ការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍អ៊ុយក្រែន ទំនងមិនមែនមកពីបញ្ហាបច្ចេកទេសដូចការការវាយតម្លៃដំបូងឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ដែលទទួលបានព័ត៌មានពីប្រភពចារកម្មរៀងៗខ្លួន បានអះអាងដូចគ្នា យន្តហោះរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលរបស់អ៊ីរ៉ង់។ កាសែតអាមេរិក The New York Times នៅថ្ងៃទី៩ ខែមករា ក៏បញ្ចេញវីដេអូយន្តហោះត្រូវមីស៊ីលបាញ់ផងដែរ។
យន្តហោះរបស់អាកាសចរណ៍អ៊ុយក្រែនជើងហោះហើរ PS752 បានធ្លាក់ចុះដល់ដីជាមួយភ្លើងឆេះសន្ធោសន្ធៅបន្ទាប់ពីចាកចេញពីព្រលានយន្តហោះទីក្រុងតេហេរ៉ង់មិនបានប៉ុន្មាននាទីផងនោះ។ ហេតុការណ៍ថ្ងៃទី៨ ខែមករា បានសម្លាប់មនុស្សនៅលើយន្តហោះទាំងអស់។ ការសន្និដ្ឋានរបស់អ៊ីរ៉ង់ គឺយន្តហោះមានបញ្ហាបច្ចេកទេស ប៉ុន្តែការសង្ស័យក៏កើនឡើង។ ពោល គឺមិនបញ្ហាបច្ចេកទេសឡើយ តែយន្តហោះនោះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលអ៊ីរ៉ង់តែម្ដង។
កាណដាដែលមានជនជាតិខ្លួន៦៣នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍នេះ បានទាមទាររកការពិត។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បានចង្អុលមុខអ៊ីរ៉ង់ឲ្យទទួលខុសត្រូវ។ លោក ទ្រូដូ ដែលទទួលបានព័ត៌មានពីប្រភពចារកម្មកាណាដា និងរបស់សម្ព័ន្ធមិត្តផ្សេងទៀត និយាយថា យន្តហោះដឹកអ្នកដំណើរនេះ ទំនងត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ់ពីផ្ទៃដីទៅលើអាកាសរបស់អ៊ីរ៉ង់។ ប៉ុន្តែលោកបញ្ជាក់ថា ការបាញ់នេះអាចជារឿងចៃដន្យប៉ុណ្ណោះ។
«យើងដឹងថា អាចជារឿងអចេតនា។ កាណាដាមានសំណួរ ហើយក៏សកិ្តសមទទួលចម្លើយដែរ។» នេះជាការបញ្ជាក់របស់លោក ទ្រូដូ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែមករា ដែលបន្តថា កាណាដា ចង់បានការស៊ើបអង្កេតឲ្យច្បាស់ មានតម្លាភាព និងយុត្តិធម៌។
ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកាណាដា ត្រូវបានគាំទ្រដោយមេដឹកនាំអង់គ្លេស និងអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន និយាយថា លោកមានព័ត៌មានក្នុងដៃដែលចង្អុលទៅរកមីស៊ីលរបស់អ៊ីរ៉ង់ដែលធ្វើឲ្យយន្តហោះអ៊ុយក្រែនធ្លាក់។ ដូចសមភាគីកាណាដាដែរ ប្រមុខរដ្ឋាភិបាលអង់គ្លេសរូបនេះជឿថា ការបាញ់នេះ ជាករណីគ្មានបំណង។ ជនជាតិអង់គ្លេសបីនាក់ ក៏ជាជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ។
ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ ឯណោះវិញ ក៏បានបញ្ចេញមតិលើរឿងនេះដែរ។ ជាការលើកឡើងពីមតិផ្ទាល់ខ្លួន លោក ត្រាំ និយាយបន្ទរថា យន្តហោះដឹកអ្នកដំណើរសំដៅទីក្រុងកៀវនេះ ត្រូវបានបាញ់ដោយមីស៊ីលអ៊ីរ៉ង់ច្រើនជាងមួយគ្រាប់ មុននឹងធ្លាក់ ហើយផ្ទុះសម្លាប់មនុស្សទាំងអស់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ដោយឡែក កាសែតអាមេរិក The New York Times នៅថ្ងៃទី៩ ខែមករា ក៏បានបញ្ចេញវីដេអូមួយដែលបង្ហាញពីសកម្មភាពមីស៊ីលបាញ់ចំយន្តហោះ។ កាសែតនេះ បានប្រៀបធៀបរូបភាព និងអាគារនានាក្នុងវីដេអូ ទៅនឹងស្ថានភាពជាក់ស្ដែង ហើយក៏សន្និដ្ឋានថា យន្តហោះរបស់អាកាសចរណ៍អ៊ុយក្រែន ពិតជាត្រូវបានមីស៊ីលបាញ់ចំមែន។
យ៉ាងណាមិញ អ៊ីរ៉ង់ បានបដិសេធភ្លាមៗការចោទប្រកាន់លើខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៩ ខែមករា មួយថ្ងៃក្រោយកើតហេតុ រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បានស្នើឲ្យនាយករដ្ឋមន្ត្រី ទ្រូដូ ចែករំលែកព័ត៌មានដែលលោកទទួលបាន។ ទីក្រុងតេហេរ៉ង់ ក៏បានអញ្ជើញក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ឲ្យចូលរួមការស៊ើបអង្កេត ព្រមគ្នាអ្នកជំនាញមកពីប្រទេសមានជនរងគ្រោះផងដែរ៕