អន្តរជាតិ
រដ្ឋធានី​វ៉ាស៊ីនតោន​ផ្តោត​ការត្រួតពិនិត្យ​ខ្លាំង​លើ​តំបន់ Silicon Valley
11, Jan 2020 , 9:19 am        
រូបភាព
រូបឯកសារ៖ សមាជិកសភា​គណបក្សសាធារណរដ្ឋលោកស្រី Zoe Lofgren ថ្លែងនៅវិមាន Capitol Hill នៅ​ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ សមាជិកសភា​គណបក្សសាធារណរដ្ឋលោកស្រី Zoe Lofgren ថ្លែងនៅវិមាន Capitol Hill នៅ​ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
ដោយ: VOA
​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ៖ ២០១៩​គឺជា ឆ្នាំ​ដ៏​រង្គោះរង្គើរ​មួយ​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋធានី​វ៉ាស៊ីនតោន និង​តំបន់ Silicon Valley ហើយ​វា​អាច​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០២០​នេះ​។ សមាជិកសភា​និង​និយ័ត​ករ​នានា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​ត្រួត​ពិនិត្យមើល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​បញ្ហា​ធំៗ​មួយចំនួន​ដូចជា​ការប្រកួតប្រជែង ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​នៅលើ​អ៊ិន​ធឺ​ណិ​ត ដំណើរការ​បំ​ផ្លែង​ទិន្នន័យ ភាពលម្អៀង និង​ការសន្យា​របស់​ពួកគេ​ក្នុងការ​ចាត់វិធានការ​ណ៍​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​

 
​ការខកចិត្ត​ទាំងនេះ​អាច​នឹង​បណ្តាល​ឲ្យ​មានការ​បង្កើត​បទបញ្ញត្តិ​ថ្មីៗ​ដែល​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជា​សកល​ដល់​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់​នៅលើ​អ៊ិន​ធឺ​ណិ​ត​។​
​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ការខឹង​សម្បា​រលើ​តំបន់ Silicon Valley ហាក់ដូចជា​នៅតែ​បន្ត​កើតឡើង​។​
 
​សមាជិក​ព្រឹទ្ធសភា​លោក Richard Blumenthal បាន​ថ្លែងថា​៖
«​មនុស្ស​ខឹងសម្បារ​និង​មានការ​ភ័យខ្លាច​ជាង​ពេលណាៗ​ទាំងអស់​។ ពួកគេ​មិន​ខ្វល់ ថា​តើ​វា​ជា​ច្បាប់​សហព័ន្ធ ឬ​ច្បាប់​រដ្ឋ​នោះទេ​។ ពួកគេ​ចង់​ឲ្យ​មាន​ច្បា​ប‍់​»​។​
 
​ចំណែកឯ​អ្នកស្រី Elizabeth Warren ធ្លាប់បាន​និយាយថា​៖ «​ដល់ពេល​ត្រូវ​បំបែក​ក្រុមហ៊ុន​ធំៗ​ទាំងនេះហើយ ដើម្បី​កុំ​ឲ្យ​ពួកគេ​មានអំណាច​លើ​អ្នកផ្សេង​ខ្លាំងពេក​។ ខ្ញុំ​មាន​ផែនការ​ការពារ​អ្នកប្រើប្រាស់​និង​ការប្រកួត​ប្រ​ជែ​ង‍​»​។​
 
​ឥឡូវនេះ​ក្រុម​បច្ចេកវិទ្យា​កំពុង​រង​ការរិះគន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​ពី​គណបក្ស​សាធារណរដ្ឋ​។ ហើយ​នៅក្នុង​ឆ្នាំ​២០២០​នេះ​នឹង​ទំនង​ជាមាន​សម្ពាធ​កាន់តែខ្លាំង​។​
 
​លោក Carl Guardino នៃ​ក្រុម​ភាពជា​អ្នកដឹកនាំ​នៅ​តំបន់ Silicon Valley បាន​និយាយថា​៖ «​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅពេល​អ្នក​គិត​អំពី​ទំនាក់ទំនង​រវាង​រដ្ឋ​ធានី​នៃ​ប្រទេស និង​រដ្ឋធានី​នៃ​តំបន់​ច្នៃប្រឌិត​នៃ​ពិភពលោក​។ បើទោះបីជា​ទំនាក់ទំនង​នេះ​មិនទាន់​ឈានដល់​ការបែកបាក់​គ្នា​នៅក្នុង​តុលាការ​ក៏ដោយ ក៏​វា​មិនល្អ​ដូច​កាលពីមុន​ដែរ​»​។​
 
​មិន​ត្រឹមតែ​មិនល្អ​ជាមួយគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥឡូវនេះ​ថែមទាំង​មានការ​គំរាមកំហែង​ផាកពិន័យ​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​លើ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ឬ​ការរារាំង​ការប្រកួតប្រជែង​ទៀតផង​។​
 
​ច្បាប់​ថ្មីៗ​ទាំងនេះ​អាចជួយ​ឲ្យ​អ្នកប្រើប្រាស់​អាមេរិកាំង​អាច​គ្រប់គ្រង​ទិន្នន័យ​របស់​ពួកគេ​នៅលើ​អ៊ិន​ធឺ​ណិ​ត​បាន​ផងដែរ​។ ពួកគេ​ក៏​អាចដាក់​កំហិត​លើ​លទ្ធភាព​របស់​ក្រុមហ៊ុន​ក្នុង​ការលក់​ព័ត៌មាន​របស់​អ្នកប្រើប្រាស់ និង​ការផ្សាយពាណិជ្ជកម្ម​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​។​
 
