អន្តរជាតិ
លោក មហា​ធៀ ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​អប់រំ​ស្ដីទី បន្ថែម​ពី​តំណែង​នាយករដ្ឋមន្ត្រី​
10, Jan 2020 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ (AFP)
លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​អប់រំ​ស្តីទី ក្រោយ​ការលាលែង​របស់លោក Maszlee Malik ពី​តំណែង​នេះ កាលពី​សប្តាហ៍​មុន​។ មេដឹកនាំ​ចាស់វស្សា​រូបនេះ បញ្ជាក់ថា លោក នឹង​កាន់តំណែង​នេះ រហូតដល់​រដ្ឋមន្ត្រី​ថ្មី ត្រូវបាន​ជ្រើសរើស​។​

 
​ការតែងតាំង​លោក មហា​ធៀ ជា​រដ្ឋមន្ត្រី​អប់​រំជា​បណ្តោះអាសន្ន​នេះ ត្រូវបាន​បាន​យល់ព្រម​ក្នុងជំនួប​គណៈរដ្ឋមន្ត្រី​មួយ​កាលពី​ថ្ងៃទី​៨ ខែមករា ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចុះ​ថ្ងៃ​សុក្រ ទី​១០ ខែមករា ។​
 
​ក្នុង​លិខិត​នេះ បង្ហាញថា ការតែងតាំង​របស់លោក​នាយករដ្ឋមន្ត្រី បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ ៣ មករា ពោលគឺ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Maszlee បានសម្រេច​ចុះចេញ​ពី​តំណែង​នេះ​។ សេចក្តីថ្លែងការណ៍​ដដែល​នេះ បញ្ជាក់ទៀតថា លោក​បណ្ឌិត មហា​ធៀ ដែល​ធ្លាប់មាន​មុខងារ​មួយ​ក្នុង​ក្រសួង​អប់រំ ចាប់ពី​ឆ្នាំ ១៩៧៤ ដល់​ឆ្នាំ ១៩៧៧ នឹង​កាន់តំណែង​រដ្ឋមន្ត្រី​អប់រំ​នេះ រហូតដល់​រដ្ឋមន្ត្រី​ថ្មី ត្រូវបានតែងតាំង​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama កាលពី​ថ្ងៃ​៧ មករា ឆ្នាំ​២០២០ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ ឆ្លើយ​នឹង​សំណួរ​អ្នកព័ត៌មាន​ថា ការតែងតាំង​រដ្ឋមន្ត្រី​អប់រំ​ថ្មី នឹងត្រូវ​សម្រេច​ជ្រើសរើស​ដោយ​លោក​ផ្ទាល់ ព្រោះថា នេះ​ជា​សិទ្ធិ​ពិសេស​របស់លោក​។ 
 
​លោក Maszlee ដែល​បាន​លាលែង​តំណែង​ជា​រដ្ឋមន្ត្រី​អប់រំ​ក្រោយ​កាន់​បាន​២០​ខែ​នោះ ទទួលរង​ការរិះគន់​ជាច្រើន ជាពិសេស រឿង​កំណែទម្រង់​វិស័យ​អប់រំ​ដែល​លោក​បាន​ដាក់ចេញ​។ លោក ត្រូវបាន​រិះគន់ថា​បរាជ័យ​ក្នុងការ​ពង្រឹង​បទដ្ឋាន​អប់រំ ហើយ​វា​ក៏មាន​បណ្ដឹងទាមទារ​តាម​អន​ឡាញ​ស្នើ​ឲ្យ​លោក​លាលែង​ពី​តំណែង​ថែម​ទៀតផង​។ លោក អះអាងថា ការលាលែង​ពី​តំណែង​នេះ គឺ​ទទួល​ការផ្តល់​យោបល់​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​។​
 
​បន្ថែម​ពី​បញ្ហា​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ម៉ាឡេស៊ី ក្នុង​ខែ កញ្ញា ឆ្នាំ​២០១៨ លោក Maszlee បាន​យល់ព្រម​ទទួលយក​ការតែងតាំង​ជានា​យក​នៃ​សកល​វិទ្យាល័យ​ឥស្លាម​អន្តរជាតិ​របស់​ម៉ាឡេស៊ី ទោះបីជា​សម្ព័ន្ធភាព​នយោបាយ​របស់លោក មហា​ធៀ សន្យា​ស្តារ​សេរីភាព​ផ្នែក​អប់រំ​ក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា​។ ក្រោយមក លោក​បាន​លាលែង​ពី​តួនាទី​នេះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ដដែល ក្រោយ​រង​ការជំទាស់​ខ្លាំងៗ​ពី​ក្រុមនិស្សិត និង​អ្នកនយោបាយ​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  រដ្ឋមន្ត្រី​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com