ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​ជ្រោយ​ដង​ខេត្តកណ្ដាល​ប្រកប​របរ​លក់​តាសក់ស្រូវ​ទុំ ដើម្បី​រក​ចំណូល​បន្ថែម​
11, Jan 2020 , 8:59 pm        
រូបភាព
​កណ្ដាល​៖ កសិករ​មួយចំនួន​នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​ចាប់យក​របរ​លក់​ផ្លែ​តាសក់ស្រូវ​ទុំ ដើម្បី​រក​ចំណូល​បន្ថែម​មក​ផ្គត់ផ្គង់​គ្រួសារ ក្រៅពី​របរ​ធ្វើស្រែ​ចំការ​ដែល​ត​ពី​ដូនតា​នោះ​។ ទោះជា​យ៉ាងណា នៅក្នុង​ខែ​នេះ​តាសក់ស្រូវ​ទុំ​លក់​មិនសូវ​ដាច់​ប៉ុន្មាន​នោះទេ ដោយ​ភាគច្រើន​អាច​លក់ដាច់​តែ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ព្រោះ​មាន​អ្នកធ្វើដំណើរ​ច្រើន​។​



​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




 
​ស្ថិតក្នុង​រោង​ប្រក់​កំណាត់​ចាស់ៗ ទំហំ​ប្រមាណ​៣​ម៉ែត្រ​ដែលមាន​ចង​អង្រឹង​ឱ្យ​ក្មេង​គេង​នៅ​ទីនោះ​ផង អ្នកស្រី ហន ស៊ី​នឿន កំពុង​មមាញ​ញឹក​រៀបចំ​តាសក់ស្រូវ​ទុំ ដាក់​ឱ្យមាន​របៀបរៀបរយ​ដើម្បី​លក់​។ ដាំ​តាសក់ស្រូវ​ដោយ​ខ្លួនឯង​អ្នកស្រី ស៊ី​នឿន ប្រាប់​ពី​ការប្រមូល​ផល​តាសក់​ដូច្នេះ​៖«​បើ​មាន​ក្មេងៗ​ជួយ​លី​ឡើង​ទូក មួយថ្ងៃ​បាន​២​ទូក​ដែរ ហើយ​១​ទូក​ប្រហែល​១​តោន​។ ប៉ុន្តែ​ប្រមូល​ផល​តែ​មួយដង​វា​ទុំ​ចង់​អស់ហើយ ដូច្នេះ​បេះ​តែ​២​ដង​ចង់​អស់​តែម្ដង​។ ប៉ុន្តែ​ខ្ញុំ​ដាំ​មាន​២​វគ្គ នៅ​វគ្គ​មុន​ខែ​១២ ដល់​ខែ​១​នេះ​នៅ​មួយ​ចម្ការ​ទៀត ដូច្នេះ​ចេះតែ​បាន​រើស​បន្ត​រាល់ថ្ងៃ​»​។


 
​កសិករ​សម្បុរ​ស្រអែម​រូបនេះ លក់​បោះ​ដុំ​ឱ្យ​អ្នក​យកទៅលក់​បន្ត ក្នុងតម្លៃ​គិត​ទៅតាម​ទំហំ​តាសក់​៖«​ថ្ងៃ​ខ្លះ​ក៏​លក់​មិន​ដាច់ ហើយ​ថ្ងៃ​ខ្លះទៀត​ក៏​លក់ដាច់ ប៉ុន្តែ​បាន​បោះ​ទៅឱ្យ​អ្នកលក់​បន្ត​នៅ​ជិតៗ​នេះ​ខ្លះ​ដែរ​។ បោះ​ឱ្យ​អ្នកលក់​បន្ត​គិត​ជា​ឡូ មាន​១​ឡូ​៧​ម៉ឺន ៥​ម៉ឺន និង​៤​ម៉ឺន​រៀល អាស្រ័យ​លើ​ផ្លែ​ធំ​ឬ​តូច​»​។​
 
