ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ដែនដី​៖«​មិនត្រូវ​ឲ្យ​កម្មករ​ស្នាក់​នៅក្នុង​អគារ​កំពុង​សាងសង់​ជាដាច់ខាត​»
10, Jan 2020 , 4:45 pm        
រូបភាព
​ក្រោយ​បាក់​អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែន នគរូបនីយកម្ម និង សំណង់ បាន​សេចក្តីណែនាំ​ថ្មី​មួយទៀត ដើម្បី​ពង្រឹងគុណភាព​និង​សុវត្ថិភាព​សំណង់ ដោយ​លោក បានដាក់​បម្រាម​មួយចំនួន​មាន​លក្ខណៈ​ដាច់ខាត ដែល​អ្នក​សាងសង់ ត្រូវ​ធ្វើតាម​។


 
​ក្នុង​សេចក្តីណែនាំ ដែល​ចេញ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ លោក ជា សុផា​រ៉ា សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ហាម​ដាច់ខាត ការ​ស្នាក់​នៅក្នុង​អគារ ដែល​កំពុង​សាងសង់ ទោះបី​ជា​លក្ខណៈ​បណ្តោះអាសន្ន​ក៏ដោយ និង​ហាម​ដាច់ខាត​អ្នក​គ្មាន​ភារកិច្ច​ចូលក្នុង​ការដ្ឋាន​សំណង់​។ 
 
​លោក នៅ​ប្រើពាក្យ​ដាច់ខាត​ទៅលើ​បម្រាម​ជាច្រើន​ទៀត រួមមាន «​ហាម​ដាចខាត​ការសាងសង់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត ជួសជុល ឬ​រុះរើ​...» «​ហាម​ដាច់ខាត​ការអនុវត្ត​ការងារ​សាងសង់​ឬ​រុះរើ ដោយ​អ្នក​សាងសង់​ដែល​គ្មាន​អាជ្ញា​បណ្ណ ឬ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការអនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម ដែល​ផ្តល់​ដោយ​ក្រសួង​ដែនដី​...» «​ហាម​ដាច់ខាត​ការដ្ឋាន​សំណង់​ដែល​ដំណើរការ​សាងសង់​ឬ​រុះរើ​ដោយ​គ្មាន​វិស្វករ​ប្រចាំ​ការដ្ឋាន​ជា​អ្នក​ទួល​ខុសត្រូវ​» «​ហាម​ការប្រើប្រាស់​សំណង់​គ្រប់​ប្រភេទ ដោយ​គ្មាន​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់ ឬ​លិខិត​បិទ​ការដ្ឋាន​ផ្តល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។    
 
​លោក​រដ្ឋមន្ត្រី ណែនាំ​ដូច្នេះ​ថា​៖«​ក្នុងករណី​ពិនិត្យឃើញ​អំពើ​ល្មើ​សនឹង​បម្រាម​ខាងលើ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចេញ​លិខិត​ផ្អាក​ការសាងសង់​ជាបន្ទាន់​»​។ លោក ព្រមាន​បែបនេះ​ថា​៖«​ក្នុងករណី​ការសាងសង់​នៅតែ​បន្ត អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​កសាង​សំណុំ​រង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ជា​ធរមាន​»​។ 
 
​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប បាន​បាក់​រលំ ដោយ​សម្លាប់​មនុស្ស​៣៦​នាក់ និង​មាន​អ្នករបួស​២៣​នាក់​។ ការបាក់​អគារ​នៅ​ក្រុងកែប​នេះ ជា​ករណី​ទី​៣​ហើយ​។ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ ដោយ​សម្លាប់​មនុស្ស​២៨​នាក់ និង​មាន​អ្នករបួស​២៦​នាក់ ហើយ​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ បាក់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​នៅ​ក្រុង​សៀមរាប ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​មាន​អ្នករបួស​១៣​អង្គ​/​នាក់​។ អ្នកស្លាប់​និង​អ្នករបួស​ភាគច្រើន ជា​កម្មករសំណង់ និង​ជា​កូន​-​ប្រពន្ធ​របស់​កម្មករ​សំណង់​។​
 
​កាលពី​បាក់​អគារ​នៅ​ក្រុងព្រះសីហនុ លោក ជា សុផារ៉ា ក៏ដូចជា​រដ្ឋាភិបាល បានចេញ​វិធានការ​នានា ដើម្បី​ពង្រឹង​វិស័យ​សំណង់ រហូត​ឈានដល់​បង្កើត​ច្បាប់​ស្តីពី​សំណង់ ដែល​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩៕  

Tag:
 ជា សុផារ៉ា​
  វិធានការ​លើ​វិស័យ​សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com