ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក Alan Mccune ប្រាប់​អំពី​ផែនការ​ការប្រកួត​៦​លើក​របស់ ខុន ស៊ី​ចាន់ នៅ ONE
11, Jan 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន Alan Mccune បាន​បង្ហើប​អំពី​ផែនការ​ឆ្នាំ​២០២០ សម្រាប់​កូនសិស្ស​របស់ខ្លួន ខុន ស៊ី​ចាន់ ដែល​ជាប់កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship រហូតដល់​៦​ប្រកួត​។ ស៊ី​ចាន់ បើកឆាក​ឆ្នាំ​ថ្មី​នឹង​ប៉ះ​កីឡាករ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ខែកុម្ភៈ នា​ក្រុង​ហ្សា​ការ​តា​។​

 
​គ្រូបង្វឹក​មកពី Phnom Penh MMA បាន​ថ្លែងថា ៖«​ស៊ី​ចាន់ បាន​រៀនសូត្រ​ច្រើន​អំពី​ការប្រកួត​ជំហរ​ដេក​ឬ ប្រកួត​រាប់​លើ​ក្តា​រេញ​កន្លងមក​។ ហើយ​ការប្រកួត​កាល​ខែ វិច្ឆិកា  ស៊ី​ចាន់ ប៊ិះ​អាច​ឃ្លេ​ករ​បស់ Roshan Mainam យកឈ្នះ ប៉ុន្តែ ភ្លាត់​បន្តិច​បែរ​ចូល​ឃ្លេ​គេ​វិញ​។ ឆ្នាំ​ថ្មី​នេះ ស៊ី​ចាន់ ទទួល​ការប្រកួត​ដល់​៦​លើក ដូច្នេះ​យើង​ត្រូវ​រៀបចំ​រហូត និង​ទៅ​ប្រកួត​ដើម្បី​ស្វែងរក​ជ័យជម្នះ​ត្រលប់មក​ផ្ទះ​វិញ​»​។ 


 
​ជាមួយគ្នា​នោះដែរ ខុន ស៊ី​ចាន់ ក៏បាន​តាំងចិត្ត​មិន​ស្ដាយក្រោយ​បន្ទាប់ពី​រង​បរាជ័យ​ជាប់​គ្នា​ក្នុង​កម្មវិធី​ប្រកួត​របស់ ONE Championship នៅ​ឆ្នាំ ២០១៩ ដោយ​ផ្អែកលើ​ហេតុផល​ក្បាច់​ឃ្លេ​នៅ​ស្ទើរ​ជាង​គូប្រជែង​។ ក្នុងចំណោម​ផែនការ​ប្រកួត​៦​លើក​នៅ​ឆ្នាំ​ថ្មី ស៊ី​ចាន់​នឹង​ប្រឹងប្រែង​ឲ្យ​អស់​កម្លាំងកាយ​ចិត្ត បើ​មិន​ទទួល​ជ័យជម្នះ​ទាំងអស់ ក៏ត្រូវ​ឈ្នះ​ខ្លះ​ត្រលប់មក​ផ្ទះ​វិញ​ដែរ​។ ហើយ​អ្វីៗ​ត្រូវ​មើល​លើ​ហ្វឹកហាត់​ត្រៀម​ប្រកួត​តាម​ស្ថានការណ៍​ជាក់ស្ដែង​។ 
 
​បែបណា​ក្ដី លោក Alan សង្កត់ធ្ងន់ថា​៖«​យើង​នឹង​បង្កើន​ការហ្វឹកហាត់​ត្រៀម​រហូត ព្រោះ​កម្មវិធី​ប្រកួត​បន្តបន្ទាប់​បើ​គិត​ទៅ​ត្រឹម ២​ខែ​ប្រកួត​ម្ដង​ជា​មធ្យម​។ ខ្ញុំ​សង្ឃឹមថា ស៊ី​ចាន់ ទទួលបាន​លទ្ធផល​ល្អ​នៅ​ឆ្នាំ ២០២០ ជាពិសេស​មាន​គ្រូបង្វឹក Fernando Salvador កម្រិត​ខ្សែក្រវាត់​ខ្មៅ​ជឺ​ជិត​ស៊ី ៣ ដាន់ បន្ត​បង្វឹក​ដដែល និង​គ្រូបង្វឹក​មកពី​អាមេរិក​លោក Chris kennedy»​។ 
 
​កីឡាករ​មកពី​ឧ​ត្ត​រ​មានជ័យ​បាន​បង្ហើប​ឲ្យ​ដឹងថា រូបគេ​នឹង​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ​នា​ថ្ងៃទី ១០ មករា​ខាងមុខ ហើយ​បោះជំរំ​ហ្វឹកហាត់​រហូតដល់​ថ្ងៃ​ប្រកួត​នា​ខែកុម្ភៈ​តែម្ដង​។ ម្ចាស់​ខ្សែក្រវាត់​វាយ​ដាក់​ទ្រុង​ឆ្នាំ ២០១៣ រៀបរាប់ថា ការហ្វឹកហាត់​នឹងត្រូវ​បែងចែក​ដូច​ពីមុន​អីចឹង ដោយពេល​ព្រឹក​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ និង ពេល​រសៀល​ត្រូវ​ហ្វឹក​ហាត់គុន​ចម្រុះ និង ជឺ​ជិត​ស៊ូ​។ 
 
​គួរ​ដឹងថា នៅ​ឆ្នាំ ២០១៩ ខុន ស៊ី​ចាន់ ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន​ពីរលើក​។ កីឡាករ​វ័យ​៣២​ឆ្នាំ​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian  ត្រឹម​ទឹក​ទី​១​ដោយសារ​ក្បាច់​ឃ្លេ​ជាប់​ក កាល​ខែ កុម្ភៈ នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​កម្មវិធី ONE:CALL TO GREATNESS​។  បន្ទាប់មក​ថ្ងៃទី ៨ ខែ វិច្ឆិកា ខុន ស៊ី​ចាន់ ចាញ់ ជើង​ខ្លាំង​មកពី​ឥណ្ឌា​ជំនាញ​ចំបាប់ Roshan Mainam ត្រឹម​ទឹក​ទី​១​ដូចគ្នា​ក្នុង​កម្មវិធី ONE: MASTER OF FATE ពេល​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​វិញ​ម្ដង​។ 
 
​កីឡាករ​ទម្ងន់ Flyweight របស់​កម្ពុជា​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៣ មក ពេល​រូបគេ​ឈ្នះ​ខ្សែក្រវាត់​វាយ​ដាក់​ទ្រុង  Khmer Warrior Challenge រដូវ​កាល​ទី​១​ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍ MyTV និង ស៊ី​ធី​អិន​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕
 

© រក្សាសិទ្ធិដោយ thmeythmey.com