ជាតិ
ឆ្នាំ​២០១៩ សំណង់​នៅ​កម្ពុ​ជាមាន​ជិត​៥០០០​គម្រោង កើន​ជិត​១០០​ភាគរយ​
13, Jan 2020 , 8:59 am        
រូបភាព
ការដ្ឋានសាងសង់សំណង់មួយកន្លែង នៅខេត្តព្រះសីហនុ។
ការដ្ឋានសាងសង់សំណង់មួយកន្លែង នៅខេត្តព្រះសីហនុ។
​ភ្នំពេញ​៖ កម្ពុ​ជាមាន​សំណង់​នៅ​ទូទាំងប្រទេស​ចំនួន ៤,៨៨៨​គម្រោង​ក្នុង​ឆ្នាំ​២០១៩ ដែលមាន​ផ្ទៃក្រឡា ជាង​២៣​លាន​ម៉ែត្រការ៉េ​។ បើតាម​របាយការណ៍​កា​រងារ​ប្រចាំឆ្នាំ​២០១៩ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង គម្រោង​សំណង់​ទាំងនេះ ដែលមាន​តម្លៃ​វិនិយោគ​ជាង​១១,៤​ពាន់​លាន​ដុល្លារ កើនឡើង​៩៨,៧៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មានតម្លៃ​ប្រមាណ​៥,៧​ពាន់​ដុល្លារ​។​

 
​ក្នុងចំណោម​សំណង់​ទាំង​ជិត​៥០០០​ខាងលើ  មាន​៥០០​គម្រោង ដែលមាន​ផ្ទៃក្រឡា​ជាង​២០​លាន​ម៉ែត្រការ៉េ និង​ទំហំ​វិនិយោគ​ជាង​១០,៤៣៣​លាន​ដុ​លា្ល​រ គឺ​ស្ថិតនៅក្រោម​សមត្ថកិច្ច ក្រសួង​ដែនដី​ផ្ទាល់​។  រីឯ​សំណង់​៤,៣៨៨​គម្រោង​ទៀត ស្ថិតនៅក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត ដែលមាន​ផ្ទៃក្រឡា​ជិត​៣​លាន​ម៉ែត្រការ៉េ ជាមួយនឹង​តម្លៃ​វិនិយោគ​ជិត​៥០០​លាន​ដុល្លារ​។ 
 
​របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់ថា ឆ្នាំ​២០១៩ សំណង់​ខ្ពស់ៗ​(​ចាប់ពី​៥​ជាន់ឡើង​)​មាន​៤៩៧​គម្រោង ស្មើនឹង​៥១៣​អគារ​។ ក្នុងនោះ​ខេត្ត​ព្រះសីហនុ​មាន ២៤៩​អគារ​។ សំណង់​លំនៅឋាន​មាន ៤,០៧២​គម្រោង​, សំណង់​បុរី​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី ចំនួន​៥៤​គម្រោង​, សំណង់​អគារ​ស្នាក់នៅ​រួមមាន​១៧៣​គម្រោង​, សំណង់​សណ្ឋាគារ​មាន​៧៣​គម្រោង​,  សំណង់​អគារ​ពាណិជ្ជកម្ម​មាន​៣៥៧​គម្រោង​, សំណង់​រោងចក្រ​មាន​១៣៧​គម្រោង និង​សំណង់​អគារ​ពហុ​មុខងារ មាន​១១៩​គ្រោង​។ ដោយឡែក សំណង់​អគារ​ផ្ទះល្វែង និង​ភូមិគ្រឹះ មាន​ជិត​៣​ម៉ឺន​ល្វែង​ឬ​ខ្នង​។​
 
​ចាប់ពី​ឆ្នាំ​២០០០​ដល់​២០១៩ ក្រសួង​ដែនដី បានអនុញ្ញាត​ការសាងសង់​ទាំង​ប្រទេស ចំនួន​៤៨,៤៤៦​គម្រោង ដែលមាន​តម្លៃ​វិនិយោគ​ប៉ាន់ស្មាន​ជាង​៥៣​ពាន់​លាន​ដុល្លារ​៕
 

Tag:
 សំណង់​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com