ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ឲ្យ​មនុស្ស​ជាង​៣០​នាក់​ប៉ុណ្ណោះ ចូលរួម​សវនាការ​លោក កឹម សុខា​
13, Jan 2020 , 2:45 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តល់ដំណឹង​ថា បន្ទប់​បើកសវនាការ លើ​សំណុំរឿង​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្សប្រឆាំង អាចដាក់​មនុស្ស​បាន​ប្រមាណ​ជាង​៣០​នាក់​ប៉ុណ្ណោះ​។ តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​សាធារណជន​ឲ្យ​ចុះឈ្មោះ​ជាមុន បើ​ចង់​ចូលរួម​សវនាការ​នេះ​។ 


 
​ការតម្រូវ​ឲ្យ​ចុះឈ្មោះ​ជាមុន​នេះ គឺ​ដើម្បី​ឲ្យ​សវនាការ ប្រព្រឹត្ត​ទៅដោយ​រលូន ធានាបាន​នូវ​សន្តិសុខ និង សណ្តាប់ធ្នាប់​ល្អ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល ដោយ​បញ្ជាក់ថា ការចុះឈ្មោះ ត្រូវ​ឡើង​ចាប់ពី​ថ្ងៃទី​១០​ដល់​ម៉ោង​១១​កន្លះ​ព្រឹក​ថ្ងៃទី​១៤ ខែមករា​។ 
 
​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សួស វិទ្យា​រ៉ា​ន់​ឌី ជា​អនុប្រធាន មិន​ផ្តល់ព័ត៌មាន​ឡើយ​ថា មកដល់​ពេល មាន​អ្នក​ទៅ​ចុះឈ្មោះ​ប៉ុន្មាន​នាក់ ដោយ​លោក​ទាំងពីរ បានត្រឹមតែ​ប្រាប់ថា រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងដំណើរការ​ចុះឈ្មោះ​នេះ​។​
 
​រដ្ឋាភិបាល​បរទេសមួយ​ចំនួន ដូចជា អាមេរិក និង ស្វី​ស ជាដើម បានប្រកាសថា នឹង​តាមដាន​មើល​សវនាការ​លើ​សំណុំរឿង​របស់លោក កឹម សុខា​។ លោក កឹម សុខា ប្រកាស​តាមរយៈ​មេធាវី​រួចហើយ​ថា លោក នឹងចូលរួម​សវនាការ នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៥ ខែមករា​។ សវនាការ​នេះ គឺជា​សវនាការ​អង្គសេចក្តី ដើម្បី​សម្រេច​ថា លោក កឹម សុខា ពិតជា​មានទោស​ដូច​ការចោទប្រកាន់​មែន ឬក៏​គ្មាន​។ 
 
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច ចូលទៅ​ចាប់​ដល់​គេហដ្ឋាន កាលពី​ថ្ងៃទី​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​បញ្ជូន​លោក ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដែល​សំដៅថា​លោក លួច​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ តុលាការ ចាត់ទុក​បទល្មើស​នេះ ថា​ជា​អំពើ​ក្បត់ជាតិ​។ 
 
​ជាប់ឃុំ​បាន​មួយឆ្នាំ តុលាការ ក៏​អនុញ្ញាត​ឲ្យ​លោក រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​បញ្ជូន​ទៅផ្ទះ​របស់លោក​វិញ កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨​។ តែ​តុលាការ បានដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​ចំពោះ​លោក​។ រហូតដល់​ចុងឆ្នាំ​២០១៩ ទើប​តុលាការ បន្ធូរបន្ថយ​បម្រាម​ខ្លះ ដោយ​អនុញ្ញាត​ឲ្យ​លោក​ដើរហើរ​ដោយ​សេរី​ក្នុងប្រទេស​កម្ពុជា និង​អាច​ជួប​អ្នកណា​ក៏បាន​។​
 
​ទោះ​ទទួលបាន​សេរីភាព​នេះហើយ​ក៏ដោយ ក៏ លោក កឹម សុខា មិនទាន់បាន​ដើរទៅ​ណា​ដែរ ក្រៅ​តែ​បន្ត​សម្ងំ​នៅក្នុង​ផ្ទះ​។ តែមាន​ទូត​បរទេស​ជា​បន្តបន្ទាប់ បាន​ទៅ​ជួប​លោក ដល់​គេហដ្ឋាន​។ លោក ស្នើ​ឲ្យ​តុលាកា ទម្លាក់​បទ​ចោទ​ចេញពី​លោក ដោយ​អះអាង​ជា​ដដែលៗ​ថា លោក ជា​មនុស្ស​ស្អាតស្អំ​៕    

Tag:
 កឹម សុខា​
  សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com