​ខំ​និយាយ​ប្រជែង​នឹង​សំឡេង​ឡាន​ម៉ូតូ​ដែល​បើក​បន្តកន្ទុយ​គ្នា​មិន​ដាច់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ អ្នកស្រី ស៊ី​នឿន ប្រាប់​ពី​រស់ជាតិ​តាសក់ស្រូវ​ទុំ ដោយ​មើល​ទៅលើ​ពណ៌​របស់​សំបក​ខាងក្រៅ​៖«​តាសក់​មាន​ពណ៌​ផ្សេងគ្នា​គឺ​ពូជ​ផ្សេងគ្នា ខ្លះ​ល្មួត ខ្លះ​ផុស ខ្លះ​ល្មួត​តិច ខ្លះ​ល្មួត​ច្រើន​។ អ្នកទិញ​រក​ផុស​ខ្ញុំ​ប្រាប់​គេ​ថា​មួយណា​ផុស ហើយ​គេ​ស្រឡាញ់​មួយណា​គេ​យក​មួយ​នោះ​ទៅ​»​។​
​ដាំ​តាសក់ស្រូវ​ខ្លួនឯង ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ បោះ​ដុំ​តាសក់ស្រូវ​ទុំ​ល្អៗ​ឱ្យ​អ្នកទិញ​លក់​បន្ត  ចំណែក​សល់​តាសក់​តូចៗ​ឬ​មិនសូវ​ល្អ អ្នកស្រី​ទុក​លក់​ខ្លួនឯង​៖«​តាសក់​នៅ​កន្លែង​ខ្ញុំ​ខុសគេ ខ្ញុំ​លក់​អា​ធំៗ​បោះ​ដុំ​ឱ្យគេ ហើយ​ខ្ញុំ​ទុក​អាតូចៗ​លក់រាយ​ខ្លួនឯង​។ ខ្ញុំ​លក់រាយ​ជួនកាល​១​គីឡូ​២​ពាន់​រៀល ជួនកាល​មួយ​គីឡូ​៣​ពាន់​រៀល​»​។


 
​ជា​អ្នកទិញ​តាសក់ស្រូវ​ទុំ​យកមក​លក់​បន្ត​អ្នកស្រី មឿ​ន ណេ​ត ដែល​ដៃ​កាន់​ខ្សែ​អង្រឹង​ជាប់​យោល​កូន​មិន​ដាក់​ដៃ ហើយ​ភ្នែក​ប្រឹង​មើល​អ្នកដំណើរ​ក្រែង​ឈប់​ទិញ​តាសក់​របស់ខ្លួន​។ ក្នុង​រោង​មាន​ទាំង​តាសក់​ល្អ ហើយ​ខ្លះទៀត​បាន​ខូច​ព្រោះតែ​លក់​មិន​អស់ អ្នកស្រី ណេ​ត ប្រាប់​ពី​តម្លៃ​ទិញ​ចូល​៖«​ខ្ញុំ​លក់​ចេញ​មួយ​គីឡូ​៣​ពាន់​រៀល​។ ខ្ញុំ​ទិញ​ពី​គេ​គិត​ជា​ឡូ ហើយ​តម្លៃ​គិត​ទៅតាម​ទំហំ​តាសក់ អា​ធំ​៧​ទៅ​៨​ម៉ឺន​រៀល​។ របរ​នេះ​លក់​មិន​ចំណេញ​ប៉ុន្មាន​ទេ បើ​ខូច​បែបនេះ​ទៀត​ចប់​ហើយ​។ ខ្ញុំ​មិនមាន​មុខរបរ​អ្វី ចេះតែ​រក​ចេះតែ​លក់​ទៅ​។ ថ្ងៃ​ណា​លក់ដាច់​ទៅ បាន​គ្រាន់​ចាយ បើ​ថ្ងៃ​លក់​មិន​ដាច់​ក៏​តាម​នោះ​ទៅ​»​។



​ត្អូញត្អែរ​ទាំងមុខ​ស្រងូត ស្ត្រី​វ័យ​៣៨​ឆ្នាំ​រូបនេះ ថាបើ​លក់ទំនិញ​មិន​អស់ នោះ​អ្នកស្រី​មិនអាច​រកប្រាក់​ចំណេញ​បានឡើយ​៖«​លក់​ថ្ងៃ​ខ្លះ​រក​៥​ម៉ឺន​រៀល​មិន​ចង់បាន​ផង​ព្រោះ​អ្នកលក់​ច្រើន​។ បើ​លក់​អស់​បានឃើញ​ប្រាក់ចំណេញ​។ ខ្ញុំ​លក់​ខាត​ច្រើនដង​ដែរ អស់​២០​ម៉ឺន​រៀល​៣០​ម៉ឺន​រៀល តែ​រកស៊ី​វា​តែងតែមាន​ខាត​និង​ចំណេញ​ចៀស​មិន​ផុត​ទេ​»​។​
 
