ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីដែនដី៖«មិនត្រូវឲ្យកម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ជាដាច់ខាត»
× ក្រោយបាក់អគារកម្ពស់៦ជាន់នៅក្រុងកែប លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែន នគរូបនីយកម្ម និង សំណង់ បានសេចក្តីណែនាំថ្មីមួយទៀត ដើម្បីពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់ ដោយលោក បានដាក់បម្រាមមួយចំនួនមានលក្ខណៈដាច់ខាត ដែលអ្នកសាងសង់ ត្រូវធ្វើតាម។
ក្នុងសេចក្តីណែនាំ ដែលចេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក ជា សុផារ៉ា សង្កត់ធ្ងន់ដូច្នេះថា៖«ហាមដាច់ខាត ការស្នាក់នៅក្នុងអគារ ដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់។
លោក នៅប្រើពាក្យដាច់ខាតទៅលើបម្រាមជាច្រើនទៀត រួមមាន «ហាមដាចខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាត ជួសជុល ឬរុះរើ...» «ហាមដាច់ខាតការអនុវត្តការងារសាងសង់ឬរុះរើ ដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្របញ្ជាក់ការអនុញ្ញាតឲ្យប្រកបអាជីវកម្ម ដែលផ្តល់ដោយក្រសួងដែនដី...» «ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ឬរុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទួលខុសត្រូវ» «ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច»។
លោករដ្ឋមន្ត្រី ណែនាំដូច្នេះថា៖«ក្នុងករណីពិនិត្យឃើញអំពើល្មើសនឹងបម្រាមខាងលើ អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញលិខិតផ្អាកការសាងសង់ជាបន្ទាន់»។ លោក ព្រមានបែបនេះថា៖«ក្នុងករណីការសាងសង់នៅតែបន្ត អាជ្ញាធរមានសមត្ថកិច្ច ត្រូវកសាងសំណុំរងបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន»។
កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ អគារកម្ពស់៦ជាន់នៅក្រុងកែប បានបាក់រលំ ដោយសម្លាប់មនុស្ស៣៦នាក់ និងមានអ្នករបួស២៣នាក់។ ការបាក់អគារនៅក្រុងកែបនេះ ជាករណីទី៣ហើយ។ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ បាក់អគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ ដោយសម្លាប់មនុស្ស២៨នាក់ និងមានអ្នករបួស២៦នាក់ ហើយកាលពីដើមខែធ្នូ ឆ្នាំ២០១៩ បាក់សាលាឆាន់វត្តប្រាសាទគោកចកនៅក្រុងសៀមរាប ដោយសម្លាប់មនុស្ស៣នាក់ និងមានអ្នករបួស១៣អង្គ/នាក់។ អ្នកស្លាប់និងអ្នករបួសភាគច្រើន ជាកម្មករសំណង់ និងជាកូន-ប្រពន្ធរបស់កម្មករសំណង់។
កាលពីបាក់អគារនៅក្រុងព្រះសីហនុ លោក ជា សុផារ៉ា ក៏ដូចជារដ្ឋាភិបាល បានចេញវិធានការនានា ដើម្បីពង្រឹងវិស័យសំណង់ រហូតឈានដល់បង្កើតច្បាប់ស្តីពីសំណង់ ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្ត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩៕
Tag:
ជា សុផារ៉ា
វិធានការលើវិស័យសំណង់
© រក្សាសិទ្ធិដោយ thmeythmey.com