៀតរួមមានជំងឺមហារីក ជំងឺរលាកសន្លាក់ និងជំងឺបេះដូង។
៥. គ្រាប់វាល់ណឺត
ជាប្រភពដ៏បំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលទប់ស្កាត់ការរលាកដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺស្ទះសរសៃឈាមជាដើម។
៦. ប្រេងដូង
មានផ្ទុកខ្លាញ់ល្អ lipids ដែលទប់ស្កាត់ការរលាកក្នុងរាងកាយនិងជំងឺរលាកសន្លាក់។
៧. គ្រាប់ជី
ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអូមេហ្កា ៦ ដែលគួរមានតុល្យភាពក្នុងរាងកាយដើម្បីទប់ស្កាត់ការរលាកនិងគ្រប់គ្រងកម្រិតនៃកូឡស្តេរ៉ូល ក៏ដូចជាសម្ពាធឈាម។
៨. រមៀត
មានផ្ទុកសារធាតុ curcumin ដែលទប់ស្កាត់ការរលាកបានយ៉ាងប្រសើរ។
៩. ខ្ញី
មានលក្ខណៈសម្បត្តិកាត់បន្ថយការរលាកក្នុងរាងកាយនិងថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។
១០. សណ្ដែកសៀង
មានផ្ទុកសារធាតុ isoflavones ដែលជួយទប់ស្កាត់ការរលាកជាពិសេសចំពោះស្ត្រី។
សម្គាល់៖ ក្រៅពីរួមបញ្ចូលអាហារខាងលើក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ អ្នកក៏គួរចៀសវាងអាហារមួយចំនួនដែលបង្កការរលាកក្នុងរាងកាយរួមបញ្ចូលទាំងអាហារចៀនបំពង សាច់កែច្នៃ និងភេសជ្ជៈកំប៉ុងផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh