​ដំណាំ​កម្ពុជា​ល្អ និង​បាន​ផល​ខ្ពស់ តែ​ហេតុអ្វី​លក់​មិន​ឈ្នះ​ប្រទេសជិតខាង​? មន្ត្រី​កសិកម្ម​ពន្យល់​
ជាតិ
សេដ្ឋកិច្ច
​ដំណាំ​កម្ពុជា​ល្អ និង​បាន​ផល​ខ្ពស់ តែ​ហេតុអ្វី​លក់​មិន​ឈ្នះ​ប្រទេសជិតខាង​? មន្ត្រី​កសិកម្ម​ពន្យល់​
12, Jan 2020 , 9:59 pm        
រូបភាព
ការប្រមូលដំឡូងបារាំង ក្នុងចម្ការរបស់ លោក គ្រី ម៉េង​ឈាង នៅ​ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ​២០១៨ ដឹកនាំដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និសនេសាទ។ រូបថត៖ ក្រសួងកសិកម្ម។
ការប្រមូលដំឡូងបារាំង ក្នុងចម្ការរបស់ លោក គ្រី ម៉េង​ឈាង នៅ​ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ​២០១៨ ដឹកនាំដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និសនេសាទ។ រូបថត៖ ក្រសួងកសិកម្ម។
​ភ្នំពេញ​៖ កម្ពុជា អាច​ដាំ​អ្វី​ក៏បាន​ដូច​ប្រទេស​ថៃ និង​វៀតណាម ប៉ុន្តែ​លក់​មិន​ដាច់ ព្រោះ​បន្លែ​ក៏​ដូច​ដំណាំ​ផ្សេងៗ​ដែល​កម្ពុជា​ដាំ​មានតម្លៃ​ថ្លែ​ជាង ការនាំ​ចូល​ពី​ប្រទេសជិតខាង​ទាំងនោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​អះអាងថា​ដំណាំ​របស់​កម្ពុជា គឺ​មិនអាច​ប្រកួតប្រជែង​តម្លៃ ជាមួយ​ដំណាំ​ប្រទេសជិតខាង​ទេ  ពិសេស​ប្រទេស​វៀតណាម ដោយសារតែ​កម្ពុជា មាន​អ្វីៗ​សុទ្ធតែ​ថ្លៃ​ជាង​ទាំងអស់នោះ​។​

 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ បាន​ពន្យល់​ពី​មូលហេតុ​នៃ​បន្លែ ក៏​ដូច​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​របស់​កម្ពុជា ដែល​មិនអាច​ប្រកួតប្រជែង​នឹង​ប្រទេសជិតខាង​បាន កាលពី​ថ្ងៃ​សុក្រ ទី​១០​មករា ថា កម្ពុជា​ត្រូវ​ចំណាយ​ទាំងអស់ រាប់ទាំង ថ្លៃ​ទឹក ភ្លើង ប្រេង ក៏​ដូច​ថ្លៃ​ការដឹកជញ្ជូន​ជាដើម​នោះ ដែល​ថ្លៃ​ជាង​នៅ​ប្រទេស​ថៃ និង វៀតណាម​។ ដូច្នេះ ដំណាំ​របស់​កម្ពុជា​មិនអាច​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ដំណាំ​នៅ​ថៃ និង​វៀតណាម នោះទេ​។​


 លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កំពុងថ្លែងក្នុងសិក្ខាសាលាស្តីពីការវិភាគរកសំណល់ថ្នាំពុលកសិកម្ម កាលពីថ្ងៃទី១០មករា ឆ្នាំ២០២០។

​បើតាម​លោក ងិន ឆាយ  កម្ពុជា​ដាំ​ដំណាំ​កសិកម្ម លក់បាន​ដូច​ប្រទេសជិតខាង ប៉ុន្តែ​មិនអាច​រកប្រាក់​ចំណេញ​បាន​។ លោក​បាន​ប្រៀបធៀប​យ៉ាង​ដូច្នេះ​ថា​៖ «​ការផលិត​អង្ករ ឬ​ការនាំចេញ​អង្ករ បើ​យើង​គិតពី​ថ្លៃ​ដឹក​មួយ​តោន​ដូចគ្នា​ពី​កម្ពុជា ទៅ​អឺរ៉ុប  និង​ពី​វៀតណាម​ទៅ​អឺរ៉ុប ខុសគ្នា​ពី​តិច​យ៉ាង​ពី​៦០​ទៅ​៨០​ដុល្លារ​។ (​យើង​)​បាត់​ចំណេញ​អត់​រលីង​។ យើង​ដឹក​ផ្លែ​ចេក​ពី​កម្ពុជា​ទៅដល់​ប្រទេស​ចិន  ហើយនឹង​ដឹក​ផ្លែ​ចេក​ពី​វៀតណាម ទៅកាន់​ប្រទេស​ចិន  គឺមាន​តម្លៃ​ខុស​ជាងគេ​ពាក់កណ្តាល ក្នុង​មួយ​តុង​តឺ​ន័​រ ដូចគ្នា​»​។ 
 