​ដូចគ្នា​ដែរ​អ្នកលក់​រូបនេះ​មានសង្ឃឹម​លក់ដាច់ តែ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​តែប៉ុណ្ណោះ ព្រោះ​មាន​អ្នកធ្វើដំណើរ​ច្រើន​៖«​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​លក់ដាច់​គ្រាន់បើ តែ​ពេលខ្លះ​ក៏​លក់​មិន​ដាច់​ដែរ ព្រោះ​នៅពេលដែល​គេ​បើក​ប្រាក់ខែ​២​ដង​បែបនេះ​លក់​មិនសូវ​ដាច់​ទេ​។ តាសក់​នេះ​លក់ដាច់​ភាគច្រើន​ឱ្យ​អ្នកធ្វើដំណើរ​។ ចំណែក​តាសក់​ដែល​ខូច​ខ្លះ បើ​គេ​ត្រូវការ​ទិញយក​ទៅធ្វើ​ផ្លែឈើ​ក្រឡុង​បាន តែបើ​យកទៅ​ហូប​ឬ​ធ្វើជា​បង្អែម​មិនកើត​ទេ​។ អ្នកខ្លះ​គេ​ទិញ​ដើម្បី​វះ​យក​គ្រាប់​ធ្វើ​ពូជ​»​។​
 
​មក​ចាប់អារម្មណ៍​អ្នកលក់​មួយរូប​ទៀត​គឺ​អ្នកនាង សែ​ប ស​ម្ភ​ស​។ សម្បុរ​ស​ឈរ​ក្បែរ​គំនរ​តាសក់ស្រូវ​ទុំ ដែលមាន​ទំហំ​ធំ​ស្មើៗ​គ្នា អ្នកលក់​រូបនេះ​ទិញ​តាសក់​ពីលើ​កោះ​ដែល​នៅក្នុង​ភូមិ​នេះ​ខ្លះ និង​យក​ពី​ខេត្តកំពង់ឆ្នាំង​ខ្លះ​។ អ្នកនាង​ប្រាប់​ពី​របៀប​មើល​តាសក់​ដែលមាន​រសជាតិ​ឆ្ងាញ់​៖«​តាសក់​ប្រេះ​គឺ​វា​ទុំ​ដើម ហើយ​គេ​ថា​តាសក់​ប្រេះ​ឆ្ងាញ់​ជាង​តាសក់​មិន​ប្រេះ​។ ថ្ងៃ​ខ្លះ​ខ្ញុំ​លក់បាន​១០​ផ្លែ​ឬ​២០​ផ្លែ មិន​ទៀងទេ​អាស្រ័យ​ទៅតាម​ថ្ងៃ​»​។



ស្ត្រី​រួសរាយ​រូបនេះ​ពន្យល់​ពី​មូលហេតុ​ដែល​ទិញ​តាសក់​ពីរ​កន្លែង​៖«​ខ្ញុំ​ទិញ​តាសក់​២​កន្លែង ព្រោះ​បើ​ទិញ​តែ​១​កន្លែង​ក៏​លក់​មិនទាន់​ដែរ ព្រោះ​អ្នកទិញ​ក៏​ច្រើន​ដែរ​។ ខ្ញុំ​ទិញ​ពី​គេ​១​គីឡូ​២​ពាន់​រៀន ហើយ​ខ្ញុំ​លក់​ចេញ​៣​ពាន់​រៀល​។ បើ​តាសក់​សម្បូរ​ខ្លាំង ខ្ញុំ​ទិញ​ថោក​ខ្ញុំ​ក៏​លក់​ចុះ​ខ្លះ​ដែរ​»​។​
 
