ជាតិ
បទសម្ភាសន៍
ក្រោយ​រៀន​ចប់ លោក ហ៊ុត សុ​គិត យកចំណេះ​ដឹងខ្លួន​ទៅ​រួមចំណែក​អប់រំ​ក្មេងៗ​នៅ​ភូមិកំណើត​
11, Jan 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​បរិញ្ញាបត្រ​ទស្សន​វិជ្ជា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ហ៊ុត សុ​គិត បាន​ត្រឡប់​ទៅ​ស្រុកកំណើត នា​ខេត្តសៀមរាប​វិញ ដើម្បី​ធ្វើការ​ចិញ្ចឹមជីវិត​នៅ​ទីនោះ​។ លោក ហ៊ុត សុ​គិត ដែល​ចាប់ចិត្ត​លើ​មុខវិជ្ជា​ទស្សនវិជ្ជា បានសម្រេច​ចិត្ត​បង្កើត​ថ្នាក់រៀន​ភាសា​អង់គ្លេស និង​អប់រំ​សីលធម៌​ដល់​ក្មេង​នៅក្នុង​ភូមិ ឲ្យ​មានចំណេះដឹង និង​ឥរិយាបថ​ល្អ ជាពិសេស​ចង់​អភិវឌ្ឍ​សហគមន៍​របស់ខ្លួន​។ បុរស​វ័យ​៣១​ឆ្នាំ​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​គោលដៅ​សំខាន់​ដែល​ខ្ញុំ​ធ្វើ គឺ​ទាក់ទង​នឹង​ការអប់រំ​សីលធម៌ និង​បង្រៀន​ភាសា​អង់គ្លេស​។ ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​ចេះ​ភាសា​អង់គ្លេស​»​។ និស្សិត​ទស្សនវិជ្ជា​រូបនេះ បើក​ថ្នាក់​បង្រៀន​នៅក្នុង​ភូមិស្រ​ណា​ល ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល​ជាទី​កំណើត​របស់លោក​។​



 
​ខាងក្រោម​នេះ ជា​បទ​សម្ភាស​រវាង​លោក ហ៊ុត សុ​គិត ជាមួយ​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​ថ្មីៗ​៖
 
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ជាង​១​ឆ្នាំ​ហើយ ដែល​លោក​បង្កើត​ថ្នាក់រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​នៅក្នុង​ភូមិស្រ​ណា​ល ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​បង្កើត​ថ្នាក់រៀន​យ៉ាង​ដូច្នេះ​?

លោក ហ៊ុត សុ​គិត​៖ ខ្ញុំ​បាន​បង្កើត​ថ្នាក់រៀន​ក្រៅ​ម៉ោង​ដល់​ក្មេងៗ​នៅក្នុង​ភូមិ កាលពី​ចុងឆ្នាំ​២០១៨​។ មូលហេតុ​ដែល​ខ្ញុំ​បង្កើត​ថ្នាក់រៀន​ក្រៅ​ម៉ោង​ដល់​ក្មេងៗ គឺ​ដោយសារ​ខ្ញុំ​ចង់​អភិវឌ្ឍ​សហគមន៍​របស់ខ្ញុំ​។ ពេលដែល​ខ្ញុំ​ទៅ​រៀន​នៅ​ភ្នំពេញ ខ្ញុំ​បាន​ចិញ្ចឹមចិត្ត​ថា ខ្ញុំ​នឹង​មក​ស្រុក​វិញ មកជួយ​ក្មេងៗ​ឲ្យ​មានចំណេះដឹង និង​សីលធម៌​ល្អ​។ ការចាប់ផ្ដើម​បង្កើត​ដំបូង មាន​សិស្ស ៤​ទៅ​៥​នាក់​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​មាន​សិស្ស​មក​រៀន​ចំនួន ៧០​នាក់ ដែលមាន​វ័យ​ពី ៥​ដល់​១៥​ឆ្នាំ​។ ចំពោះ​ការបង្កើត​នេះ គោលដៅ​សំខាន់​ដែល​ខ្ញុំ​ធ្វើ គឺ​ទាក់ទង​នឹង​ការអប់រំ​សីលធម៌ និង​ភាសា​អង់គ្លេស ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​ចេះ​ភាសា​អង់គ្លេស និង​មាន​សីលធម៌​ល្អ​។ 
 

​រូបភាពពីទំព័រហ្វេសប៊ុក Association of Children Dream
កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ការចាប់​ផ្ដើមដំបូង មាន​សិស្ស​តិច ប៉ុន្តែ​លោក​ធ្វើ​បែបណា ទើប​ក្មេងៗ​មក​រៀន​នៅទីនេះ​ច្រើន​? ហើយ​ឪពុកម្ដាយ​របស់​ក្មេងៗ​យល់​បែបណា​?

