ជាតិ
សង្គមជាតិ
មន្រ្តី ពន្យល់ពីការបង្កើតផ្លាកយានយន្តជាអក្សរអង់គ្លេស និងការដាក់ឈ្មោះប្លែកៗ
10, Jan 2020 , 1:37 pm        
រូបភាព
រូបពីបណ្តាសង្គម
រូបពីបណ្តាសង្គម
ស្របពេលក្រសួងសាធារការនិងដឹកជញ្ជូន ដែលមានលោក ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី កំពុងបង្ហាញក្តីរីករាយនិងមោទនភាពក្នុងការបង្កើតផ្លាកយានយន្តពិសេស ដោយភ្ជាប់ជាមួយ QR Code ផងនោះ ក៏មានប្រជាពលរដ្ឋមិនតិចដែរ ដែលរិះគន់និងសើចចំអកតាមបណ្តាញសង្គម ដោយអ្នកខ្លះ សម្តែងការហួសចិត្តថា «សង្គមខ្មែរ អ្វីក៏មានដែរ»។



លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន យល់ថា អ្នករិះគន់និងអ្នកសើចចំអកទាំងនោះ មិនទាន់យល់ច្បាស់ពីការបង្កើតផ្លាកយានយន្តពិសេស។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោក បានបរិយាយយ៉ាងលម្អិត ទុកជាការបំភ្លឺដល់អ្នកទាំងនោះ។

លោក បញ្ជាក់ថា ផ្លាកយានយន្តពិសេស ដែលទើបនឹងបង្កើតនេះ មិនមែនជំនួសផ្លាកយានយន្តចាស់ឡើយ។ លោក បន្តថា អ្នកណា ចង់បន្តប្រើផ្លាកយានយន្តចាស់របស់ខ្លួន ក៏នៅតែបន្តប្រើ ហើយអ្នកណា ចង់កុម្មង់ផ្លាកយានយន្តពិសេស ក៏កុម្មង់ទៅ ដោយគ្មានការបង្ខំនោះទេ។

លោក លើកឡើងពីមូលហេតុសំខាន់ៗ២យ៉ាងនៃការបង្កើតផ្លាកយានយន្តពិសេសថា ទី១ ជាការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីរកចំណូលបន្ថែមចូលរដ្ឋ។ លោក មានប្រសាសន៍ថា ការបង្កើតផ្លាកយានយន្តពិសេស គឺអាចឲ្យប្រជាពលរដ្ឋប្រើសម្រាប់ខ្លួនឯងផ្ទាល់ឬសម្រាប់គ្រួសារពេញមួយជីវិត ឬក៏អាចតកូន-តចៅថែមទៀត។

លោក អះអាងថា ការបង្កើតផ្លាកយានយន្តពិសេស ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ដោយត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ក្រសួង ទទួលបានចំណូលដល់ទៅ៩រយលានរៀល ពីការលក់ផ្លាកយានយន្តពិសេស។ លោក បន្ថែមថា ការបង្កើតផ្លាកយានយន្តពិសេស មិនមែនជារឿងថ្មីនិងប្លែកឡើយ ដោយនៅតាមបណ្តាប្រទេសនានា ដូចជា ថៃ សិង្ហបុរី និង ទីក្រុងហុងកុង ជាដើម ក៏មានដែរ។

ចំពោះការសរសេរផ្លាកយានយន្តជាអក្សរឡាតាំង ដោយមិនសរសេរជាអក្សរខ្មែរ អ្នកនាំពាក្យ ឆ្លើយតបថា ជាទូទៅ នៅតាមបណ្តាប្រទេសនានា ប្រើអក្សរឡាតាំង។ លោក ពន្យល់ទៀតថា ការប្រើជាអក្សរឡាតាំង គឺដើម្បីគេអាចសម្គាល់បាន ពេលប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចូលទៅក្នុងប្រទេសណាមួយ ក្នុងតំបន់អាស៊ាន។

លោក និយាយទៀតថា បើសរសេរជាអក្សរខ្មែរលើផ្លាកយានយន្តនោះ គេ នឹងមិនអាចសម្គាល់ផ្លាកយានយន្តបានឡើយ ពេលប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចូលទៅក្នុងប្រទេសដទៃ ក្នុងតំបន់អាស៊ាន។ យ៉ាងណា លោក ទទួលស្គាល់ថា ថៃ បានប្រើអក្សរជាតិរបស់ខ្លួន លើផ្លាកយានយន្ត តែក្រៅពីថៃ គឺសុទ្ធតែជាអក្សរឡាតាំង។

អ្នកនាំពាក្យ ក៏បានពន្យល់ដែរ ពីចម្ងល់ថា ពេលយានយន្តណាមួយ ដែលមានផ្លាកជាអក្សរឡាតាំង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជនរងគ្រោះឬប្រជាពលរដ្ឋនៅកន្លែងកើតហេតុ មិនចេះអក្សរឡាតាំង តើត្រូវរាយការណ៍ទៅសមត្ថកិច្ចយ៉ាងម៉េច? លោក បកស្រាយដូច្នេះថា៖«ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំគិតថា លែងសំខាន់ហើយឥឡូវហ្នឹង ពីព្រោះទី១ លេខនេះ [ផ្លាកយានយន្ត] សុទ្ធតែមាន QR Code ហើយទី២ ប៉ូលិស ចាប់កាមេរ៉ាសឹងគ្រប់ជ្រុង គ្រប់កន្លែងទាំងអស់ ដូច្នេះមិនអាចគេចទៅណាបានទេ ដូចជាមិនត្រូវបារម្ភទេបញ្ហានេះ»។

