ជាតិ
ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ សាងសង់​បាន​ជិត​៤០%​ហើយ​
11, Jan 2020 , 8:29 am        
រូបភាព
(គ្រឿងចក្រកំពុងជីកដី ធ្វើផ្លូវក្រោមដី នៅក្នងគម្រោងផ្លូវ និងស្ពានអាកាសរង្វង់មូលចោមចៅ)
(គ្រឿងចក្រកំពុងជីកដី ធ្វើផ្លូវក្រោមដី នៅក្នងគម្រោងផ្លូវ និងស្ពានអាកាសរង្វង់មូលចោមចៅ)
ដោយ: ថ្មីៗ
​គិត​មកទល់ពេលនេះ ការស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រេចបាន​ប្រមាណ ៣៧ ភាគរយ​ហើយ​។ នេះ​បើតាម​គេហទំព័រ​របស់​ក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន​។​

 
​តាម​ប្រភព​ដដែល លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ការសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ សម្រេចបាន​ប្រមាណ​៣៧ ភាគរយ​ហើយ ដោយ​ក្រុមការងារ កំពុង​ធ្វើ​គ្រឹះ​ក្រោម សម្រុក​ជីក​ផ្លូវ​ក្រោម​ដី និង​ចាក់​សសរស្ពាន​ជាដើម​។ 
 
​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC)​។ គម្រោង​នេះ នឹង​ចំណាយ​សាងសង់​ក្នុង​រយៈពេល​៣០​ខែ និង​គ្រោង​ចំណាយ​ថវិកា​សាងសង់​ចំនួន ២២ លាន​ដុល្លារ​អាមេរិក​។​
 
​បើតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ការសាងសង់​ស្ពាន​នេះ​ត្រូវបាន​បែងចែក​ជា ៣ ផ្នែក​គឺ​៖
•​ ​ស្ពាន​ទី​១ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ដែលមាន​ចរាចរណ៍​ពីរ​គន្លង​ទៅ និង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤.៥ ម៉ែត្រ និង​មាន​កម្ពស់​អតិបរិមា​៥.៥ ម៉ែត្រ​។​
 
•​ ​ស្ពាន​ទី​២ បំបែក​ចេញពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង ត​ភ្ជាប់​ចរាចរណ៍​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់​ផ្លូវ​វេ​ង​ស្រេង សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប ២០២ ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង ៤០ ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ៤៤ ម៉ែត្រ​) ទទឹង ៥.២៥ ម៉ែត្រ​។​
 
•​ ​ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦ ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង ៦០ ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ២៨ ម៉ែត្រ​) ទទឹង ៥.២៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០ ម៉ែត្រ (​ផ្លូវ​ក្រោម​ដី​ប្រវែង ១៣ ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ១១៧ ម៉ែត្រ​) ទទឹង ៨.៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​
 
​ផ្លូវ​លើ​ផ្ទៃដី ជា​ផ្លូវ​មេ ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​
 
​គួរ​បញ្ជាក់ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវការ នៅ​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០១៨ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com