​តាម​បទពិសោធ​ដែល​ធ្លាប់​ប្រកប​របរ​លក់​តាសក់ស្រូវ​ទុំ​ជាង​២​ឆ្នាំ អ្នកនាង ស​ម្ភ​ស ប្រាប់​ពី​រដូវ​តាសក់ស្រូវ​ទុំ​៖«​រដូវ​តាសក់ស្រូវ​ទុំ​មាន​ពី​ខែ​១​ដល់​ខែ​៥​។ ថ្ងៃ​សៅរ៍​និង​អាទិត្យ​ពេលខ្លះ​លក់បាន​២​ទៅ​៣​រយ​គីឡូ​។ មួយ​សប្ដាហ៍​ខ្ញុំ​ទិញ​តាសក់​ចូល​ម្ដង​ប្រហែលជា​២​តោន​។ បើ​លក់ដាច់​ច្រើន​ថ្ងៃ​សៅរ៍​និង​អាទិត្យ បាន​ចំណេញ​ប្រហែល​១០​ម៉ឺន​រៀល​»​។​
 
​ថ្វីបើ​របរ​លក់​តាសក់​ស្រូវ​ទុំ​មិនសូវ​កប​ក៏ពិតមែន ប៉ុន្តែ​វា​ក៏​អាចជួយ​ឱ្យ​អ្នកស្រី មឿ​ន ណេ​ត មាន​ប្រាក់​ឱ្យ​កូន​ទៅ​រៀន និង​ផ្គត់ផ្គង់​គ្រួសារ​ខ្លះ​ដែរ​៖«​ខ្ញុំ​លក់​ទប់​គ្នា បើ​ខាត​តាសក់​ខ្ញុំ​បាន​លក់​ពុទ្រា​យោង​។ របរ​នេះ​អាចជួយ​ផ្សំគ្នា វា​គ្រាន់បើ​ជាង​នៅផ្ទះ​។ ប្រាក់ចំណេញ​មិនបាន​រហូតដល់​សល់​ប្រាក់​ច្រើន​ទេ តែ​វា​អាចជួយ​ឱ្យ​កូន​របស់ខ្ញុំ​ទៅ​រៀន​បាន​ខ្លះ​ដែរ​»​។


 
​សម្រាប់​អ្នកស្រី ស៊ី​នឿន អះអាងថា​អ្នកស្រី​ដាំ​តាសក់ស្រូវ​មិន​ប្រើ​ថ្នាំ​គីមី​ពុល​ច្រើន​ឡើយ មានន័យថា​អ្នកស្រី​ប្រើ​ជីគីមី​បន្តិច​ប​ន្ទួ​ច​និង​ប្រើ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ខ្លះ​ដែរ ប៉ុន្តែ​នៅពេលដែល​តាសក់​ចាប់ផ្ដើម​ផ្លែ អ្នកស្រី​មិន​ប្រើ​ថ្នាំ​ទៀតឡើយ ហើយ​ស្ត្រី​រូបនេះ​ពន្យល់​ពី​មូលហេតុ​ដែល​មិន​ប្រើ​ថ្នាំ​គីមី​ពុល​៖«​ខ្ញុំ​ដាំ​តាសក់ស្រូវ​លើដី​ប្រហែល​មួយ​ហិកតា​។ ខ្ញុំ​មិន​ប្រើ​ថ្នាំ​គីមី​ឡើយ​ព្រោះ​ខ្លាច​ប៉ះពាល់​ផ្លែ ព្រោះ​ខ្ញុំ​ដក​ការពិសោធ​ឆ្នាំមុន​។ កាលនោះ​ខ្ញុំ​ឃើញ​វា​អន់​ខ្ញុំ​ប្រើ​ជី​ស​ស្រោច​តាម​គុម្ព​និង​បាញ់ថ្នាំ តែ​ពេល​វា​ផ្លែ​មក​ក៏​ប្រេះ​តែម្ដង នៅ​តូចៗ​ប៉ុន​ម្រាមដៃ​គឺ​វា​ប្រេះ​តែម្ដង​»៕
 

Tag:
 កណ្ដាល​
  តាសក់ស្រូវ​
  ជ្រោយ​ដង​
  មុខរបរ​
© រក្សាសិទ្ធិដោយ thmeythmey.com