អន្តរជាតិ
បន្ទាប់ពីប្រឈមមុខដាក់គ្នាមួយរយៈខ្លី នាវាចិនចាកចេញពីដែនទឹកឥណ្ឌូណេស៊ីវិញ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចុះទៅមើលស្ថានការណ៍នៅតំបន់ប្រជុំកោះណាទុណា។ រូបភាព៖ AFP
× យោធាឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែមករា បានអះអាងថា ទូកនេសាទ និងនាវាយាមល្បាតចិន បានចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនហើយ។ ការដកចេញនេះ ទំនងជាអាចបណ្តាលមកពីការចរចារវាងប្រទេសទាំងពីរបានទទួលជោគជ័យ ឬបណ្តាលមកពីការពង្រាយកម្លាំងយោធាដ៏ច្រើនសន្ធឹករបស់ឥណ្ឌូណេស៊ីនៅតាមតំបន់ប្រជុំកោះណាទុណា។
វត្តមានរបស់ទូកនាសាទ និងនាវាយាមល្បាតចិន មានតាំងពីខែធ្នូ ឆ្នាំ ២០១៩ នៅតំបន់ភាគខាងជើងកោះណាទុណា ដែលតំបន់សេដ្ឋកិច្ចផ្តាច់មុខមួយរបស់ឥណ្ឌូណេស៊ី។ ដើម្បីតតាំងនឹងស្ថានការណ៍នេះ ទីក្រុងហ្សាការតា បានបញ្ជូននាវាចម្បាំងចំនួន ៨គ្រឿង និងយន្តហោះចម្បាំងបួនគ្រឿង ដើម្បីទៅឃ្លាំមើលសកម្មភាពទូកនេសាទ និងនាវាយាមល្បាតចិននៅក្នុងតំបន់ប្រជុំកោះណាទុណា។
យ៉ាងណាក៏ដោយស្ថានការណ៍បានប្រែទៅជាធម្មតាវិញ បន្ទាប់ពីទូកនេសាទ និងនាវាយាមល្បាតចិន ដកទ័ពចេញពីតំបន់ប្រជុំកោះណាទុណា។ បើតាមឧត្តមនាវីឯកឥណ្ឌូណេស៊ី Yudo Margono បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទូកនេសាទចិន ចេញអស់ហើយ។ ពួកគេចាកចេញពីតំបន់ណាទុណា និងកំពុងឆ្ពោះទៅភាគខាងជើង»។ បន្ថែមពីលើនេះ លោក Margono បានបញ្ជាក់ទៀតថា ទូកយាមល្បាតចិនឯណោះវិញ ក៏បានចាកចេញដូចគ្នា និងកំពុងឆ្ពោះទៅម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
បើទោះបីជាទូកនេសាទ និងនាវាយាមល្បាតចិនដកទៅអស់ក៏ពិតមែន ប៉ុន្តែឥណ្ឌូណេស៊ី នឹងដាក់នាវាយាមល្បាតខ្លះ និងយន្តហោះស៊ើបអង្កេត ដើម្បីពិនិត្យមើលដែនទឹកផ្សេងៗ នៅក្នុងប្រជុំកោះណាទុណា និងតំបន់ដែនទឹកផ្សេងទៀត។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក៏បានលើកឡើងថា តំបន់ប្រជុំកោះណាទុណា គឺជាកម្មសិទ្ធិរបស់ឥណ្ឌូណេស៊ី ហើយប្រទេសផ្សេង មិនអាចយកអំណះអំណាងណាមួយមកបញ្ជាក់ថា តំបន់ដែនទឹកជារបស់ខ្លួនបានឡើយ។
សូមបញ្ជាក់ថា ចិន និងឥណ្ឌូណេស៊ី មានជម្លោះលើប្រជុំកោះណាទុណាតាំងពីឆ្នាំ ២០០៦ មកម្លេះ។ តាមការអះអាងរបស់ឥណ្ឌូណេស៊ី ប្រជុំកោះណាទុណា គឺជាដែនទឹករបស់ខ្លួន ដោយផ្អែកទៅលើច្បាប់សមុទ្រអន្តរជាតិឆ្នាំ ១៩៨២ (UNCLOS) ៕
© រក្សាសិទ្ធិដោយ thmeythmey.com