​លោក ហ៊ុត សុ​គិត​៖ ការចាប់ផ្ដើម​មុនដំបូង មាន​ផល​ពិបាក​ណាស់ ដោយសារ​ក្មេង និង​ឪពុក​មា្ដ​យ​របស់គាត់ មិន​យល់ ប៉ុន្តែ​ខ្ញុំ​មាន​វិធីសាស្ត្រ​មួយ ពេល​ក្មេង​មកដល់​ផ្ទះ​ខ្ញុំ ខ្ញុំ​ចែក​សៀវភៅ និង​ពន្យល់​ពួកគាត់​ពី​ការរៀន​ភាសា​អង់គ្លេស ហើយ​ប្រាប់​គាត់​ថា គាត់​នឹង​ទទួលបាន​អ្វីខ្លះ​ពេល​មក​រៀន​នៅទីនេះ​។ តាមរយៈ​ការចែករំលែក​ចំណេះដឹង​ភាសា​អង់គ្លេស​នេះ បានធ្វើ​ឲ្យ​ក្មេងៗ​នៅក្នុង​ភូមិ​នាំគ្នា​មក​រៀន​រៀងរាល់​ល្ងាច និង​ព្រឹក​ថ្ងៃ​សៅរ៍ និង​អាទិត្យ​។ ដើម្បី​ធ្វើ​ឲ្យ​ក្មេងៗ​មក​រៀន​ទៀងទាត់ ខ្ញុំ និង​គ្រូបង្រៀន​ស្ម័គ្រចិត្ត បាន​បង្កើត​កម្មវិធី​ប​ង្រៀ​ន​ថ្មីៗ​ដល់​ពួកគាត់ ដូចជា អាន​សៀវភៅ​, អាន​រឿងនិទាន និង​សកម្មភាព​នៅក្នុង​ថ្នាក់​មួយចំនួន​។ ចំណែក​អាណាព្យាបាល​សិស្ស​វិញ ក៏បាន​គាំទ្រ​នូវ​ការបង្រៀន​របស់​ពួក​ខ្ញុំ ពួកគាត់​សប្បាយចិត្ត​ពេល​កូន​របស់គាត់​មាន​សីលធម៌​ល្អ និង​មានចំណេះដឹង​ភាសា​អង់គ្លេស​។ រីឯ អាជ្ញាធរ​មូលដ្ឋាន ក៏​ទទួលស្គាល់​ការបង្រៀន​នេះដែរ​។ 


 ​រូបភាពពីទំព័រហ្វេសប៊ុក Association of Children Dream
អត្ថបទទាក់ទង


​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ការបង្រៀន​ភាសា​អង់គ្លេស​នេះ ដោយ​ឥតគិតថ្លៃ តើ​ធ្វើ​បែបណា ទើប​អាច​រក​គ្រូបង្រៀន​ស្ម័គ្រចិត្ត មក​បង្រៀន​ក្មេងៗ​ក្នុងភូមិ​ស្រ​ណា​ល​នេះ​? តើ​គ្រូបង្រៀន​ស្ម័គ្រ​ទាំងនោះ ទទួលបាន​អ្វី​?
 
​លោក ហ៊ុត សុ​គិត​៖ នៅទីនេះ​មាន​គ្រូបង្រៀន ៤​នាក់ រួមទាំង​ខ្ញុំ​ម្នាក់​ដែរ ដែល​បង្រៀន​ភាសា​អង់គ្លេស និង​បញ្ចូល​បន្ថែម​នៅ​ចំណេះដឹង​ទូទៅ និង​អប់រំ​សីលធម៌​។ ការចូលរួម​បង្រៀន​ស្ម័គ្រចិត្ត​នេះ អាស្រ័យ​លើ​ពួកគាត់ ដែលជា​គ្រូបង្រៀន ក្នុងទិសដៅ​ចង់​ចូលរួម​ជួយ​សង្គម តាមរយៈ​ការបង្រៀន​នេះ​។ មុននឹង​ពួកគាត់​មក​បង្រៀន ខ្ញុំ​បាន​ប្រាប់​ពី​អត្ថប្រយោជន៍​ដល់​ពួកគាត់ ដែល​ទទួលបាន​តាមរ​យៈ​ការបង្រៀន​នេះ ហើយ​អ្វីដែល​ពួកគាត់​ទទួលបាន​គឺ ការ​ចំណេះដឹង​។ គ្រូបង្រៀន​ស្ម័គ្រចិត្ត​នៅទីនេះ គឺជា​សិស្ស និង​និស្សិត ដែល​ចង់​ចែករំលែក​ចំណេះដឹង ហើយ​ការបង្រៀន​នេះ ពួកគាត់​មិន​ទទួលបាន​ថវិកា​នោះទេ​។ 


 ​រូបភាពពីទំព័រហ្វេសប៊ុក Association of Children Dream
​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ អ្វី​ជា​គោលដៅ​ទៅ​ថ្ងៃមុខ ដែល​លោក​គ្រោង​ធ្វើ​សម្រាប់​ក្មេងៗ​នៅក្នុង​ភូមិស្រ​ណា​ល​នេះ​?

លោក ហ៊ុត សុ​គិត​៖
គោលដៅ​ទៅ​ថ្ងៃមុខ ខ្ញុំ​នឹង​ពង្រីក​បន្ថែមទៀត ដោយ​ធ្វើយ៉ាងណា​ឲ្យ​មានការ​បង្រៀន​នៅតាម​ភូមិ​ដទៃ ដែល​ដាច់ស្រយាល​។ «​គោលដៅ​ចុងក្រោយ​របស់​យើង គឺជា​ស្នាមញញឹម​របស់​អ្នក​»​។ នេះ​ជា​គោលដៅ​៥​ឆ្នាំ​ទៅមុខទៀត​របស់ខ្ញុំ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ យើង​នៅ​ខ្វះខាត​នៅឡើយ គឺ​ខ្វះខាត​តុ​សម្រាប់​ក្មេងៗ​អង្គុយ​រៀន​៕


 ​រូបភាពពីទំព័រហ្វេសប៊ុក Association of Children Dream
 
 

Tag:
 បទ​សម្ភាស សៀមរាប​
  បង្រៀន​
  ភាសា​អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com