ចុះបើគ្រោះថ្នាក់ចរាចរណ៍កើតនៅកន្លែងដែលគ្មានកាមេរ៉ាសុវត្ថិភាព ហើយប្រជាពលរដ្ឋនៅកន្លែងកើតហតុនោះ ក៏មិនចេះអក្សរឡាតាំង តើត្រូវធ្វើដូចម្តេច? អ្នកនាំពាក្យ ឆ្លើយបែបនេះថា៖«ទោះបីយ៉ាងម៉េច ក៏នៅស្គាល់ភិនភាគឡានដែរ ហើយ [ផ្លាកយានយន្តខ្លះ] មានសរសេរលេខចុងក្រោយដែរ»។

លោក ផ្តល់ចម្លើយបន្ថែមទៀតថា៖«ខ្ញុំ យល់ថា ការឆ្ងល់ហ្នឹង ដូចមិនគ្រប់ជ្រុងជ្រោយទេ ព្រោះសមត្ថកិច្ចយើងឥឡូវលឿនណាស់ ក្នុងការតាមដានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឲ្យតែមានបញ្ហាណាមួយ គឺថា សមត្ថកិច្ច តែងតែស្វែងរក ចាប់បានដូចមិនសូវមានចន្លោះទេ...»។  

មន្រ្តីរូបនេះ អធិប្បាយទៀតថា ចំពោះពាក្យអាសអាភាស ពាក្យកំប្លុកកំប្លែង និង ពាក្យបែបលេងសើច ក្រសួង មិនអនុញ្ញាតឲ្យដាក់លើផ្លាកយានយន្តឡើយ។ លោក ប្រាប់ថា ក្រសួងអនុញ្ញាតឲ្យប្រើតែពាក្យថ្លៃថ្នូរប៉ុណ្ណោះ។

២-៣ថ្ងៃហ្នឹង​ នៅលើបណ្តាញសង្គម គេឃើញផ្លាកយានយន្តពិសេស មានឈ្មោះប្លែកៗ និងបែបកំប្លែង ដូចជាពាក្យជា Zin ll ជាដើម ហើយផ្លាកយានយន្តខ្លះទៀត មានពាក្យអាសអាភាស តើក្រសួងចេញឲ្យឬក៏យ៉ាងម៉េច? មន្រ្តីខាងលើ ថ្លែងដូច្នេះថា៖«ពួកគាត់ ចេញមកខំមិន (Common) បង្ហោះផ្តេសផ្តាស អាហ្នឹងជាការមិនយល់ គាត់ចេះតែដាក់អ៊ីចឹងទៅ...អាហ្នឹងគាត់ដាក់ខ្លួនគាត់ គាត់កាត់តខ្លួនឯង ក្រសួង អត់មានគោលការណ៍ដាក់ពាក្យអស់ហ្នឹងទេ ហ្នឹងជាគំនិតអវិជ្ជមាន សម្រាប់ការប្រឹងប្រែងរបស់ក្រសួង គាត់ចេះតែសរសេរផ្តេសផ្តាសអ៊ីចឹងទៅ ឲ្យតែបានប្រឆាំងទៅ តាមពិតមានការគាំទ្រ»។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណៈ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ហើយក៏បានប្រកាសដាក់លក់ផ្លាកយានយន្តពិសេស។ គេ អាចទិញផ្លាកយានយន្តពិសេសនេះ ដោយដាក់ឈ្មោះខ្លួនឯង ឬក៏អាចបន្ថែមតួលេខក៏បានដែរ ដោយតម្លៃ ចាប់ពី២លានរៀលឡើងទៅ។

ក្នុងពិធីប្រកាសដាក់លក់ផ្លាកយានយន្តពិសេស លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្តែងមោទនភាពបែបនេះ៖«...លេខឡានខ្លួនឯង [ផ្លាកយានយន្ត] ចង់បានអីដាក់ទៅ អត់អ្នកណាបង្ខំទេ គឺថាផ្តល់សេរីហ្នឹង វាអស់ហើយ អស្ចារ្យពេកណាស់ ដែល៤១ឆ្នាំមុន  រកបាយទទួលទានមិនបាន ឥឡូវ១ឆ្នាំៗ ៤-៥ម៉ឺនឡាន ដែលមកសុំផ្លាកលេខ ដោយសារសុខសន្តិភាពនេះឯង...»។

វា ជាបរិបថថ្មីៗមួយទៀត សម្រាប់កម្ពុជា ដែលប្រជាពលរដ្ឋ អាចប្រើឈ្មោះខ្លួនឯងលើផ្លាកយានយន្ត។ យ៉ាងណា គេ ក៏កំពុងរង់ចាំមើលផងដែរ ថា ការបង្កើតផ្លាកយានយន្តពិសេសនេះ អាចផ្តល់ប្រយោជន៍ដល់សង្គម ឬក៏បង្កបញ្ហាដល់សង្គម ជាពិសេសចំណោទដែលចោទសួរ ថា បើមានគ្រោះថ្នាក់ចរាចណ៍ណាមួយកើតឡើង នៅកន្លែងដែលគ្មានកាមេរ៉ាសុវត្ថិភាព ហើយប្រជាពលរដ្ឋនៅកន្លែងកើតហេតុ មិនចេះអក្សរឡាតាំង តើនឹងត្រូវដោះស្រាយនិងតាមចាប់យានយន្តនោះ ដោយរបៀបណា?

Tag:
 ប៉ាល់ ចន្ទតារា
  ផ្លាកយានយន្តពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com