ជាតិ
ត្រី​ច្រឡឹង ឬ​ត្រី​ព្រលូង អាច​ស៊ី​ផ្លែ​រុក្ខជាតិ​ដែល​ពុល ហើយ​ធ្វើ​ឲ្យ មនុស្ស​ដែល​បរិភោគ​វា​ពុល​បាន​ទៀត​
11, Jan 2020 , 9:59 pm        
រូបភាព
 ​ត្រី​ច្រឡឹង ឬ​ត្រី​ព្រលូង​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
​ត្រី​ច្រឡឹង ឬ​ត្រី​ព្រលូង​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែលជា​ប្រភេទ​ត្រី​ក្នុង​តំបន់ មាន​រស់នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។​

 
​ត្រី​នេះ​មានឈ្មោះ​ពីរ នៅ​តូច​ហៅ «​ត្រី​ច្រឡឹង​» ពេញ​ធំ​វ័យ​ហៅ «​ត្រី​ព្រលូង​» មានឈ្មោះ​វិទ្យាសាស្ត្រ (Leptobarbus rubripinna)  មាន​ប្រវែង​ដងខ្លួន​ដល់​ប្រហែល ៥០ ស​.​ម​។ វា​រស់នៅក្នុង​ទីជម្រក​ដូចជា ទន្លេ ស្ទឹង និង​តាម​តំបន់​វាលទំនាប​លិច​ទឹក និង​ជា​ប្រភេទ​ត្រី​ដែល​មិនអាច​រស់នៅក្នុង​ទឹក​ដែល​ពុំមាន​ចរន្ត​ចេញចូល​បានឡើយ​។ នៅក្នុង​រវាង​ខែមករា និង​កុម្ភៈ វា​ធ្វើចរាចរ​ផ្លាស់​ទី​ទៅក្នុង​ទន្លេមេគង្គ​លើ និង​វិល​ត្រឡប់មកវិញ​ក្នុង​ខែឧសភា ដល់​ខែមិថុនា​។ វា​ស៊ី​សត្វល្អិត និង​ផ្លែ​រុក្ខជាតិ​ជាច្រើន​ប្រភេទ បួ​ក​រួមទាំង​ផ្លែ​រុក្ខជាតិ​មាន​ជាតិពុល​ខ្ពស់ អាចធ្វើ​ឲ្យ​ពុល​ដល់​មនុស្ស​ដែល​ចាប់​វា​មក​បរិភោគបាន​។ «​ត្រី​ច្រឡឹង​» ឬ «​ត្រី​ព្រលូង​» ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List Data deficient (DD)  ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​ពុំមាន​ទិន្នន័យ​។​
 
​លក្ខណៈ​សម្គាល់​៖  
​ទ្រនង់​ព្រុយ​ខ្នង​ទន់​មាន​ចំនួន ៩​ទ្រនង់​។ ទ្រនង់​ព្រុយ​គូទ​ទន់​មាន​ចំនួន ៨​ទ្រនង់​។ ពេល​នៅ​តូច មាន​ឆ្នូត​ខ្មៅ​តាម​ខ្សែបណ្តោយ​ដងខ្លួន​។ ព្រុយ​ពោះ ព្រុយ​គូទ និង​ព្រុយ​កន្ទុយ​ពណ៌​ក្រហម​។ មាន​ស្រកា​ធំៗ​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ 
​ការបាត់បង់​ទីជម្រក និង​ការនេសាទ​ហួស​កម្រិត​។ ទទួលរង​ផលប៉ះពាល់​ដោយ​ទំនប់​វារិ​អគ្គិសនី និង​ការបំផ្លាញ​ទីជម្រក​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​។​

© រក្សាសិទ្ធិដោយ thmeythmey.com