កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton បរិច្ចាគ​៥០​ម៉ឺន​ដុល្លារ ដើម្បី​សង្គ្រោះ​សត្វ​ក្នុង​ហេតុ​ការ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​
10, Jan 2020 , 8:19 pm        
រូបភាព
​កំពូល​អ្នក​ប្រណាំង​រថយន្ត Formula One លំដាប់​ពិភពលោក Lewis Hamilton នៅ​ថ្ងៃទី​៩ ខែមករា ថា​នឹង​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​សម្រួល​ដល់​ការជួយ​សង្គ្រោះ សត្វព្រៃ​ដែល​ស្ថិតក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​។​


 
​ម្ចាស់​ជើងឯក​ពិភពលោក F1 ៦ សម័យកាល ជា​អ្នក​ចូលចិត្ត​រស់នៅ​បែប​ធម្មជាតិ និង​ការដាំ​បន្ថែ​ជាដើម​នោះ បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម​អំពី​ការជួយ​សង្គ្រោះ​សត្វ​កូ​ឡា​មួយ​ក្បាល​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​។​
 
«​ខ្ញុំ​រំជួលចិត្ត​ណាស់ ពេល​ឃើញ​ការបំផ្លិចបំផ្លាញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ដែល​កំពុង​បង្ក​ឲ្យ​មាន​មនុស្ស​មួយចំនួន និង​សត្វ​ស្លាប់​ពាសពេញ​ប្រទេស​។ ខ្ញុំ​សន្យាថា​នឹង​ផ្តល់ប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ដល់​ក្រុម​អ្នកស្ម័គ្រចិត្ត​ជួយសង្គ្រោះ​សត្វព្រៃ និង​សេវាកម្ម​ពន្លត់​អគ្គិភ័យ​នៅតាម​ជនបទ​។ ប្រសិនបើ​អ្នក​អាចធ្វើ​បាន ហើយ​អ្នក​មិនទាន់​បានធ្វើ​ទេនោះ អ្នក​ក៏​អាច​បរិច្ចាគ​បាន​ដូច​ខ្ញុំ​ដែរ​»​។ នេះ​ជា​សំណេរ​របស់ Hamilton នៅលើ Twitter របស់ខ្លួន​។​
 
 
​ក្រៅពី​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន បុរស​សញ្ជាតិ​អង់គ្លេស​រូបនេះ បាន​អំពាវនាវ​ឲ្យ​កីឡាករ​ដទៃ​ចូលរួម​ដូច​ខ្លួន​ផងដែរ ក្នុង​យុទ្ធនា​ការសង្គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ដែល​កើតឡើង​ជិត​៤​ខែ​មកហើយ​នេះ​។ Hamilton ក៏បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ចំនួន ១៤ លាន​នាក់​នៅលើ Instagram និង ៥,៦ លាន​នាក់​នៅលើ Twitter ចូលរួម​គិត​អំពី​ផលប៉ះពាល់​ដែល​កំពុង​កើត​ឡើងលើ​ភពផែនដី​នេះដែរ​។​
 
​មកទល់ពេលនេះ វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​ខាងលើ​បានសម្លាប់​មនុស្ស ២៦​នាក់ ព្រមទាំង​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​ខ្នង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ដី​ជាង ៣,៦ លាន​ហិកតា​ផង​។ រីឯ​ចំនួន​សត្វ​ដែល​ឆេះ​ងាប់ និង​របួស ត្រូវបាន​គេ​ប៉ាន់​ស្មានថា​បាន​កើនឡើង​ដល់​១​ពាន់​លាន​ក្បាល​ទៅហើយ​។​
 
Hamilton ដែល​បើកបរ​ឲ្យ​ក្រុម Mercedes បន្ថែមថា​៖«​វា​ធ្វើ​ឲ្យ​ខ្ញុំ​សោកសៅ​យ៉ាងខ្លាំង​នៅពេល​ដឹងថា​សត្វ​ជាង ១ ពាន់​លាន​ក្បាល​នៅ​អូស្ត្រាលី​បាន​ស្លាប់ និង​របួស​យ៉ាង​ឈឺចាប់ ខណៈ​ពួកគេ​គ្មាន​ផ្លូវ​ចេញពី​ក្នុងព្រៃ​ដែល​ត្រូវ​ឆេះ​។ សេចក្តីស្រឡាញ់​របស់ខ្ញុំ​ចំពោះ​សត្វ​គឺ​ពិតជា​ធំធេង ហើយ​ខ្ញុំ​មិនអាច​ត្រឹមតែ​សោកស្តាយ​ទេ តែ​ត្រូវ​ជំរុញ​ឲ្យ​មានការ​ការពារ​ប្រភេទ​សត្វ​មួយចំនួន​ដែល​ជិត​ផុត​ពូជ​»៕







Tag:
 ភ្លើង​ឆេះ​ព្រៃ​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com