អន្តរជាតិ
ព្រះអង្គ Haitham bin Tariq ឡើងគ្រងរាជ្យជាស្តេចថ្មីរបស់អូម៉ង់ ព្រះមហាក្សត្រអូម៉ង់ថ្មីHaitham bin Tariq។ រូបភាព៖ AP
× អតីតរដ្ឋមន្ត្រីវប្បធម៌អូម៉ង់ Haitham bin Tariq បានធ្វើសច្ចាប្រណិធាននាព្រឹកថ្ងៃទី១១ ខែមករា ដើម្បីឡើងគ្រងរាជ្យជាស្តេចអូម៉ង់ថ្មី បន្ទាប់ពីស្តេចស៊ុលតង់កាប៊ូស ប៊ីន សាអ៊ីដ (Qaboos bin Said) បានសោយទិវង្គត នៅថ្ងៃទី១០ ខែមករា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអូម៉ង់ចំនួនពីរ គឺ al-Watan និង al-Roya។
Haitham bin Tariq អតីតរដ្ឋមន្ត្រីវប្បធម៌អូម៉ង់មានវ័យ៦៥ឆ្នាំ បានស្បថចូលកាន់តំណែងជា មហាក្សត្រអូម៉ង់ថ្មីនៅថ្ងៃទី ១១ ខែមករា។ បើតាម Twitter រដ្ឋាភិបាលអូម៉ង់ Haitham bin Tariq ត្រូវឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មី បន្ទាប់ពីជំនួបរបស់ក្រុមគ្រួសាររាជវង្ស។
ជាការពិត រដ្ឋធម្មនុញ្ញអូម៉ង់ បានចែងថា អ្នកស្នងតំណែងជាព្រះមហាក្សត្រថ្មីរបស់អូម៉ង់ ត្រូវតែតែងតាំងដោយគ្រួសាររាជ្យវង្សក្នុងរយៈពេល ៣ថ្ងៃ ដែលព្រះរាជបល្ល័ង្កនៅទំនេរ។ ជាពិសេស ស្តេចស៊ុលតង់ថ្មី ត្រូវតែជាក្រុមគ្រួសាររាជវង្ស ដែលប្រតិបត្តិសាសនាឥស្លាម ចាស់ទុំ ចេះគិតពិចារណា និងមានព្រះមាតាបិតាជាជនជាតិអូម៉ង់ស្របច្បាប់។
សូមបញ្ជាក់ថា មហាក្សត្រអូម៉ង់ ស៊ុលតង់កាប៊ូស ប៊ីន សាអ៊ីដ (Qaboos bin Said) បានសោយទិវង្គតក្នុងព្រះជន្ម៧៩វស្សា នៅថ្ងៃទី១០ ខែមករា។ ស៊ុលតង់កាប៊ូស បានគ្រងរាជ្យសម្បត្តិតាំងពី១៩៧០មក ពេលដែលទ្រង់បានធ្វើរដ្ឋប្រហារមិនបង្ហូរឈាមមួយ ដើម្បីទម្លាក់បិតារបស់ទ្រង់ចេញពីបល្ល័ង្ក។ រយៈពេលចុងក្រោយ ព្រះសុខភាពរបស់ទ្រង់ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយតែងធ្វើដំណើរទៅកាន់បែលហ្ស៊ិកដើម្បីព្យាបាលព្រះរោគមហារីក៕
© រក្សាសិទ្ធិដោយ thmeythmey.com