ពេទ្យពីកាណាដាជួយពិនិត្យព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃ
ជាតិ
សុខភាព
ពេទ្យពីកាណាដាជួយពិនិត្យព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃ
11, Jan 2020 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
ភ្នំពេញ៖ អង្គការបង្ការពិការភាពកម្ពុជា (Impact Cambodia) បានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដា នឹងផ្ដល់ការពិនិត្យព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្នុងខេត្តកណ្ដាល។ នេះបើតាមការផ្សាយ របស់ក្រសួងព័ត៌មាន។



ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដា នឹងផ្ដល់ការពិនិត្យព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់ ដោយឥតគិតថ្លៃនៅមន្ទីពេទ្យបង្អែកជ័យជម្នះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ការធ្វើឡើងនេះគឺ ដើម្បីជួយដល់ប្រជាជន និងជួយកាត់បន្ថយអត្រាអ្នកជំងឺ ពិសេសអ្នកជំងឺដែលមានជីវភាពក្រីក្រលំបាកផងដែរ។
 
អ្នកជំនាញផ្នែកស្ដាប់នៃអង្គការយល់ឃើញថា ការបើកពិនិត្យព្យាបាលជូនដល់អ្នកជំងឺដោយឥតគិតថ្លៃនេះជាការជួយសម្រួលដល់ការចំណាយរបស់ប្រជាជន ក៏ព្រោះតែប្រជាជនកម្ពុជាភាគច្រើនកំពុងជួបប្រទះនូវបញ្ហាដូចជា ពិបាកក្នុងការលេបចំណីអាហារ អស់កម្លាំង កាត់បន្ថយក្លិនវិញ្ញាណ ក្ដៅខ្លួន ឈឺក្បាល ឈឺខ្លួនប្រាណ ហៀរសំបោរ ក្អក មិនឃ្លានចំណីជាដើម។
 
កម្មវិធីព្យាបាលនេះដែរមានគោលដៅសំខាន់២ គឺចង់ជួយឲ្យអ្នកជំងឺដែលមានបញ្ហាមិនចាំបាច់ទៅរកសេវាកម្មព្យាបាលនៅក្រៅប្រទេស ហើយមួយវិញទៀតផ្ដោតទៅលើអ្នកជំងឺដែលមានបញ្ហាត្រចៀក។ ដោយសារតែ បញ្ហាត្រចៀកដូចជាការវះកាត់នោះពិបាកស្វែងរកសេវា ហើយមានតែនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យបង្អែកជ័យជំនះតែប៉ុណ្ណោះ។ ក្នុងនោះខាងអង្គការក៏សូមជម្រាបដល់ប្រជាជនដែលមានបញ្ហាទាំងអស់អាចទៅទទួលការពិនិត្យ និងព្យាបាលទាំងអស់គ្នាក្នុងរយៈពេល៤ថ្ងៃ។ 
 
សូមបញ្ជាក់ផងដែរថា អង្គការបង្ការពិការភាពកម្ពុជា (Impact Cambodia) បានសហការជាមួយមន្ទីរពេទ្យបង្អែកជ័យជំនះ តាំងពីឆ្នាំ២០០៩មក ហើយបានវះកាត់ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជូនពលរដ្ឋបានចំនួនជាង ៣ពាន់នាក់៕
 

Tag:
 មន្ទីរពេទ្យជ័យជំនះ
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com