ជាតិ
TheTravel៖ ហេតុផល​ដែល​ទេសចរ​ទៅដល់​វៀតណាម តែ​មិនអាច​រំលង​កម្ពុជា​
11, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ធីតា
TheTravel ដែលជា​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ បានលើកឡើង​ពី​ហេតុផល​ល្អ​ទាំង​២០​ចំណុច ដែល​ទេសចរ ត្រូវ​ចាប់យក​ឱកាស​ក្នុង​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា និង​វៀតណាម​។ តម្លៃថោក​សមរម្យ អាកាសធាតុ​ល្អ អរិយធម៌​សម្បូរបែប ជា​កត្តា​ដែល​អាច​ទាក់ទាញ​អ្នកទេសចរ​មកកាន់​ប្រទេសជិតខាង​ពីរ​នេះ​។

 
TheTravel លើកឡើង​ពី​ហេតុផល​២០​ចំណុច ដែល​អាចធ្វើ​ឲ្យ​អ្នកទេសចរ​អាច​ប្រៀបធៀប​លើ​ចំណុចខ្លាំង​រៀងៗ​ខ្លួន​លើ​សក្តានុពល​ទេសចរណ៍ ក្នុងករណី​ពួកគេ​សម្រេចចិត្ត​រើសយក​តែ​ប្រទេស​ណាមួយ​សម្រាប់​ដំណើរ​កម្សាន្ត​របស់ខ្លួន​។​
 
១. វៀតណាម​៖ កាហ្វេ​ដ៏​សម្បូរបែប រសជាតិ​ប្លែកៗ ដូចជា​កាហ្វេ​ស៊ុត កាហ្វេ​ដូង និង​កាហ្វេ​ផ្សេងៗ​ទៀត​។​
២. កម្ពុជា​៖ ម្ហូប​ខ្មែរ​មាន​លក្ខណៈពិសេស​ដែល​ពិបាករ​កនៅ​ប្រទេស​ផ្សេងទៀត​។ មិន​ហឹរ​ដូចជា​ម្ហូប​ថៃ ប៉ុន្តែ​រសជាតិ​មិនអាច​បំភ្លេចបាន​។​


 
៣. វៀតណាម​៖ ស្ថិត​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ក្រុង Hue ជា​អតីត​រាជធានី​មួយ ប៉ុន្តែ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ដោយសារ​សង្គ្រាម​។ 
៤. កម្ពុជា​៖ បាត់ដំបង ជា​ក្រុង​ទេសចរណ៍​បង្កប់​ដោយ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ ជាពិសេស​ផ្ទះ​បុរាណ ហើយ​អ្នកទេសចរ​អាច​សាកល្បង​រសជាតិ​ធ្វើដំណើរ​តាម​ឡូរី​។​


 
៥. វៀតណាម​៖ ដំណើរ​តាមផ្លូវ​ទឹក​នៅ​ភាគខាងត្បូង​វៀតណាម ជាពិសេស​ទិដ្ឋភាព​លក់ដូរ​នៅ​ផ្សារ​បណ្តែត​ទឹក​នៃ​ក្រុង Can Tho នាំ​ឲ្យ​ទេសចរ កាន់តែ​ស្គា​ល់ពី​ជីវិត​ពលរដ្ឋ​សហគមន៍​។​
៦. កម្ពុជា​៖ ដំរី ជា​ផ្នែក​មួយ​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សត្វ​។ សមាសភាព​សត្វ​ដំរី​មាន​ប្រវត្តិ​ដ៏​យូរលង់​ក្នុងសង្គម​ខ្មែរ​។ បច្ចុប្បន្ន​អាជ្ញាធរ​កម្ពុជា​លែង​អនុញ្ញាត​ឲ្យ​សត្វ​ដ៏​ស្មោះស្ម័គ្រ​នេះ ដឹក​ភ្ញៀវទេសចរ​ទៀតហើយ​។​


 
៧. វៀតណាម​៖ ការធ្វើដំណើរ​តាម​ម៉ូតូ ឬ​កង់ ជា​ជម្រើស​ដ៏​ទាក់ទាញ​សម្រាប់​ជនបរទេស ជាពិសេស​នៅ​ក្រុង​ចម្បង​ទាំងពីរ គឺ​ហូជីមិញ និង​ហាណូយ​។​
៨. កម្ពុជា​៖ ការឡើង​ភ្នំ ក្លាយជា​កញ្ចប់​ទេសចរ​ដ៏​ពេញនិយម ជាពិសេស​ដំណើរ​ទៅកាន់​ភ្នំ​ក្រវ៉ា​ញ ឬ​ភ្នំ​ឱ​រ៉ា​ល់​ដ៏​ខ្ពស់​ជាងគេ​ក្នុងប្រទេស​។ នៅទីនេះ មាន ជីវចម្រុះ និង​សត្វព្រៃ ជាច្រើន​ដ៏​ទាក់ទាញ​ច្រើន​ប្រភេទ​។​


