វៀតណាម ដែលជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទើបកាន់តំណែងនោះ បានចាប់ផ្តើមការងារ និងការទទួលខុសត្រូវដំបូងក្នុងនាមជាប្រធានវិលជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខតែម្តង។ ការងារដំបូងនោះគឺ វៀតណាម ត្រូវដឹកនាំកិច្ចពិភាក្សាដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខសកល ស្របពេលពិភពលោក កំពុងតែមានភាពតានតឹងស្រាប់នោះ។
លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងនាមជាប្រធានវិលជុំប្រចាំខែ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃ៩ មករា បានដឹកនាំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីមួយ ដោយផ្តោតសំខាន់លើការងារអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News។
តាមរយៈកិច្ចពិភាក្សា ដែលមានការចូលរួមពីសំណាក់លោកអគ្គលេខាធិការអង្គការសហប្រជាតិ Antonio Guterres ផងនោះ លោកឧបនាយករដ្ឋមន្ត្រី Minh បានលើកឡើងពីសារៈសំខាន់នៃការគោរព និងប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជួយបញ្ចៀសការរស់នៅរបស់មនុស្សជាតិពីសង្គ្រាម។
តំណាងជាន់ខ្ពស់ និងជាប្រមុខការទូតវៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា វៀតណាម ចាត់ទុកការប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ គឺជាមធ្យោបាយសំខាន់បំផុតក្នុងការរក្សាឲ្យបាននិរន្តភាពសន្តិភាព, នាំមកនូវភាពរុងរឿង និងកសាងសណ្តាប់ធ្នាប់ពិភពលោកមួយប្រកបដោយតម្លាភាព និងឈរលើមូលដ្ឋានច្បាប់ និងបរិយាកាសសមធម៌ និងមិត្តភាពក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសពិភពលោក។
ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ទើបចូលកាន់តំណែង (សម្រាប់អាណត្តិ២០២០-២០២០) និងជាប្រធានប្តូរវេនប្រចាំខែផង លោក Minh បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខ និងសមាជិករបស់ខ្លួន ឲ្យបង្ហាញគំរូនាំមុខគេក្នុងការអង្កេត និងអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ។
នាឱកាសនោះ លោក ក៏បានទទូចដល់សមាជិកទាំងអស់បង្កើនកិច្ចសន្ទនា, បន្តអនុវត្តគោលការណ៍ពហុភាគីនិយម, និងអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងកម្រិតអតិបរមា ជាពិសេសលើកិច្ចការទប់ស្កាត់ជម្លោះ និងដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធីបំផុតផងដែរ។
គួរជម្រាប ក្រុមប្រឹក្សាសន្តិសុខ គឺជាអង្គភាពដ៏មានឥទ្ធិពលមួយរបស់ពិភពលោក ដែលស្ថិតក្រោមចំណុះអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សានេះ មានសមាជិកសរុបទាំងអស់ ១៥ ប្រទេស ដែលក្នុងនោះ មាន ៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍ (ចិន បារាំង អង់គ្លេស អាមេរិក និងរុស្ស៊ី) និង១០ ផ្សេងទៀត ជាសមាជិកមិនអចិន្ត្រៃយ៍ ដែលត្រូវបានជ្រើសរើសជាតំណាងតាមតំបន់គោលនីមួយៗសម្រាប់អាណត្តិពីរឆ្នាំ។
តាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាលិខិតូបករណ៍ ឬច្បាប់កំពូលមួយរបស់ពិភពលោក ក្រុមប្រឹក្សាសន្តិសុខ ត្រូវមានការទទូលខុសត្រូវលើកិច្ចការរក្សា និងការពារសន្តិសុខ និងសន្តិភាពអន្តរជាតិ។ ក្រុមប្រឹក្សានេះ មានសិទ្ធិអំណាចស្នើដាក់ទណ្ឌកម្មតាមស្ថានភាពជាក់ស្តែងទៅលើបណ្តារដ្ឋសមាជិក ដែលរំលោភបំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសបញ្ហាសន្តិសុខ និងសន្តិភាពអន្តរជាតិតែម្តង៕