អន្តរជាតិ
រដ្ឋាភិបាល​អាមេរិក ផ្ដល់​ភ្លើង​បៃតង​ដល់​ការលក់​យន្តហោះ F-35B ឲ្យ​សិង្ហ​បុរី​
10, Jan 2020 , 9:19 pm        
រូបភាព
យន្តហោះ F-35 របស់ក្រុមហ៊ុន Lockheed Martin ។ រូបភាព Xinhua
យន្តហោះ F-35 របស់ក្រុមហ៊ុន Lockheed Martin ។ រូបភាព Xinhua
​រដ្ឋាភិបាល​អាមេរិក នៅ​ថ្ងៃទី​៩ ខែមករា បាន​បើកផ្លូវ​ដល់​ការលក់​យន្តហោះ​ស៊េរី​ទំនើប F-35B និង​គ្រឿង​បរិក្ខារ​មួយចំនួន​ទៅ​ឲ្យ​សិង្ហ​បុរី​ដែល​បាន​ដាក់សំណើ​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​។ សិង្ហ​បុរី​ចង់បាន​យន្តហោះ​ប្រភេទ​នេះ​ដល់​ទៅ​១២​គ្រឿង​ដើម្បី​ជំនួស​យន្តហោះ F-16 ដែល​ហួស​សម័យ ហើយ​ជិត​ប្រើប្រាស់​លែង​បាន​នៅ​១០​ឆ្នាំ​ខាងមុខ​។ ដំណាក់កាល​បន្ទាប់ កិច្ចព្រមព្រៀង​ទិញ​លក់ ត្រូវ​ឆ្លងកាត់​ព្រឹទ្ធសភា​សិន ប៉ុន្តែ​ទំនងជា​អាច​ឆ្លង​ផុត​ដោយ​ស្រួល បើ​គិតពី​ទំនាក់ទំនង​ទ្វេភាគី​នោះ​។​

 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​៩ ខែមករា ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ពា​រ​ជាតិ ដែលជា​ស្ថាប័ន​ទទួលបន្ទុក​កម្មវិធី​ការពារជាតិ​របស់​អាមេរិក​ជាមួយ​បរទេស អះអាងថា រដ្ឋាភិបាល​សិង្ហ​បុរី បានដាក់​សំណើ​ទិញ​យន្តហោះ F-35B ចំនួន​៤​គ្រឿង និង​៨​គ្រឿង​ទៀត​នៅពេល​ខាងមុខ ក៏ដូចជា​សម្ភារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​យន្តហោះ​នេះ ព្រមទាំង​ការហ្វឹកហាត់​ផងដែរ​។ អាមេរិក​អះអាងថា សមត្ថភាព​ការពារ​អាកាស​របស់​សិ​ង្ហ​បុរី នឹង​ត្រូវបាន​ពង្រឹង​ថែមទៀត​ពេល​ទិញ F-35 នេះ​។​
 
​សិង្ហ​បុរី បានដាក់​សំណើ​ទិញ​យន្តហោះ F-35B ដែលមាន​តម្លៃ​សរុប​២,៧៥​ពាន់​លាន​ដុល្លារ​កាលពី​ខែមីនា ឆ្នាំ​២០១៩ ។ យន្តហោះ F-35 នេះ នឹងត្រូវ​ប្រើប្រាស់​ជំនួស​យន្តហោះ​ស៊េរី​ចាស់ F-16 ដែល​សិង្ហ​បុរី​ដាក់​ប្រើ​តាំងពី​ឆ្នាំ​១៩៩៨ ហើយ​ត្រូវអស់​ឥទ្ធិពល​ក្រោយ​ឆ្នាំ​២០៣០ ។​
 
«​សិង្ហ​បុរី គឺជា​មិត្ត​យុទ្ធសាស្ត្រ និង​ជា​ដៃគូ​សហប្រតិបត្តិការ​ស​ន្តិ​សុខ​ដ៏​សំខាន់ និង​ជា​កម្លាំង​ចម្បង​ក្នុង​ការជំរុញ​ស្ថិរភាព និង​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​» នេះ​ជាការ​ប្រកាស​របស់​ទីភ្នាក់ងារ​ខាងលើ ដែល​បន្តថា ការទិញ​របស់​សិង្ហ​បុរី នឹងមិន​ប៉ះពាល់​តុល្យភាព​នៅក្នុង​តំបន់​ឡើយ​។ ការទិញ​លក់​យន្តហោះ​នេះ ត្រូវ​ឆ្លងកាត់​ការអនុម័ត​ពី​ព្រឹទ្ធសភា​អាមេរិក​ជាមុនសិន ប៉ុន្តែ​វា​នឹង​មិនមែនជា​រឿង​លំបាក​ឡើយ​សម្រាប់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ។​
 
F-35B ជា​យន្តហោះ​មួយ​ក្នុង​ត្រកូល F-35 ឯ F-35A ជា​ប្រភេទ​មួយទៀត ដែល​សុទ្ធសឹង​ជា​ផលិតផល​របស់​ក្រុមហ៊ុន Lockheed Martin ដូចគ្នា​។ បើតាម​វេ​ប​សាយ​ក្រុមហ៊ុន​នេះ F-35B មានតម្លៃ​មួយគ្រឿង​១១៥,៥​លាន​ដុល្លារ អាច​ហោះ​ឡើងលើ​ត្រង់​តែម្ដង ដោយ​មិនចាំបាច់​មាន​ផ្លូវ​រត់ ខណៈ​F-35A ដែល​មួយគ្រឿង​តម្លៃ​ជាង​៨៩​លាន​ដុល្លារ​នោះ ត្រូវការ​ផ្លូវ​រត់​ដូច​យន្តហោះ​ចម្បាំង​ឯទៀត ហើយ​មិនសូវ​បំពាក់​សព្វាវុធ​បាន​ដូច F-35B ឡើយ​។ 
 
​បើសិន​ការទិញ​លក់​នេះ​សម្រេច​ចប់​ចុង​ចប់​ដើម សិង្ហ​បុរី នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​បួន​ដែលមាន F-35 ក្នុង​ឃ្លាំង​របស់ខ្លួន​។ អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង ជា​ប្រទេស​ក្នុង​តំបន់​បី​ប៉ុណ្ណោះ​ដែលមាន F-35 នេះ​។ បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី Ng Eng Hen លោក ត្រាំ បាន​ស្វាគមន៍​សិង្ហ​បុរី​ដែល​ទិញ​ផលិតផល​របស់​អាមេរិក​៕ 

Tag:
 អាមេរិក​
  សិង្ហ​បុរី​
  F-35
© រក្សាសិទ្ធិដោយ thmeythmey.com