កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ កូរ៉េខាងត្បូង ឈ្នះ​ចិន​ចុង​ម៉ោង ឯ​ជប៉ុន ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត​
10, Jan 2020 , 3:12 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​អាយុ​ក្រោម​២៣​ឆ្នាំ បាន​យកឈ្នះ​ចិន ក្នុង​លទ្ធផល ១-០ ក្នុងជំនួប​បើកឆាក​ពូ​ល C នៃ​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី AFC U23 Championship ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៩ ខែមករា​។ ជប៉ុន បាន​ខក​ឱកាស​ទទួលបាន​៣​ពិន្ទុ​នៅ​ជំនួប​ដំបូង​ពូ​ល B ក្រោយ​ចាញ់​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ២-១​។​


 
​ខ្សែបម្រើ Dong-Jun Lee ជា​អ្នក​ស៊ុតបាល់​ជ័យជម្នះ​ឲ្យ​កូរ៉េខាងត្បូង​នៅ​នាទី​៩០ ដែលជា​ការទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​ដំបូង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C​។ បរាជ័យ​របស់​ចិន បានធ្វើ​ឲ្យ​ពួកគេ​ស្ថិតនៅ​បាត​តារាង ខណៈ អ៊ីរ៉ង់​ដែល​ប្រកួត​ស្មើ​ជាមួយ​ម្ចាស់​ជើងឯក​ចាស់​អ៊ូ​ស​បេ​គី​ស្ថាន ១-១ ទទួលបាន​១​ពិន្ទុ​ម្នាក់ និង​ឈរ​នៅ​លេខ​រៀង​ទី​២ និង​ទី​៣​។ ការប្រកួត​លើក​ទី​ពីរ អ៊ីរ៉ង់​ត្រូវ​តទល់​ជាមួយ​កូរ៉េខាងត្បូង ហើយ​ចិន ជួប​អ៊ូ​ស​បេ​គី​ស្ថាន​។​


 
​មិន​ត្រឹមតែ​ចិន​ទេ​ដែល​ខកចិត្ត​មិនបាន​ពិន្ទុ​អ្វី​សោះ​នៅ​ជំនួប​ដំបូង សម្រាប់​ព្រឹត្តិ​កាណ៍​តំបន់​អាស៊ី ឆ្នាំ ២០២០ ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​នេះ​។ ជប៉ុន​ក៏​ទទួល​បរាជ័យ​ផងដែរ ក្រោយ​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​លទ្ធផល ២-១ ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពូ​ល B​។ 
 
​ខ្សែបម្រើ Ayman Al-Khalif ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​មុន​នៅ​នាទី​៤៨ នៃ​វគ្គ​ទី​២ មុនពេល​ខ្សែប្រយុទ្ធ Ryotaro Meshino ដែលជា​សមាជិក​ក្រុម Manchester City ស៊ុត​តាម​ស្មើ​ឲ្យ​ជប៉ុន​វិញ​នៅ​៨​នាទី​បន្ទាប់​។ យ៉ាង​ក៏ដោយ នៅ​នាទី​៨៨ ខ្សែប្រយុទ្ធ Abdulrahman Ghareeb ទទួលបាន​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី និង​ទាត់​បញ្ចូល​ទី​សម្រេច​គ្រាប់​ទី​២ ដើម្បី​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ឈ្នះ​ជប៉ុន ២-១​។​
  
 
​អា​រ៉ា​ប៊ី​សា​អូឌីត ឡើងឈរ​កំពូល​តារាង​ពូ​ល B បណ្តោះអាសន្ន​មាន​៣​ពិន្ទុ ខណៈ​ស៊ី​រី និង​កាតា​នៅ​លេខ​រៀង​បន្តបន្ទាប់​ក្រោយ​ក្រុម​ទាំងពីរ​ប្រកួត​ស្មើគ្នា ២-២ និង​ទទួលបាន​ម្នាក់​មួយ​ពិន្ទុ​។ ជប៉ុន​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។ ជំនួប​បន្ទាប់ អា​រ៉ា​ប៊ី​សា​អូឌីត​ជួប​កាតា រីឯ​ស៊ី​រី​ប៉ះ​ជប៉ុន​៕



Tag:
 AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com