​សភាតំណាងរាស្ត្រ​ប្រចាំ​រដ្ឋ California អ្នកស្រី Zoe Lofgren បាន​ថ្លែងថា​៖
«​មិនមែន​មានតែ​ពលរដ្ឋ​អាមេរិកាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល ដែល​បារម្ភ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅលើ​អ៊ិន​ធឺ​ណិ​ត​។ ខ្ញុំ​គិតថា​យើង​ចាំបាច់​ត្រូវបង្កើត​ច្បាប់​មួយចំនួន​ចំពោះ​បញ្ហា​នេះ​»​។​
 
​អ្នកប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​នៅក្រៅ​ប្រទេស​ក៏​អាច​មើលឃើញ​ពី​ការផ្លាស់ប្តូរ​នេះដែរ ប្រសិនបើ​ពួក​សមាជិកសភា​ធ្វើតាម​ការគំរាមកំហែង​ដោយ​បំបែក​ក្រុមហ៊ុន​ធំៗ​ទាំងនេះ​ដូចជា​ក្រុមហ៊ុន Facebook ជាដើម ដោយ​ធ្វើការ​ផ្លាស់ប្តូរ​កម្មវិធី​នានា​របស់​ក្រុមហ៊ុន​នេះ​ដែល​កំពុង​ពេញនិយម ដូចជា​កម្មវិធី Instagram ទៅជា​ក្រុមហ៊ុន​ប្រកួតប្រជែង​ដាច់ដោយឡែក​មួយ​។​
 
​អ្នកស្រី Sally Hubbard​នៃ​វិទ្យា​ន​ស្ថាន​ទីផ្សារ​បើកទូលាយ​ឬ Open Markets បាន​ថ្លែងថា​៖ «​នេះ​គឺជា​បញ្ហា​សកលលោក​។ ទាំងនេះ​គឺជា​បញ្ហា​នៃ​ភាពផ្តាច់មុខ​ជាស​កល​។ ខ្ញុំ​គិតថា មនុស្ស​ទូទៅ​ចង់​ឲ្យ​អាមេរិក​ដើរតួនាទី​ជា​អ្នកដឹកនាំ​ដើម្បី​បញ្ឈប់​បញ្ហា​ទាំងនេះ​នៅក្នុង​ក្រុមហ៊ុន​ផ្ទាល់​របស់​ពួកគេ​»​។​
 
​លោក Garrett Johnson នាយក​ប្រតិបត្តិ​អង្គការ Lincoln Network បាន​ថ្លែងថា​៖
​​«​រដ្ឋធានី​វ៉ាស៊ីនតោន​ឥឡូវនេះ​កំពុង​ភ្ញាក់ផ្អើល​អំពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​បច្ចេកវិទ្យា​ទៅលើ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច ហើយ​តំបន់ Silicon Valley ក៏​កំពុង​ភ្ញាក់ផ្អើល ចំពោះ​ផលប៉ះពាល់​សង្គម​ដែល​ខ្លួន​បាន​បង្កឡើង មិន​ត្រឹមតែ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទៅលើ​សេដ្ឋកិច្ច​និង​ការងារ​ផងដែរ​។ ការប៉ះទង្គិច​កំពុង​កើតឡើង ហើយ​គេ​កត់សម្គាល់​ឃើញថា​វា​កើតឡើង​កាន់តែខ្លាំង​ឡើងៗ​​»​។​
 
​ស្របពេល​ជាមួយគ្នានេះ​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​ត្រួតពិនិត្យ​តំបន់ Silicon Valley ដោយមាន​ការបារម្ភ​កាន់តែខ្លាំង​ពាក់ព័ន្ធ​នឹង​ការពង្រីក​តួនាទី​របស់​ចិន​នៅក្នុង​វិស័យ​ទំនាក់​ទំនងជា​សកល​ដ៏​ជឿនលឿន និង​ថា​តើ​ប្រទេស​ផ្តាច់ការ​នេះ​អាច​ទុកចិត្តបាន​ដែរឬទេ ចំពោះ​ការរក្សា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នោះ​។​
 
​លោក Larry Diamond នៃ​វិទ្យាស្ថាន Hoover បាន​ថ្លែងថា​៖ «​ប្រសិនបើ​ក្រុមហ៊ុន Huawei ឬ​ក្រុមហ៊ុន​ចិន​ផ្សេងទៀត​មានលទ្ធភាព​បង្កើត ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​ផ្សេងទៀត ទីក្រុង​ផ្សេងទៀត និង​កន្លែង​ផ្សេងទៀត​នៅក្នុង​ពិភពលោក នោះ​អ្នក​ត្រូវតែ​ជឿថា​ការណ៍​នេះ​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន Huawei អាច​ផ្ទេរ​ទិន្នន័យ​ទាំងអស់​ត្រឡប់​ទៅ​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ​ធំៗ​នៅក្នុង​ប្រទេស​ចិន​វិញ​»​។​
 
​តើ​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​បំបែក​ក្រុមហ៊ុន Facebook ដែរឬទេ​? ឬ​តើ​នឹងដាក់​បទបញ្ញត្តិ​តឹងរឹង​លើ​ទិន្ន័យ​អ្នកប្រើប្រាស់​ដែរឬទេ​? តើ​ការប្រកួត​ជា​សកល​ជាមួយនឹង​ប្រទេស​ចិន​នឹង​ធ្វើឡើង​តាមរបៀប​ណា​? ចម្លើយ​ទំនងជា​នឹងត្រូវ​បង្ហាញ​តាមរយៈ​ទំនាក់ទំនង​ប្រចាំថ្ងៃ​សម្រាប់​អ្នកប្រើប្រាស់​ប្រមាណ​៥​ពាន់​លាន​នាក់​ក្នុង​ពិភពលោក​ដែល​ត្រូវបាន​ប៉ាន់​ស្មាន់ថា​នឹង​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​នៅ​ឆ្នាំ​២០២០​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com