អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ បង្ហើបពីគម្រោងពង្រីកបក្សសម្ពន្ធយោធាណាតូដោយរដ្ឋមជ្ឈិមបូព៌ា
10, Jan 2020 , 11:33 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
ថ្លែងពីសេតវិមាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែមករា បានបង្ហើបពីគម្រោងពង្រីកអង្គការបក្សសម្ពន្ធយោធាណាតូទៅកាន់តំបន់មជ្ឈិមបូព៌ា។ បើតាមការលើកឡើងរបស់ប្រធានាធិបតី ការពង្រីកសមាជិកអង្គការយោធានេះ ដើម្បីការពារ និងទប់ស្កាត់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។



«ខ្ញុំគិតថា អង្គការណាតូគួរតែពង្រីក ហើយយើងគួរតែបញ្ចូលប្រទេសនៅតំបន់មជ្ឈិមបូព៌ាច្បាស់ណាស់»។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាប់អ្នកកាសែតនៅវិមានប្រធានាធិបតី។ ក្នុងន័យនេះ លោកប្រធានាធិបតី ចង់ប្រើប្រាស់អង្គការណាតូដើម្បីទប់ទល់ក្រុមរដ្ឋឥស្លាម។ ក្រៅពីក្រុមរដ្ឋឥស្លាមជ្រុលនិយម អាមេរិក ទំនងជាចង់ប្រើប្រាស់អង្គការនេះ ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។

បើតាមលោកត្រាំ វត្តមានរបស់អង្គការរដ្ឋឥស្លាម នៅតែជាបញ្ហាចម្បងរបស់ពិភពលោក ហើយប្រទេសផ្សេងទៀត គួរតែគិតគូរពីបញ្ហាមួយនេះ។ ប្រធានាធិបតីអាមេរិកចង់ឲ្យបញ្ចូលសមាជិកប្រទេសមកពីតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់បញ្ហាភេវកម្ម។ ប្រសិនបើរឿងនេះ អាចទៅរួច ទាហានអាមេរិកជាច្រើននាក់ នឹងអាចត្រលប់មកផ្ទះបាន ហើយអាមេរិក អាចប្រើប្រាស់ណាតូជំនួសវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាមេរិកមិនអាចសម្រេចបញ្ហានេះតែម្នាក់ឯងបានឡើយ ពោលគឺទាល់តែមានការគាំទ្រពីអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ជាមួយគ្នានេះដែរ ការលើកឡើងរបស់ប្រធានាធិបតីបែបនេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយអ៊ីរ៉ង់វាយប្រហារបន្ទាយឈរជើងរបស់ទាហានអាមេរិកចំនួនពីរកន្លែង ដោយមីស៊ីលបាលីស្ទិក ដើម្បីជាការសងសឹង ដែលអាមេរិកហ៊ានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់កងឆ្មាំបដិវត្តន៍ Qassem Soleimani ។ ការណ៍នេះ ត្រូវបានគេមើលឃើញថា អាមេរិកអាចនឹងប្រើប្រាស់អង្គការណាតូ ប្រឆាំងអ៊ីរ៉ង់ច្រើនជាង។

តាមរយៈកិច្ចសន្ទនាមួយជាមួយ អគ្គលេខាធិការអង្គការបក្សសម្ពន្ធយោធា លោក Jens Stoltenberg នាថ្ងៃទី៨ ខែមករា លោកត្រាំបានបង្ហើបឈ្មោះអង្គការយោធាយ៉ាងកំប្លែងថា NATO-ME ឬ NATO បូក។ ប៉ុន្តែលោក Stoltenberg មិនទាន់បានឆ្លើយតបបញ្ហានេះ នៅឡើយទេ។

ជាការពិត ប្រទេសអឺរ៉ុបមិនទាន់ពិចារណាពីបញ្ហានេះនៅឡើយទេ ថាតើគួរបន្ថែមសមាជិកថ្មីនៅតំបន់មជ្ឈិមបូព៌ា ឬក៍អត់។ តាមរយៈជំនួបជាមួយលោក ម៉ៃ ប៉ុមប៉េអូ នាថ្ងៃទី៩ ខែមករា លោក Stoltenberg បានលើកឡើងតែពីបញ្ហាភេរវកម្មតែប៉ុណ្ណោះ។ បើតាមលោក Stoltenberg បានលើកឡើងថា អង្គការភេរវកម្មនៅតែបញ្ហាចម្បង ដែលតម្រូវឲ្យអង្គការណាតូ ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម និងហ្វឹកហ្វឺនកងកម្លាំងបរទេសនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម។

សូមបញ្ជាក់ថា អង្គការបក្សសម្ពន្ធយោធាណាតូ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៩ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់។ បង្កើតឡើងដំបូងមានត្រឹមតែសមាជិក ១២ប្រទេសប៉ុណ្ណោះ អង្គការណាតូ បានបង្កើនសមាជិករបស់ខ្លួនរហូតដល់ ២៩ប្រទេសក្នុងពេលបច្ចុប្បន្ន ៕

Tag:
 អាមេរិក
  ដូណាល់ ត្រាំ
  NATO
© រក្សាសិទ្ធិដោយ thmeythmey.com