អន្តរជាតិ
ពលរដ្ឋ​អ៊ីរ៉ង់​ធ្វើបាតុកម្ម ថ្កោលទោស​រដ្ឋាភិបាល​រឿង​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​
13, Jan 2020 , 11:59 am        
រូបភាព
បាតុកររាប់ពាន់នាក់ បាននាំគ្នាតវ៉ាទាមទារឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ចុះចេញពីតំណែងនៅថ្ងៃ អាទិត្យ ១២ មករា ក្រោយរបបក្រុងតេហេរ៉ង់សារភាពថា បានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនដែលដឹកមនុស្ស ១៧៦នាក់ (AFP)
បាតុកររាប់ពាន់នាក់ បាននាំគ្នាតវ៉ាទាមទារឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ចុះចេញពីតំណែងនៅថ្ងៃ អាទិត្យ ១២ មករា ក្រោយរបបក្រុងតេហេរ៉ង់សារភាពថា បានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនដែលដឹកមនុស្ស ១៧៦នាក់ (AFP)
ដោយ:
​បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​អ៊ីរ៉ង់ ពីរ​ថ្ងៃ​ជាប់​គ្នា កាលពី​ថ្ងៃ​១២ មករា ដោយ​ដាក់​សម្ពាធ​លើ​ថ្នាក់ដឹកនាំ​របស់​សាធារណរដ្ឋ​ឥស្លាម​នេះ បន្ទាប់ពី​ខ្លួន​បាន​សារភាព​ពី​កំហុស​ដោយ​អ​ចេតនា​ពាក់ព័ន្ធ​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​មួយគ្រឿង​។

 
«​ពួកគេ កំពុង​ភូត​កុហកថា សត្រូវ​យើង គឺ អាមេរិក​»​។ បាតុករ​មួយក្រុម បាន​ស្រែក​បែបនេះ​នៅក្រៅ​បរិវេណ​សាកលវិទ្យាល័យ​មួយ​ក្នុង​រដ្ឋធានី តេ​ហេ​រ៉ង់​។ បើតាម​វីដេអូ​មួយ​ដែល​បង្ហោះ​លើ Twitter ពួកគេ ស្រែក​ទៀតថា ៖« (​ការពិតទៅ​) សត្រូវ​យើង គឺ​នៅទីនេះ​»​។​
 
​ក្រុមបាតុករ​ដែល​គេ​ប៉ាន់​ស្មានថា​រាប់ពាន់នាក់ បានទាមទារ​ឲ្យ​ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ អា​យ៉ា​តូ​ឡា​ហ៍ អា​លី ខា​មេ​ណី ចុះ​ចេញពី​តំណែង ហើយ​កាត់ទោស​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​មួយ​ដែល​ដឹក​មនុស្ស ១៧៦ នាក់​។  តាម​វីដេអូ​លើ​បណ្តាញ​សង្គម ដែល​ដកស្រង់​មក​ចុះផ្សាយ​ដោយ​ទូរទស្សន៍​អាមេរិក CNN ក្រុមបាតុករ បាន​ស្រែក​ខ្លាំងៗ​ថា​៖ «​ខា​មេ​ណី គួរ​ខ្មាស​ខ្លួនឯង ហើយ​ចាកចេញ​ប្រទេស​»​។ មេដឹកនាំ​កំពូល ខា​មេ​ណី បាន​ក្តោប​ក្តាប់​អំណាច​នេះ​អស់​ពេល​៣​ទសវត្សរ៍ ហើយ​គ្មាន​ការកំណត់​ណាមួយ​លើ​អាណត្តិ​ដឹកនាំ​លោក​ឡើយ​។
 
​បាតុកម្ម​នេះ ពុំ​កើតឡើង​តែ​នៅ​រដ្ឋធានី តេ​ហេ​រ៉ង់ នៃ​ប្រទេស​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​រាលដាល​ដល់ទី​ក្រុង​ផ្សេងទៀត​ផងដែរ រួមមាន Shiraz, Esfahan, Hamedan និង Orumiyeh ។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃអាទិត្យ ១២ មករា បានបង្ហាញ​ការគាំទ្រ​តាមរយៈ Twitter ដល់​ក្រុមបាតុករ​អ៊ីរ៉ង់ ដោយ​អះអាងថា រដ្ឋបាល​លោក នឹង​បន្ត​ឈរ​ប្រកៀក​ស្មា​ជាមួយ​ពួកគេ​។ លោក ត្រាំ សរសេរ​ទៀតថា​៖«​ទៅកាន់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អ៊ីរ៉ង់ កុំ​សម្លាប់​បាតុករ​អ្នក​។​មនុស្ស​រាប់ពាន់ ត្រូវបាន​សម្លាប់ ឬ​ចាប់​ដាក់គុក ដោយ​អ្នក ហើយ​ពិភពលោក កំពុង​តាមដាន​។ ជាពិសេស​នោះ សហរដ្ឋអាមេរិក កំពុង​តាមដាន​»​។ 
 
​ដូចគ្នា​អ៊ីចឹង​ដែរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ក្រុមបាតុករ​អ៊ីរ៉ង់ ព្រមទាំង​បាន​ទទូច​ឲ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប​បង្កើន​ការដាក់​សម្ពាធ​លើ​របប​ដឹកនាំ​ក្រុង​តេ​ហេ​រ៉ង់​។ 
 
​សូមបញ្ជាក់ថា ក្រោយ​បដិសេធ​ការចោទប្រកាន់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ យោធា​អ៊ីរ៉ង់ នៅ​ថ្ងៃ​សៅរ៍ ១១ មករា ព្រម​ទទួលស្គាល់ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​ដោយ​អ​ចេតនា​។ ករណី​បាញ់​ទម្លាក់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយ​ក្រែ​ន​នេះ កាលពី​ថ្ងៃ ៨ មករា បានសម្លាប់​មនុស្ស​អស់ ១៧៦ នាក់​ផង​ក្នុងចំណោម​នោះ​ភាគច្រើន​ជា​ជនជាតិ​អ៊ីរ៉ង់ និង​កាណាដា​។ 
 
​ប្រមុខរដ្ឋ​អ៊ីរ៉ង់ លោក ហាសាន់ រូ​ហា​នី បាន​បង្ហោះ​សារ​សុំ​អភ័យទោស​ចំពោះ​ការបង្ក​ឲ្យ​មាន​សោកនាដកម្ម ហើយ​ប្រទេស​លោក​ពិតជា​មានការ​សោកស្តាយ​ពេក​ក្រៃ​ចំពោះ​កំហុស​ដ៏​ធំធេង​នេះ​។  ដោយឡែក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បាន​បន្ទោស​ឧបទ្ទវ​ហេតុនេះ​ថា កើតឡើង​ដោយសារ កំហុស​មនុស្ស និង​អាមេរិក​ជា​អ្នកជំរុញ​៕

Tag:
 អ៊ីរ៉ង់​
  អ៊ុយ​ក្រែ​ន​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com