​លោក​បាន បញ្ជាក់ថា ការដឹកជញ្ជូន​ចេកអំបូង ពី​កម្ពុជា​ត្រូវ​ចិន ត្រូវ​ការចំណាយ​ច្រើនណាស់ ទាំង​ថ្លៃ​វេច​ខ្ចប់ រក្សា​គុណភាព និង​រូបរាង ជាដើម ទំរាំ​តែ​កុងតឺន័​យ​រដឹក​ទៅដល់​ចិន យ៉ាងហោចណាស់​ចំណាយពេល​២​សប្តាហ៍​។ 
​ក្រៅពី​បញ្ហា​តម្លៃ​ដើម​ថ្លៃ​ជាង​ប្រទេសជិតខាង​ហើយ​នេះ  កម្ពុជា​ក៏​ជួបនឹង​ធំ​មួយទៀត​ដែល​មិនអាច​ប្រកួតប្រជែង​នឹង​ប្រទេស​ជិត​បាន​នោះ  ពី​បញ្ហា​របាំង​បច្ចេកទេស​(Technical barriers) នៅតាម​ច្រកព្រំដែន នានា​។ លោក ងិន ឆាយ លើកឡើង ក្នុង​សិក្ខា​សិលា​ស្តីពី​ការវិភាគ​រក​សំណល់​ថ្នាំពុល​កសិកម្ម​ក្នុង​ផលិតផល​កសិកម្ម និង​អាហារ​តាមរយៈ​ម៉ាស៊ីន​GC និង MS ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​X-Lab នៅ​សណ្ឋាគារ​ភ្នំពេញ ថា  នៅ​ប្រទេស​ថៃ​និង​វៀតណាម មាន​មន្ត្រី​បច្ចេកទេស​នៅ​គ្រប់​ច្រកល្ហក​ទាំងអស់ សម្រាប់​ត្រួតពិនិត្យ​អស់រលីង មុននឹង​ឱ្យ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ចូលទៅ ។ ប៉ុន្តែ នៅ​កម្ពុជា​វិញ គឺ​មិនមាន​គ្មាន​ការត្រួតពិនិត្យ​បច្ចេកទេស​នៅ​ច្រកព្រំដែន​សោះ ដោយ​បណ្តោយ​ឱ្យគេ​នាំ​អ្វី​ចូល នាំទៅ​។  
 
​កម្ពុជា​បាន​ចំណាយលុយ​មិន​ក្រោម​២០០​លាន​ដុល្លារ​ឡើយ​ក្នុង​មួយឆ្នាំៗ ដើម្បី​នាំចូល​បន្លែ និង ផ្លែឈើ​ពី​ប្រទេសជិតខាង ដោយនៅ​ក្នុងនោះ កម្ពុជា​បាន​នាំ​បន្លែ​ពី​២០០​ទៅ​៤០០​តោន​ក្នុង​មួយថ្ងៃៗ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​សរុប​១,០៦៦​តោន​។ ទន្ទឹមនឹង​ការនាំ​ចូល​ពី​វៀតណាម​ដ៏​ច្រើន​ប្រចាំថ្ងៃ​បែបនេះ ប្រជាពលរដ្ឋ​ក្នុងស្រុក ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​ពី​សំណល់​ថ្នាំពុល​កសិកម្ម​គីមី នៅក្នុង​បន្លែ​ទាំងនោះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​។ 
 
​ជាការ​ឆ្លើយតប​នឹង​ពលរដ្ឋ  លោក ងិន ឆាយ បាន​អះអាងថា អគ្គនាយកដ្ឋាន​កសិក​ម្ម នឹង​បន្ត​ការចុះ​ផ្សព្វផ្សាយ និង​ជំរុញ​បន្ថែម​ដល់​កសិកម្ម​ឱ្យ​ផលិត​បន្លែ និង​ដំណាំ​ផ្សេងៗ​កាន់តែច្រើន ពិសេស​អនុវត្តតាម​គោលការណ៍​កសិកម្ម​ល្អ​ដែល​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​។ បច្ចុប្បន្ន បន្លែ​ដែល​ដាំំ​ដុះ​នៅ​កម្ពុជា មាន ២០​ទៅ​៣០​ភាគរយ ជា​បន្លែ​សុវត្ថិភាព និង​មាន​១០​ភាគរយ ជា​សរីរាង្គ​៕  

Tag:
 កសិកម្ម​
  បន្លែ​
  ងិន ឆាយ​
© រក្សាសិទ្ធិដោយ thmeythmey.com