អន្តរជាតិ
លោក ត្រាំ ថាកិច្ចព្រមព្រៀង​ជាមួយ​ចិន​ដំណាក់កាល​ទី​ពីរ នឹង​ចាប់ផ្តើម​ក្រោយ​ការបោះឆ្នោត​នៅ​អាមេរិក​
10, Jan 2020 , 11:51 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ AFP
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​២​រវាង​ចិន និង​អាមេរិក អាច​ចាប់ផ្តើម​ចរចា​បាន នៅក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៩ ខែមករា​។ ការលើកឡើង​ពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ពីរបែប​នេះ ធ្វើឡើង​មុន​ការចុះហត្ថលេខា​លើក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ ត្រូវគេ​រំពឹងថា អាមេរិក និង​ចិន នឹង​ចុះហត្ថលេខា​នៅ​សប្ដាហ៍​ក្រោយ​។


 
​កន្លងមក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​ប្រកាស​ម្តង​ហើយ​ថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​ភាគី​ចិន និង​អាមេរិក នៅ​ថ្ងៃទី​១៥ ខែមករា​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន លោក Gao Feng បាន​អះអាងថា តំណាង​របស់​ចិន គឺ​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​ចិន​លោក Liu He ដែល​នឹង​ដឹកនាំ​ក្រុម​ប្រតិភូ​ចិន ទៅ​អាមេរិក​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមករា ដើម្បី​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​។ 
 
​ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​ទីមួយ បានទទួល​ជោគជ័យ​មែន កិច្ចការ​បន្ទាប់​របស់​អាមេរិក និង​ចិន គឺជា​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ពីរ​។ យ៉ាងណាក៏ដោយ កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ទី​ពីរ​នេះ នឹង​មិនអាច​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​បានទេ ពោលគឺ​ត្រូវ​រង់ចាំ​រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​រួច​។ 
 
​ទាក់ទិន​ទៅនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ពីរ​នេះ លោក​ត្រាំ បាន​ប្រាប់​អ្នកកាសែត​ថា អាមេរិក នឹង​ចាប់ផ្តើម​កិច្ចព្រមព្រៀង​ជាមួយ​ចិន តែ​មិនមែន​ពេលនេះ​ទេ ហើយ​ភាគី​ទាំងពីរ នឹង​ប្រើប្រាស់​ពេលវេលា​ចរចា​ឲ្យ​កាន់តែ​តិច​បំផុត និង​ល្អ​បំផុត​។ ក្នុងន័យនេះ ការចរចា​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ពីរ នឹង​លេច​វត្តមាន​ឡើង ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ព្រោះ​វា​ជា​ពេល​ដ៏​សាក​សម ដែល​អាចបង្កើត​កិច្ចព្រមព្រៀង​មួយ ឲ្យ​កាន់តែ​ល្អ​ជាង​មុន​។ 
 
​ប៉ុន្តែ​គេ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​ពីរ​នេះ នឹង​ចរចា​លើ​បញ្ហា​អ្វី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ដំណាក់​ទីមួយ ដែល​គ្រោង​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៥ ខែមករា​ខាងមុខនេះ គឺមាន​រាប់​ប​ញ្ជូ​ល ការការពារ​កម្មសិទ្ធិ​បញ្ញា​, អាហារ​, ផលិតផល​កសិកម្ម​, សេវា​ហិរញ្ញវត្ថុ​, ការដោះដូរ​ហិរញ្ញវត្ថុ​បរទេស និង​បទបញ្ញត្តិ​ស្តីពី​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជាដើម​។ បន្ថែម​ពីលើ​នេះ ភាគី​អាមេរិក លោក Robert Lighthizer អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​ចិន បាន​អះអាងថា ចិន​ក៏បាន​យល់​បង្កើន​ការទិញ​ផលិតផល​ពី​អាមេរិក​រហូតដល់ ២០០​ពាន់​លាន​ដុល្លារ​ផងដែរ​។ ប៉ុន្តែ​ភាគី​ចិន មិនទាន់មាន​ប្រតិកម្ម​ណាមួយ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នៅឡើយ​ទេ ៕

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com