អន្តរជាតិ
ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ស្លាប់​ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​ហាង​ពេជ្រ​នៅ​ថៃ​
10, Jan 2020 , 4:23 pm        
រូបភាព
ប្រភពរូប៖ Thaiger
ប្រភពរូប៖ Thaiger
ដោយ:
​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ស្ថិតក្នុង​ចំណោម​មនុស្ស​៣​នាក់​ដែល​ត្រូវបាន​សម្លាប់​ក្នុងប្រទេស​ថៃ នៅពេល​ខ្មាន់កាំភ្លើង​បិទមុខ​ម្នាក់ បានធ្វើ​សកម្មភាព​ប្លន់​ហាង​គ្រឿងអលង្ការ​មួយកន្លែង​។ ប៉ូលិស​ថៃ បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​សុក្រ ១០ មករា ។​

 
​មនុស្ស ៤​នាក់​ផ្សេងទៀត ត្រូវបាន​រងរបួស នៅពេល​ខ្មាន់កាំភ្លើង​ម្នាក់​នោះ បាន​បាញ់​គ្មាន​គោលដៅ​ដោយ​ប្រើ​កាំភ្លើងខ្លី​មួយ​ដើម ក្នុង​ខេត្ត Lopburi ភាគ​កណ្ដាល​នៃ​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមករា​។  ក្រោយមក ជនសង្ស័យ​រូបនេះ បាន​រត់​គេចខ្លួនបាត់​ជាមួយ​គ្រឿងអលង្ការ ដែល​គិត​ជា​ទឹកប្រាក់​១៦,៥០០​ដុល្លារ​។ 
 
​ប៉ូលិស​ដែល​ប្រចាំ​នៅ​ខេត្ត បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ក្រៅពី​ក្មេង​តូច​អាយុ​២​ឆ្នាំ​នោះ អ្នកស្លាប់​ដទៃទៀត គឺជា​សន្តិសុខ និង​អ្នកលក់ដូរ​។ វីដេអូ​ថត​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញថា ជន​ដៃ​ឆៅ​រូបនោះ បាន​សម្រុក​ចូលទៅក្នុង​ហាង​ទំនិញ បើក​ការបាញ់ប្រហារ ហើយ​រត់គេច​បាន​ស្រួល ខណៈ​ជនរងគ្រោះ​ដេក​ស្តូកស្ដឹង​ក្នុង​ថ្លុកឈាម​។  
 
​ស្នងការរង​ខេត្ត Lopburi លោក Sumeth Punsri បញ្ជាក់ថា ការបាញ់ប្រហារ​ដ៏​ឃោរឃៅ​នេះ បាន​កើតឡើង​ត្រឹម​មួយ​នាទី​ប៉ុណ្ណោះ មុននឹង​ខ្មាន់កាំភ្លើង បាន​រត់គេច​ដោយ​សុវត្ថិភាព ដោយ​ប្រើប្រាស់​ម៉ូតូ​។ ទោះ​មិន​ចាប់បាន​នៅនឹងកន្លែង អាជ្ញាធរ​ថៃ បាន​ផ្តល់ប្រាក់​១​ម៉ឹ​ន​បាត ឬ​៣៣០៤ ដុល្លារ សម្រាប់​ព័ត៌មាន​ពី​ទីតាំង​លាក់ខ្លួន​របស់​ជន​នោះ​។​
 
​សូមបញ្ជាក់ថា ថៃ មាន​អត្រា​អ្នកកាន់កាប់​កា​ភ្លើង​ខ្ពស់ ហើយ​ឧបទ្ទវ​ហេតុនេះ គឺជា​ឧក្រិដ្ឋកម្ម​ចុងក្រោយបង្អស់ ពាក់ព័ន្ធ​នឹង​ការបាញ់​កាំភ្លើង ដែល​ជាប់​លើ​ទំព័រមុខ​នៃ​សារព័ត៌មាន ក្នុងពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។ ករណី​បាញ់កាំភ្លើង​២ ទៅ ៣​លើក នៅក្បែរ​សាលា​កាត់ក្តី កាលពី​ចុងឆ្នាំ​២០១៩ បាន​បង្ក​កង្វល់​ជាថ្មី​ពាក់ព័ន្ធ​ហិង្សា​កាំភ្លើង​។ ក៏មាន​ករណី​បាញ់សម្លាប់​កក្រើក​ប្រទេស​ថៃ​ផង​នោះ នោះ​គឺ មេធាវី​២​នាក់ ត្រូវបាន​បាញ់​ស្លាប់ ដោយ​មន្ត្រី​បម្រើការ​នៅ​តុលាការ​ម្នាក់ ក្នុង​ភាគ​កើត​នៃ​ប្រទេស​ថៃ អំឡុងពេល​កាត់ក្តី​រឿង​ជម្លោះដីធ្លី​៕

Tag:
 ថៃ​
  ប្លន់
© រក្សាសិទ្ធិដោយ thmeythmey.com