ជាតិ
​លោក ពន្លឺ​ចិត្ត​ករុណា បង្កើត​សិប្បកម្ម «​ម្នាស់​ទឹកឃ្មុំ​» ខណៈ​ទីផ្សារ​​ម្នាស់​មិនសូវ​ទៀង​ទាត់​
12, Jan 2020 , 3:54 pm        
រូបភាព
​ភ្នំពេញ​៖ អស់​រយៈពេល​មួយឆ្នាំ​មកហើយ ដែល​លោក សាយ ពន្លឺ​ចិត្ត​ករុណា បាន​ចម្រាញ់​ម្នាស់​យក​ទឹក​ដោយមាន​ការ​វេច​ខ្ចប់​ល្អ​ត្រឹមត្រូវ​ដាក់លក់​នៅលើ​ទីផ្សារ​។ ម្នាស់​ដែល លោក ពន្លឺ​ចិត្ត​ករុណា ចម្រាញ់​យក​ទឹក​នោះ គឺជា​ប្រភេទ​ម្នាស់​ទឹកឃ្មុំ ដែល ដាំ​ដុះ​ដោយ​ខ្លួនឯង តាម​បច្ចេកទេស​និង​ស្តង់ដារ​ត្រឹមត្រូវ ដោយ​ធានាបាន​នូវ​សុវត្ថិភាព និង​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់ ដល់​អ្នក​ទទួលទាន​។​

 
​បើតាម​លោក សាយ ពន្លឺ​ចិត្ត​ករុណា សិប្បកម្ម​កែច្នៃ​ម្នាស់​គ្រៀ​បយក​ទឹក​លក់​«​ទឹក​ម្នាស់​ទឹកឃ្មុំ​»​នេះ បង្កើតឡើង​ក្នុង​គោលបំណង កែប្រែ​ពី​ការដាំដុះ​បែប​គ្រួសារ​ទៅជា​កសិដ្ឋាន​ឬ​សិប្បកម្ម​ដើម្បី​លើកកម្ពស់​ជីវភាព​កសិក​រ ពិសេស​អ្នក​ដាំ​ម្នាស់​នៅក្នុង​តំបន់​តែម្តង​។ ហើយ​កត្តា​ដែល​ជំរុញ​ទឹកចិត្ត លោក ពន្លឺ​ចិត្ត​ករុណា ខ្លាំង​ក្នុងការ​បង្កើត​សិប្បកម្ម​កែច្នៃ​ម្នាស់​នេះ​ឡើង​ទាំង​មិនមាន​ដើមទុន​គ្រប់គ្រាន់ រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​ដោយសារតែ តម្លៃ​ម្នាស់​ស្រស់​នៅលើ​ទីផ្សារ​មិន​ទៀងទាត់ និង​មានការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ម្នាស់​នាំចូល​ពី​បរទេស ពិសេស​ម្នាស់​នាំចូល​ពី​វៀតណាម​។​


 
​អតីត​និស្សិត​កសិកម្ម​លើ​ជំនាញ​កែច្នៃ​ផលិតផល​កសិកម្ម​រូបនេះ បាន​និយាយប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​៖ «​ម្នាស់​ដែល​កសិករ​យើង​ដាំ ថ្វី​ដ្បិតថា​មិនមាន​រូបរាង​ធំ​ល្អ ដូច​ម្នាស់​នាំចូល​ដោយ​ឡើយ ប៉ុន្តែ​រសជាតិ និង​គុណភាព គឺ​យើង​ល្អ​ជាងគេ និង​ឆ្ងាញ់​ជាងគេ​។ យើង​មិនគួរ​ចោល​របស់​ល្អ ទៅយក​របស់​មិនល្អ​នោះទេ ព្រោះ​តម្លៃ​ដំណាំ​យើង​ក៏​មិន​ថ្លៃ​ជាង​គ្នា​ប៉ុន្មាន​ដែរ​»​។ អស់​ពេល​១១​ឆ្នាំ​មកហើយ ដែល លោក ពន្លឺ​ចិត្ត​ករុណា ដាំ​ម្នាស់​ទឹកឃ្មុំ នៅលើ​ផ្ទៃដី​ជាង​១០​ហិកតា ក្នុង​ឃុំ​អូរឫស្សី ស្រុក​សៀម​បូ ខេត្តស្ទឹងត្រែង ទៅតាម​បច្ចេកទេស និង​ស្តង់ដារ​ត្រឹមត្រូវ ដោយ​ធានាបាន​នូវ​សុវត្ថិភាព ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​ជាង​ម្នាស់​នាំចូល​ពី​ប្រទេសជិតខាង​ទៀតផង​។ នេះ​ជាការ​អះអាង​របស់លោក សាយ ពន្លឺ​ចិត្ត​ករុណា​។​


