កីឡាអន្តរជាតិ
អន្តរជាតិ
Ibrahimovic ស៊ុត​បញ្ចូល​ទី​ឲ្យ AC Milan ក្រោយ​ចាក​ចេញពី​ក្លិប​អស់​២៨០៦​ថ្ងៃ​
12, Jan 2020 , 9:29 pm        
រូបភាព
Zlatan Ibramovic អបអរជាមួយក្រុមអ្នកគាំទ្រក្រោយជ័យជម្នះរបស់ AC Milan។ រូបថត AFP
Zlatan Ibramovic អបអរជាមួយក្រុមអ្នកគាំទ្រក្រោយជ័យជម្នះរបស់ AC Milan។ រូបថត AFP
ដោយ: រួបរួម
Ztatan Ibrahimovic បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​២​ក្នុង​ជ័យជម្នះ ២-០ លើ​ម្ចាស់ផ្ទះ Cagliari ក្នុង​ក្របខណ្ឌ Serie A នា​រយៈពេល​ជាង​៧​ឆ្នាំកន្លះ ពោលគឺ​២៨០៦​ថ្ងៃ ក្រោយ​ដែល​ខ្សែប្រយុទ្ធ​ស៊ុយអែត​រូបនេះ បាន​ចាក​ចេញពី​ក្លិប​។​

 
Rafael Leao រកបាន​គ្រាប់​ទី​១​នៅ​ដើមតង់​ទី​ពីរ មុនពេល​ដែល Ibrahimovic បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​៦៤ នា​ជា​គ្រាប់​បាល់​ដំបូង នា​ការបង្ហាញ​វត្តមាន​សារជាថ្មី​នៅ AC Milan​។​
 
Ibrahimovic អាយុ​៣៨​ឆ្នាំ បាន​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប Serie A មួយ​នេះ សារជាថ្មី កាលពី​ខែធ្នូ ហើយ​អាច​បន្ត​មួយ​រដូវ​កាល​ទៀត ក្រោយ​ការចាកចេញ​ពី LA Galaxy​។​


 
​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២ កីឡាករ​ស៊ុយអែត​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤២​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៦១​ប្រកួត​ឲ្យ​ក្លិប ហើយ​ការ​ស៊ុត​បញ្ចូល​ទីនា​ថ្ងៃ​សៅរ៍​នេះ ជា​គ្រាប់​បាល់​ទី​៥៧​សម្រាប់ AC Milan និង​ជា​គ្រាប់​ទី​១២៣​ក្នុង​ក្របខណ្ឌ Serie A បើ​គិត​ទាំង​វត្ត​មាននៅ​ក្លិប Inter Milan និង Juventus​។​
 
Ibrahimovic បាន​ថ្លែងប្រាប់ Sky Sport Italia ថា​៖ «​វា​ជា​រឿង​ដ៏​សំខាន់​សម្រាប់​ខ្សែប្រយុទ្ធ​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​។ ពេលខ្លះ​អាចទៅរួច ពេលខ្លះ​រក​មិនបាន​។ ខ្ញុំ​មាន​អារម្មណ៍ល្អ ដោយ​ខុស​ខ្លះ​ពេល​ចាប់ផ្តើម ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ពេលវេលា​បន្តិច​។ គ្រូបង្វឹក​គិតថា អាយុ​ខ្ញុំ​មិនជា​បញ្ហា​ឡើយ ព្រោះ​ស្មារតី​របស់ខ្ញុំ​នៅ​ខ្លាំង ហើយ​រាងកាយ​ខ្ញុំ​ក៏​ទៅតាម​ហ្នឹង​ដែរ​»​។​
 
​យោងតាម​ទិន្នន័យ​ដែល​កត់ត្រា​ដោយ Squawka Football ខ្សែប្រយុទ្ធ​ស៊ុយអែត​រូបនេះ សម្រេចបាន​កំណត់ត្រារ​ក​គ្រាប់​បញ្ចូល​ទី​ក្នុង​រយៈពេល​៤​ទសវត្សរ៍​ជាប់​គ្នា ដោយ​គិត​ចាប់ផ្តើម​ពី​ចាប់ផ្តើម​អាជីព​នៅ​ឆ្នាំ​១៩៩៩ នៅ​ក្លិប Malmo FF ហើយ​បន្តទៅ Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris Saint-Germain, Manchester United និង LA Galaxy ។​
 
Ibrahimovic វិល​ទៅ AC Milan វិញ ក្រោយ​ការបង្ហាញ​ខ្លួន​ចុងក្រោយ​នៅ​ទឹកដី San Siro ចុងក្រោយ​កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១២ ពោល​គឺមាន​រយៈពេល​២៨០៦​ថ្ងៃ​៕
 

Tag:
 Ibrahimovic
  AC Milan
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com