ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​កម្មសិក្សាការី​៥​រូប ទៅ​បម្រើ​ការងារ​នាយកដ្ឋាន IT
13, Jan 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​កម្មសិក្សាការី​ចំនួន ០៥​រូប ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​តួនាទី​ក្នុងការ​គ្រប់គ្រង ពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គម​នា​គម៍ (ICT)​ក្នុង​តំបន់ និង​សកលលោក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​



​ក្នុងការ​ជ្រើសរើស​នេះ នាយកដ្ឋាន​ត្រូវការ​កម្មសិក្សាការី ចំនួន​០៥​រូប សម្រាប់​បម្រើ​ការងារ​ក្នុង​ផ្នែក​រចនា (Graphic Design), ផ្នែក​គ្រប់គ្រង​មាតិកា​រលើ​បណ្ដាញ​, ផ្នែក​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​, ផ្នែក​គ្រប់គ្រង​បណ្ដាញ (Network) និង​ផ្នែក​សិក្សា​តាម​អេឡិចត្រូនិក​។​
 
​សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស បេក្ខជន​ត្រូវមាន​កម្រិតវប្បធម៌​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៣​លើ​មុខជំនាញ​ដែល​ត្រូវការ និង​ត្រូវ​ចេះ​ប្រើប្រាស់​កាមេរ៉ា​ឌីជីថល​។ បេក្ខជន​ក៏ត្រូវ​ចេះ​លើ​ផ្នែក​រចនា (Design) រួមទាំង​កាត់ត​វីដេអូ​ផងដែរ​។ បេក្ខជន​ត្រូវ​ចេះ​ទាំង​សរសេរ និង​និយាយ​ភាសា​អង់គ្លេស ព្រមទាំង​កម្មវិធី​កុំព្យូទ័រ​ការិយាល័យ​។ បេក្ខជន​ត្រូវមាន​មធ្យោបាយ​ធ្វើដំណើរ ផ្ទាល់ខ្លួន​ក្នុងពេលដែល​កំពុង​បំពេញការងារ​។ លើសពីនេះទៅទៀត សម្រាប់​បេ​ក្ខ​នារី និង​ជនពិការ​ក៏​អាច​បម្រើ​ការងារ​បាន​ផងដែរ​។​
 
​កម្មសិក្សាការី​ត្រូវ​បម្រើ​ការងារ​៤​ម៉ោង​ក្នុង​មួយថ្ងៃ​រយៈពេល​៦​ខែ ហើយ​ពុំ​ទទួលបាន​ប្រាក់កម្រៃ​អ្វី​នោះទេ​។ បើ​បេក្ខជន​ចង់​បន្ត​បម្រើ​ការងារ​ក្រោយ​រយៈពេល​៦​ខែ​នោះ ហើយ​ស្រប​ពេលដែល​ក្រសួង​ត្រូវការ បេក្ខជន​ត្រូវធ្វើ​លិខិតស្នើ​សុំ​បន្ត​ដែល​ពិនិត្យ​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​។ ក្នុងអំឡុងពេល​បម្រើកា​រងារ​នាយកដ្ឋាន​នឹង​រៀបចំ​កន្លែង សម្ភារ​ការិយាល័យ សម្រាប់​ប្រើប្រាស់​ក្នុងពេល​ធ្វើការ​។ ក្រោយពី​បញ្ចប់​ការងារ​ក្រសួង​នឹង​ចេញ​លិខិតបញ្ជាក់​ពី​ការបំពេញ​ការងារ​ជូន​ដល់​កម្មសិក្សាការី​ទាំងអស់​ផងដែរ​។​
 
​សម្រាប់​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​សូម​បំពេញ ប្រវត្តិរូប​សង្ខេប ដោយ​ការ Scan លើ​QR Code រួច​ផ្ញើរ​ទៅកាន់​អ៊ី​ម៉ែ​ល [email protected] ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០៕
 
 
 

Tag:
 ក្រសួង​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com