ជាតិ
«​ម៉ត់ ឬ​ហ្មត់​»,«​ម៉ដ្ត​»​ឬ​«​ម៉ដ្ឋ​»,«​មត់​» និង​«​មុត​»​ប្រើ​ខុសគ្នា​បែបណា​?
12, Jan 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ បាន​ពន្យល់​ពាក្យ​«​ម៉ត់ ឬ​ហ្មត់​»,«​ម៉ដ្ត​»​ឬ​«​ម៉ដ្ឋ​»,«​មត់​» និង​«​មុត​»​ដូចខាងក្រោម​ថា​៖



​ពាក្យ​«​ម៉ត់ ឬ​ហ្មត់​» មានន័យថា អស់ អស់រលីង មិនមាន មិន​សល់​។ គេ​ប្រើ​ក្នុងន័យ​ថា ហ្មត់តែម្តង​,​ស៊ី​ហ្មត់​,​ចោរលួច​ហ្មត់​។ កាលណា​គេ​ប្រើ​ក្នុងន័យ​ថា សាច់​រលីង​,​ល្អិត​ខៃ​,​សិ្ន​ទ្ធ​ជិត គឺ​ត្រូវ​នឹង​ពាក្យ​«​ម៉ដ្ត​»​ឬ​«​ម៉ដ្ឋ​»​វិញ​។ គេ​ប្រើពាក្យ​នេះ​នៅ​ក្នុងន័យ​ថា កិន​ម្សៅ​ឲ្យ​ម៉ដ្ត​, កិន​ថ្នាំ​ឲ្យ​ម៉ដ្ត​, សំពត់​សាច់​ម៉ដ្ត ជាដើម​។ ចំពោះ​ពាក្យ​«​មត់​»​មានន័យថា បញ្ចេះ​ឲ្យ​ដឹង​ជាមុន​ដោយ​ត្រូវ​គំនិត​គ្នា​,​សន្មតគ្នា​ដោយ​ប្តេជ្ញា​យ៉ាង​ស្ងាត់​។ ឧទាហរណ៍​៖ និយាយ​មត់គ្នា​។​
 
​ចំណែក​ពាក្យ​«​មុត​»​ជា​កិរិយាសព្ទ មានន័យថា បង្កើតជា​របួស​ដោ​យស​ស្ត្រា ឬ​របស់​ដែលមាន​មុខស្រួច​។ ឧទាហរណ៍​៖ មុត​កាំបិត​។ គេ​អាច​ប្រើពាក្យ​«​មុត​»​ក្នុងន័យ​ម្យ៉ាង​ទៀតថា ចិត្តមុត គឺ​ចិត្ត​ក្លាហាន​, ប្រាជ្ញា​មុត គឺ​ប្រាជ្ញា​រហ័ស​វាងវៃ​,​ភ្នែក​មុត គឺ​ភ្នែក​ដែល​ប៉ិន​មើល​សង្កេត​ស្គាល់់​ការណ៍​ពិត​បាន​ភ្លាមៗ​, សម្តី​មុត គឺ​សម្តី​ក្លៀវក្លា ហាន​ស្តីថា​ឲ្យ​គេ​ម៉ាំងៗ​ជ្រៅៗ មិន​ញញើត​មាត់​, មោះមុត ដែល​ក្លាហាន អង់អាច​,​មុតមាំ ដែល​រឹងប៉ឹង​៕  
 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com