អន្តរជាតិ
ប្រជាជន​ថៃ​ជាង​មួយ​ម៉ឺន​នាក់ ចូលរួម​យុទ្ធនា​ការរត់​ប្រឆាំង​ភាព​ផ្តាច់ការ​
12, Jan 2020 , 8:29 pm        
រូបភាព
ប្រជាជនថៃចូលរួមយុទ្ធនាការរត់ប្រឆាំងរដ្ឋាភិបាលថៃ និងលើកម្រាមដៃបី។ រូបភាពAFP
ប្រជាជនថៃចូលរួមយុទ្ធនាការរត់ប្រឆាំងរដ្ឋាភិបាលថៃ និងលើកម្រាមដៃបី។ រូបភាពAFP
​នា​ព្រឹក​ព្រលឹម​ស្រាងៗ ថ្ងៃទី​១២ ខែមករា ប្រជាជន​ថៃ​ជាង​មួយ​ម៉ឺន​នាក់ បាន​ចូលរួម​យុទ្ធនាការ រត់​ប្រឆាំងនឹង​ភាព​ផ្តាច់ការ (Run Against Dictatorship) ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​សកម្មភាព​មួយចំនួន ដែល​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា​ធ្វើ​តាំងពី​ឆ្នាំ ២០១៤​មក​។



«​រត់​ប្រឆាំងនឹង​របប់​ផ្តាច់ការ​យោធា​» គឺជា​ប្រធានបទ នៃ​ព្រឹត្តិការណ៍ ដែលមាន​ប្រជាជន​ថៃ​ចូលរួម​យ៉ាងច្រើន​។ ជាមួយ​សំលៀកបំពាក់​អត្ត​ព​លិ​ក ប្រជាជន​ថៃ​ជាង​១​ម៉ឺន​នាក់ បានធ្វើ​យុទ្ធនា​ការរត់ នៅ​សួនឧទ្យាន​សាធារណៈ​មួយកន្លែង​នៃ​ទីក្រុង​បាងកក ដោយ​អម​ជាមួយ​សម្រែក «​ប្រយុទ្ធ​ចុះចេញៗ​» ឬ «​ជយោ​ប្រជាធិបតេយ្យ​» ក្នុង​រយៈ​ចម្ងាយ ២,៦ គីឡូម៉ែត្រ​។ 
 
​រត់​បណ្តើរ អត្ត​ព​លិ​ក​លើក​ម្រាមដៃ​បណ្តើរ ដែលជា​សញ្ញា​មិន​ចុះចាញ់​នឹង​ការដឹកនាំ​របស់លោក​ប្រយុទ្ធ គឺ​យកតម្រាប់​តាម​រឿង «The Hunger Games»​។ ដោយមាន​ប្រជាជន​ថៃ​ចូលរួម​យ៉ាងច្រើន​សន្ធឹក អាជ្ញាធរ​ថៃ បាន​បញ្ជូន​កម្លាំង​សន្តិសុខ​មកជា​ច្រើន​នាក់​ផងដែរ ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​។ 
 
​បើតាម​អ្នករៀបចំ​កម្មវិធី លោក Tanawat Wongchai បាន​លើកឡើងថា យុទ្ធនាការ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់​ប្រជាជន ចំពោះ​សកម្មភាព​រដ្ឋាភិបាល​ថៃ តាំងពី​ឆ្នាំ​ពី​២០១៤​កន្លងមក​។ ក្នុងន័យនេះ លោក Tanawat ចង់​ឲ្យ​ប្រជាជន​ថៃ​ចេះ​ទាមទារ​សិទ្ធិ​របស់ខ្លួន និង​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​អាចធ្វើ​ទៅបាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជា​ព្រឹត្តិការណ៍​រត់ ដែល​អនុញ្ញាត និង​ភ្ជាប់​ជាមួយ​ពាក្យ​ព្រមាន​ពី​រដ្ឋាភិបាល​។ ជាការ​ពិត រដ្ឋាភិបាល​ថៃ​បានអនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​មួយ​នេះ ប៉ុន្តែ​ក៏បាន​ហាម​ដាច់ខាត មិនអាច​ឲ្យ​មាន​សកម្មភាព​ផ្ទុយទៅនឹង​ច្បាប់​ដែរ​។ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ទៅតាម​នោះ​។ ជាការ​ឆ្លើយតប លោក Tanawat បាន​អះអាងថា កម្មវិធី​រត់​នេះ នឹងមិន​បង្ក​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​ឡើយ​។ 
 
​ពិតណាស់ ព្រឹត្តិការណ៍​រត់​នេះ គឺធ្វើឡើង បន្ទាប់ពី​គណបក្ស​បក្ស​អនាគត​ឆ្ពោះទៅមុខ (FFP) កំពុង​ប្រឈម​ទៅនឹង​ការរំលាយ​បក្ស​នៅក្នុង​ខែមករា​នេះ ដោយ​តុលាការ​ធម្មនុញ្ញ​ថៃ ខណៈពេល​លោក​ប្រមុខ​បក្ស​លោក​Thanathorn កំពុង​ប្រឈម​នឹង​បទ​ចោទ ការប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ថៃ និង​ការជួបប្រជុំ​ជា​សាធារណៈ​ខុសច្បាប់​នា​ខែធ្នូ ឆ្នាំ ២០១៩​។ ជាពិសេស​ព្រឹត្តិការណ៍​នេះ គឺជា​ការបង្ហាញ​ការមិន​ពេញចិត្ត​របស់​ប្រជាជន​ថៃ ចំពោះ​សកម្មភាព​រដ្ឋាភិបាល តាំងពី​ឆ្នាំ​២០១៤​មក​៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com