ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់ឃាតកម្នាក់ សង្ស័យថាជាម្តាយបង្កើតតារា ពេជ្រ សូលិកា
13, Jan 2020 , 10:46 am        
រូបភាព
សមត្ថកិច្ចខណ្ឌមានជ័យ បានចាប់ស្រ្តីឈ្មោះ ស៊ិន ស្រីនាង ពីបទឃាតកម្មលើស្រ្តីភេទទី៣ (ស្រីតែងខ្លួនជាប្រុស) ដោយមានការអះអាងជាបឋមថា ស្រ្តីឃាតកនោះ ជាម្តាយបង្កើតរបស់តារាចម្រៀងនិងជាតារាសម្តែង ពេជ្រ សូលិកា។ អំពើឃាតកម្មនេះ កើតឡើងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅបុរីវីមួយ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ មិនទាន់ហ៊ានអះអាងឲ្យច្បាស់១០០ភាគរយនោះទេ ថាស្រ្តីឃាតកនោះ ជាម្តាយបង្កើតរបស់តារា ពេជ្រ សូលិកា ដោយសារតែលោក មិនទាន់មានឯកសារផ្លូវការពាក់ព័ន្ធនឹងរឿងនេះ ហើយលោកក៏មិនទាន់ទទួលបានចម្លើយពីជនល្មើសដែរ។ តែលោក សន្និដ្ឋានដូច្នេះថា៖«ព័ត៌មាននេះ ប្រហែជាពិត៧០ភាគរយ»។

លោកអធិការ ប្រាប់អ្នកកាសែត នៅមុខបូរីដែលជាទីតាំងកើតហេតុនោះ នាព្រឹកថ្ងៃទី១៣ ខែមករា ថា ជនល្មើស បានសារភាពហើយ ថា ខ្លួន ពិតជាបានប្រព្រឹត្តអំពើឃាតកម្មមែន។ លោក អះអាងថា ឃាតកម្មនេះ ទំនងជាកើតឡើងពីភ្លើងប្រច័ណ្ឌ (ស្រីស្រឡាញ់ស្រី)។ លោក រៀបរាប់ថា នៅថ្ងៃកើតហេតុ ស្រ្តីឃាតក មិនបានឃើញស្រ្តីរងគ្រោះ ពាក់ចិញ្ចៀនពេជ្រពីរវង្ស ហើយក៏សួររកចិញ្ចៀននោះ។

លោក បន្តថា ពេលនោះ ជនរងគ្រោះ ស្រវឹងស្រា ត្រូវបានជនល្មើស ចាប់ដៃទាំងពីរព័ទ្ធទៅក្រោយ ហើយក៏ចងជាប់នឹងខ្សែ។ លោក បន្ថែមថា បន្ទាប់មក ជនល្មើស ក៏ផ្តួលជនរងគ្រោះ ទៅផ្កាប់នឹងខ្នើយ រងហូតដល់ដាច់ដង្ហើប។

គេហទំព័រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយថា ជនល្មើស មានអាយុ៤៥ឆ្នាំ ហើយមានលំនៅដ្ឋាន នៅបូរីដែលកើតហេតុនោះឯង។ ចំណែក ជនរងគ្រោះឈ្មោះ  ងិន សុខលី អាយុ៥០ឆ្នាំ មានទីលំនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ដោយមានមុខរបរជាអ្នកលក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូទៅផ្ទះជនល្មើស។

ជនល្មើស កំពុងស្ថិតក្នុងដំណាក់កាលនៃការសួរនាំរបស់សមត្ថកិច្ច និងត្រៀមកសាងសំណុំរឿងទៅតុលាការ៕

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com