អន្តរជាតិ
ក្រុមហ៊ុន​សង្ហា​រឹម​មួយ​របស់​អាមេរិក សម្លឹង​ឃើញ​កម្ពុជា ខណៈ​ថ្លៃ​ពលកម្ម​វៀតណាម​ឡើង​
10, Jan 2020 , 8:39 pm        
រូបភាព
រោងចក្រផលិតគ្រឿងសង្ហារឹម នៅប្រទេសវៀតណាម (Vietnam Express)
រោងចក្រផលិតគ្រឿងសង្ហារឹម នៅប្រទេសវៀតណាម (Vietnam Express)
ដោយ:
​បញ្ហា​កង្វះ​ពលករ​ក្នុងប្រទេស​វៀតណាម ដែល​បង្ក​ជា​កំណើន​ថ្លៃ​ពលកម្ម កំពុងតែ​កាន់តែ​ធ្ងន់ធ្ងរ ។ នេះ​បើតាម​សារព័ត៌មាន​អាមេរិក Bloomberg ។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហា​រឹម​ខ្លះ កំពុង​ពិចារណា​ជ្រើស​យក​ប្រទេស កម្ពុជា ដែលមាន​សក្ដានុពល​ស​ម្រា​ប់​ទីតាំង​រោងចក្រ​ខ្លួន​។

 
​ក្នុង​បទ​សម្ភាស​ផ្ដាច់មុខ​ជាមួយ​សារព័ត៌មាន​អាមេរិក Bloomberg នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ លោក Clarence Smith នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហារ​រឹម​អាមេរិក​មួយ​ឈ្មោះថា «Haverty Furniture Cos.» ដែល​ប្រើ​រោងចក្រ​ក្នុង​តំបន់​អាស៊ី​ដើម្បី​បង្កើត​ផលិតផល​ខ្លួន បញ្ជាក់ថា តម្លៃ​ពលកម្ម​ក្នុង​វៀតណាម កំពុង​កើនឡើង ហើយ​ពលករ​ក៏​កំពុង​ខ្វះខាត​ច្រើន​។   
 
​ទោះជា​ការផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​ពី​ប្រទេស​ចិន​ទៅ​ប្រ​ទស​វៀតណាម កាលពី​ឆ្នាំ ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម បង្អាក់​ដល់​សង្វាក់​ផលិតកម្ម​ក៏ដោយ​ក្តី ការ​រើ​ទីតាំង​រោងចក្រ​នេះ មិន​បញ្ចប់​ត្រឹម​នេះឡើយ​។ លោក Smith អះអាង​បែបនេះ ដោយ​សង្កត់ធ្ងន់ថា​៖«​ពួកគេ ចាប់ផ្តើម​សាងសង់​រោងចក្រ ក្នុងប្រទេស​កម្ពុជា​»​។  
 
​ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន ក្នុង​គោលដៅ​បង្ខំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​អាមេរិក​រើ​រោងចក្រ​ពួកគេ​ត្រលប់មក​ទឹកដី​អាមេរិក​វិញ​។ ក៏ប៉ុន្តែ​ពួកគេ ច្រើន​ផ្លាស់ប្តូរ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី ។ 
 
​បើ​សារព័ត៌មាន Bloomberg លោកនាយក​ប្រតិបត្តិ Smith បាន​ប្រៀបធៀប​ការផ្លាស់ប្ដូរ​រោងចក្រ​ពី​ប្រទេស​ចិន​ទៅ​វៀតណាម​និង​ទៅកាន់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី ដូចនឹង​ការ​រើ​ទីតាំង​រោងចក្រ​ឧស្សាហកម្ម​អាមេរិក​ពីរ​ដ្ឋ Machigan ទៅ​រដ្ឋ North Carolina កាលពី​ជាង​១០០​ឆ្នាំមុន​។ 
 
​លោក កត់សម្គាល់ថា ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​អាមេរិក មាន​សន្ទុះ​ខ្លាំង​ក្នុង​រដ្ឋ North Carolina ក៏ប៉ុន្តែ​លោក​អះអាងថា វា​មានតម្លៃ​ថោក​ជាង​សម្រាប់​រោងចក្រ​ក្នុង​តំបន់​អាស៊ី​ផលិត​គ្រឿង​សង្ហា​រឹម​ពី​ឈើ ដែល​នាំចូល​ពី​អាមេរិក បើ​ធៀប​នឹង​ក្រុមហ៊ុន​ដែល​បង្កើត​ផលិតផល​ដូចគ្នា​ក្នុង​សហរដ្ឋអាមេរិក​៕

Tag:
 អាមេរិក​
  វៀតណាម​
  កម្ពុជា​
  តម្លៃ​ពលកម្ម​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com