 
​បច្ចុប្បន្ន លោក ពន្លឺ​ចិត្ត​ករុណា លែង​ព្រួយបារម្ភ​ចំពោះ​ការ​គ្មាន​អ្នកទិញ​ម្នាស់​ដូច​ឆ្នាំមុនៗ​ឡើយ ប៉ុន្តែ​លោក​បារម្ភ​ពី​ការផ្គត់ផ្គង់​ទឹក​ម្នាស់​ឱ្យ​អតិថិជន​មិនទាន់​ទៅវិញ ព្រោះ​លទ្ធភាព​នៃ​ការកែច្នៃ​ទឹក​ម្នាស់​នេះ មាន​កម្រិត​នៅឡើយ​។ ទឹក​ម្នាស់​ទឹកឃ្មុំ​ដែល​លោក​ផលិត​បាន ក្រៅពី​ផ្គត់ផ្គង់​តម្រូវ​ក្នុង​ខេត្តស្ទឹងត្រែង​ផ្ទាល់ ទីផ្សារ​ធំ​នៃ​ការផ្គត់ផ្គង់ គឺ រាជធានី​ភ្នំពេញ សៀមរាប និង​កំពត ជាដើម​។ 


 
​បើតាម​កសិករ​វ័យ​៣៦​ឆ្នាំ​រូបនេះ រយៈពេល​មួយឆ្នាំ​នៃ​ការបង្កើត​សិប្បកម្ម​កែច្នៃ​ទឹក​ម្នាស់​នេះ​ឡើង​នៅ​ដើមឆ្នាំ​២០១៩ រហូតដល់​ខែមករា ឆ្នាំ​២០២០ លោក​លក់​ទឹក​ម្នា​ស់បាន​៥​ម៉ឺន​ដប ដោយ​មួយ​ដប​មានតម្លៃ​៤០០០​រៀល ដែលមាន​ចំណុះ​២៧០​មី​លី​លីត្រ​។  ទឹក​ម្នាស់​មួយ​ដប បាន​ចំណាយ​ម្នាស់់​ស្រស់​ជិត​មួយ​គីឡូក្រាម​។ នេះ​ជាការ​បញ្ជាក់​របស់លោក សាយ ពន្លឺ​ចិត្ត​ករុណា ដែល​បាន​បន្ថែមថា ម្នាស់​ទឹកឃ្មុំ​មួយ​ផ្លែ មានតម្លៃ​ពី​៤០០០​រៀល ដល់​១៥,០០០​រៀល អាស្រ័យ​ទៅ​ទំហំ​ធំ​តូច​នៃ​ផ្លែ​នីមួយៗ​។ ប៉ុន្តែ​ជាទូទៅ​ម្នាស់​នេះ មានតម្លៃ​ពី​៤០០០​ទៅ​៦០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ 


សកម្មភាពកម្មករ ជ្រលក់ទឹកដើមម្នាស់ទឹកឃ្មុំ ទុកសម្រាប់ដាំ។ រូបថត៖ លោក សាយ ពន្លឺចិត្តករុណា។ 

​សព្វថ្ងៃ លោក សាយ ពន្លឺ​ចិត្ត​ករុណា កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​នៃ​ការផលិត​កម្ម​កែច្នៃ​ម្នាស់ និង​បង្កើត​សហគម​អ្នក​ដាំ​ម្នាស់​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅបរទេស​ផងដែរ​៕


 

Tag:
 ម្នាស់​
  ទីផ្សារ​
  ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com