 
៩. វៀតណាម​៖ Hoi An ត្រូវបាន​ចាត់ទុកជា​ក្រុង​ដែល​អាច​ផ្តិត​យក​ទិដ្ឋភាព​ធម្មជាតិ និង​សកម្មភាព​ប្រចាំថ្ងៃ​ដ៏​ល្អ​បំផុត​មួយ រួមទាំង​ទឹកធ្លាក់​ធម្មតា ហាង​ទំនិញ ទីផ្សារ និង​ភោជនីយដ្ឋាន​ទំនើបៗ​។​
១០. កម្ពុជា​៖ ដំណើរ​មកកាន់​កម្ពុជា មិន​ត្រឹមតែ​សំដៅ​ទៅកាន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នោះឡើយ ប៉ុន្តែ​ប្រវត្តិ​ដែល​ទាក់ទង​នឹង​ប្រទេសមួយ​នេះ ក៏​ជាទី​ចាប់អារម្មណ៍​ផងដែរ​។ ប្រវត្តិ​សម័យអង្គរ ឈានដល់​សម័យ​ខ្មែរក្រហម សុទ្ធ​តែមាន​តឹកតាង​បង្ហាញ​ប្រាប់​ភ្ញៀវទេសចរ​។​
១១. វៀតណាម​៖ ទេសភាព​វាលស្រែ​នៅ​តំបន់ភ្នំ​នៃ​ក្រុង Sapa ជាប់​ព្រំដែន​ចិន ពិតជា​ទាក់ទាញ ជាពិសេស​ទៀត​នោះ គឺ​ឧទ្យាន​ជាតិ Hoang Lien​។​
 


១២៖ កម្ពុជា​៖ មើល​ព្រះអាទិត្យ​រះ​! សម្រាប់អ្នកទេសចរ​ទូ​ទាំង​ពិភពលោក ពួកគេ​ពិបាក​រក​កន្លែង​ណា​ដែល​ល្អ​ពិសេស​ជាង អង្គរវត្ត នៅ​តំបន់​អច្ឆរិយ​របស់​កម្ពុជា​នោះឡើយ​។​
១៣. វៀតណាម​៖ ការធ្វើដំណើរ​តាម​រថយន្តក្រុង​នៅពេល​យប់ ជា​រសជាតិ​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់អ្នកទេសចរ​បែប​ផ្សងព្រេង ដោយ​ពួកគេ​បាន​ទៅដល់​គោលដៅ​យ៉ាង​រីករាយ​ពេល​ភ្ញាក់ឡើង​។​
 
១៤. កម្ពុជា​៖ ខេត្ត​ព្រះសីហនុ គឺជា​ទីតាំង​ជួបជុំគ្នា​ដ៏​រីករាយ ទាំង​ពេល​ថ្ងៃ និង​ពេលយប់​។ ពេល​ថ្ងៃ​គេ​អាច​កម្សាន្ត​នៅតាម​បណ្តា​កោះ ហើយ​ពេលយប់ ពោរពេញ​ទៅដោយ​ទីតាំង​រាំលេង​កម្សាន្ត​។​


១៥. វៀតណាម​៖ ឆ្នេរ Halong ដែល​នៅ​មិន​ឆ្ងាយ​ពី​ហាណូយ មាន​ផ្ទាំង​ថ្ម​ធម្មជាតិ​ដ៏​ស្រស់ស្អាត ហើយ​ទេសចរ​និយម​ទៅកាន់​ទីនោះ តាមរយៈ​ការ​ជិះ​កា​យ៉ាក់​។​
១៦. កម្ពុជា​៖ ស្នាមញញឹម​ពោរពេញ​ទៅដោយ​ភាពរួស​រាយ​រាក់ទាក់ ពិតជា​ពិបាក​រក​ខ្លាំងណាស់​។ ពលរដ្ឋ​មូលដ្ឋាន​របស់​កម្ពុជា ត្រូវបាន​វាយតម្លៃថា ជា​មនុស្ស​ស្វាគមន៍​ភ្ញៀវ​បរទេស និង​ចិត្តល្អ​បំផុត​។​
 
១៧. វៀតណាម​៖ កត្តា​ភូមិសាស្ត្រ​ពី​តំបន់ភ្នំ ព្រៃ រូងភ្នំ ឆ្នេរសមុទ្រ រហូតដល់​ស្ទឹង ទន្លេ បឹងបួរ សុទ្ធតែជា​ទីតាំង ដែល​ទេសចរ​អាច​ទស្សនា​ជា​កញ្ចប់​បាន ជាពិសេស​រវាង​ទីក្រុង និង​ជនបទ​។​
១៨. កម្ពុជា​៖ ចំណីផ្លូវ​សម្រាប់អ្នកទេសចរ មិនទាន់​សម្បូរបែប​នោះឡើយ​នៅ​កម្ពុជា ប៉ុន្តែ​នា​រយៈពេល​ចុងក្រោយ បណ្តា​ក្រុង​ធំៗ សុទ្ធ​តែមាន​សេវាកម្ម​ដឹកជញ្ជូន​តាមរយៈ App ដ៏​សម្បូរបែប​ផងដែរ​។​
 
១៩. វៀតណាម​៖ ហ្វ៊ើ បាន​ក្លាយជា​យីហោរ​ដ៏​ទាក់ទាញ​សម្រាប់អ្នកទេសចរ ដោយ​ពួកគេ​សាកល្បង​រសជាតិ ស្ទើរ​គ្រប់​ទីកន្លែង ជាពិសេស​នៅ​ហាង​តាម​ចិញ្ចើមផ្លូវ​។​
២០. កម្ពុជា​៖ នៅ​អាស៊ីអាគ្នេយ៍ បរទេស​ចង់​មកលេង​កម្ពុជា ក្រោម​ហេតុផល​ដ៏​សំខាន់​មួយទៀត​នោះ​គឺ លំហែរ​កាយ​នៅតាម​ឆ្នេរ និង​កោះ ដ៏​មនោ​រម្យ​។ កោះរុង ជាទី​តាំង​ដែល​ទេសចរ​មិន​ងាយ​រំលង​៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com