ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​អ្វីខ្លះ​ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឆាប់រហ័ស​?
13, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​សុខភាព ជាពិសេស​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ថា​តើ​ទម្លាប់​អ្វីខ្លះ​អាចធ្វើឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខុសធម្មតា​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យ​ពី​ទម្លាប់​មួយចំនួន​ដែល​ងាយ​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ៖
 
១. ទទួលទាន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​

​ប្រសិនបើ​អ្នក​គិតថា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​មិនអាច​ជះឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ចូរ​គិត​ម្ដងទៀត​! តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
២. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ច្រើនពេក​

​ចូរ​កម្រិត​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ប្រសិនបើ​អ្នក​ចង់​ចៀសផុត​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ នោះ​ក៏​ព្រោះតែ​កាបូ​អ៊ី​ដ្រា​ត​នឹង​ត្រូវបាន​បំ​លែង​ជា​ជាតិ​ស្ករ​ដោយ​រាងកាយ​។​
 
៣. ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​ច្រើន​

​ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ប្រាកដជា​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​មិន​ខាន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​របស់​អ្នក​។​
 
៤. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន​

​ថ្វីត្បិតតែ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិន​បណ្ដាល​ឳ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដោយផ្ទាល់ ប៉ុន្តែ​វា​រួមចំណែក​បង្កើន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​របស់​រាងកាយ​។ លើសពីនេះទៅទៀត​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​ដែល​អាច​ជះឥទ្ធិពល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា​នេះ​មិនមែន​មានន័យថា​អ្នក​កំពុងមាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​និង​អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​បានតែ​ម្ដង​នោះទេ គឺអាច​ញ៉ាំ​បាន​ក្នុង​បរិមាណ ឬ​កម្រិត​សមល្មម​។​
 
៥. អសកម្ម​គ្រប់ពេល ឬ​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​
 
​ការមិនធ្វើ​សកម្មភាព​រាងកាយ​អ្វី​សោះ​ក៏​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួមបញ្ចូល​ទាំង​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ស្ត្រេ​ស​? យោងតាម មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ​នៅលើ​ពិភពលោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់ ១៥០ នាទី​រាល់​សប្តាហ៍​។ ហើយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​មិនគួរ​ផ្អាក ឬ​រំលង​លើសពី ២ ថ្ងៃ​ជាប់​គ្នា​ឡើយ​។​
 
៦. ជក់បារី​

​មិន​ត្រឹមតែ​ជះឥទ្ធិពល​ខ្លាំង​ដល់​សួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការជក់បារី​ក៏បង្ក​បញ្ហា​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​ពិសេស​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ នោះ​ក៏​ព្រោះតែ​សារធាតុ​នីកូទីន​ក្នុង​បារី​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com