លោក ហេង សួរ​៖ ខេត្ត​ព្រះសីហនុ មានការ​ងារ​ជិត​២​ម៉ឺនកន្លែង សម្រាប់​អ្នក​បាត់បង់​ការងារ​ពី​កាស៊ីណូ
ជាតិ
សេដ្ឋកិច្ច
លោក ហេង សួរ​៖ ខេត្ត​ព្រះសីហនុ មានការ​ងារ​ជិត​២​ម៉ឺនកន្លែង សម្រាប់​អ្នក​បាត់បង់​ការងារ​ពី​កាស៊ីណូ
10, Jan 2020 , 7:39 pm        
រូបភាព
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ (រូបភាពក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ (រូបភាពក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ការបញ្ឈប់​ល្បែង​អន​ឡាញ បណ្តាល​ឲ្យ​កាស៊ីណូ​ជាង​៦០ ត្រូវ​បិទទ្វារ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ធ្វើ​ឲ្យ​បុគ្គលិក​ជាង​៨​ពាន់​នាក់ បាត់បង់​ការងារ​។ លោក អះអាងថា ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​២ ដែលមាន​ការងារ​ជាង​២​ម៉ឺន​កន្លែង​សម្រាប់​អ្នក​បាត់បង់​ការងារ​ពី​កាស៊ីណូ​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ លោក ហេង សួរ លើកឡើងថា មានតែ​នៅ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​បុគ្គលិក​បាត់បង់​ការងារ ពី​ការបិទ​កាស៊ីណូ​ជា​បន្តបន្ទាប់​មកនេះ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ជាង​៦០​កាស៊ីណូ​ប ដែល​បិទ​នៅ​ព្រះសីហនុ ធ្វើ​ឲ្យ​និយោជិត​ជាង​៨​ពាន់​នាក់ បាត់​បង់ការ​។ រីឯ​នៅ​ខាង​ប៉ោយប៉ែត បាវិត នៅ​ដំណើរ​ការធម្មតា មិនមាន​ការកាត់បន្ថយ​ចំនួន​បុគ្គ​លិ​នោះទេ​»​។ 
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ អះអាងថា នៅមាន​ការងារ​ជិត​២​ម៉ឺន​កន្លែង​នៅ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ សម្រាប់​អ្នក​បាត់បង់​ការងារ​ពី​កាស៊ីណូ​។ លោក និយាយ​បែបនេះ​ថា​៖«​ឱកាស​ការងារ​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​២ នៅ​ខេត្ត​ព្រះសីហនុ​មាន​រហូតដល់​ជិត​២​ម៉ឺន​កន្លែង ប្រសិនបើ​បងប្អូន​ចាប់អារម្មណ៍​រក​ការងារ​ថ្មី គឺ​មិនមាន​ការខ្វះខាត​ការងារ​ឡើយ សម្រាប់​៨​ពាន់​នាក់​ដែល​បាត់បង់​ការងារ​។ ការងារ​ជាង​២​ម៉ឺន​កន្លែង​នេះ គឺជា​ប្រភេទ​ការងាររដ្ឋបាល និង​ជា​កម្មករ​ក្នុង​រោងចក្រ​ជាដើម​»​។ 
 
​លោក រស់ ភីរុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ក្រសួង​សេដ្ឋកិច្ច ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ឆ្នាំ​២០១៩ ក្រសួង ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​កាស៊ីណូ​២១៨ ហើយ​ក្រសួង​បាន​ចុះបញ្ជី​ឲ្យ​១៨៣​កាស៊ីណូ ប៉ុន្តែ​ដំណើរការបាន​១៣៦​កាស៊ីណូ​។ លោក បន្តថា ក្រសួង ប្រមូល​ពន្ធ​បាន​៨០​លាន​ដុល្លារ​ពី​កាស៊ីណូ ក្នុង​ឆ្នាំ​២០១៩​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក រស់ ភីរុណ កាស៊ីណូ​នៅ​កម្ពុជា​មានការ​ថយចុះ​គ្រប់​តំបន់ លើកលែងតែ​រាជធានី​ភ្នំពេញ​។ លោក បង្ហាញ​តួលេខ​ថា ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​១០៨​កន្លែង នៅសល់​៥៦​កន្លែង​, ព្រំដែន​វៀតណាម​៣៧​កន្លែង នៅសល់​២៤​កន្លែង​, បាវិត​១៧​កន្លែង នៅសល់​១២​កន្លែង​, ព្រំដែន​ថៃ​២២​កន្លែង នៅសល់​១២​កន្លែង ហើយ​នៅ​តំបន់​ប៉ោយប៉ែត​២៥​កន្លែង នៅសល់​១៤​កន្លែង​។ លោក អះអាងថា នៅមាន​ចំនួន​កាស៊ីណូ​ថយចុះ​ជា​បន្តបន្ទាប់​ទៀត​៕ 

Tag:
 កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com