ជាតិ
ឈ្មោះ​ភ្នំពេញ​ត្រូវបាន​គេ​ហៅ​«​រាជធានី​(​ទន្លេ​)​ចតុមុខ​? រាជធានី​(​ទន្លេ​)​ដៃ​បួន​? រាជធានី​គង្គា​(​ទន្លេ​)?»
13, Jan 2020 , 3:24 pm        
រូបភាព
​ភ្នំពេញ​៖ ឈ្មោះ​ភ្នំពេញ​ត្រូវបាន​គេ​ហៅ​«​រាជធានី​(​ទន្លេ​)​ចតុមុខ​? រាជធានី​(​ទន្លេ​)​ដៃ​បួន​? រាជធានី​គង្គា​(​ទន្លេ​)?»​។ ឈ្មោះ​ទាំងអស់​ខាងលើនេះ គឺជា​ឈ្មោះ​ដែល​ត្រូវបាន​គេ​ហៅ​ក្នុង​ន័យធៀប​។ រាជធានី​ភ្នំពេញ​ត្រូវបាន​សាងសង់​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ​១៤៣៤ ក្នុង​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត​។ ភ្នំពេញ​គឺជា​ឈ្មោះ​ដូនចាស់​ម្នាក់​ឈ្មោះ​ពេញ​។ ដូនពេញ​ដែលជា​មនុស្ស​គួរ​ឲ្យ​គោរព​ស្រឡាញ់​ពី​អ្នកផង​ទាំងពួង និង​ប្រកបដោយ​សន្តាន​ចិត្ត​សប្បុរសធម៌​បានមក​តាំងទី​លំនៅ​ត្រង់​ម្តុំ​មាត់ទន្លេ​«​ចតុមុខ​»​ដែល​ជាទី​ប្រសព្វ​នៃ​ទន្លេមេគង្គ​លើ​, មេគង្គ​ក្រោម​, ទន្លេសាប និង​ទន្លេបាសាក់​។ 
 
​នៅ​ឆ្នាំ​១៤៩៧ រាជវាំង​ត្រូវបាន​រើ​ទៅ​តាំងនៅ​ក្រុង​អង្គរ​វិញ​។ ឆ្លងកាត់​ប្រវត្តិសាស្ត្រ​បត់បែន​នៃ​ប្រទេសជាតិ រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​។ រហូតដល់​ក្នុងអំឡុង​នៃ​រជ្ជកាល​ព្រះបាទ​នរោត្តម  ពោលគឺ​នៅក្នុង​ឆ្នាំ​១៨៦៥ ព្រះរាជវាំង​ថ្មី​មួយ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ចាប់តាំងពី​ពេលនោះ​មក ភ្នំពេញ​ក៏បាន​ក្លាយជា​រាជធានី​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រៀង​រហូតមក​។​


 
​ពត៌មាន​ខាងលើនេះ គឺ​គ្រាន់តែ​ជា​ទិន្នន័យ​ប្រវត្តិសាស្ត្រ​មួយចំនួន​ប៉ុណ្ណោះ​។ ងាក​មក​ឈ្មោះ​ភ្នំពេញ​វិញ​។ ភ្នំពេញ​ត្រូវបាន​រាជរដ្ឋាភិបាល​ហៅ​ជា​ផ្លូវការ​ថា រាជធានី​ភ្នំពេញ​។ អ្នកនិពន្ធ និង​អ្នកសារព័ត៌មាន​បរទេស​បស្ចិមប្រទេស​មួយចំនួន​ហៅ​ឈ្មោះ​រាជធានី​ភ្នំពេញ​ក្នុង​ន័យធៀប​ថា រាជធានី​ចតុមុខ​-​រាជធានី​ទន្លេចតុមុខ ឬ​រាជធានី​មុខ​បួន​-​រាជធានី​ទន្លេ​មុខ​បួន (Capital of four faces)​។ ឈ្មោះ​នេះ ត្រូវបាន​ហៅ​ដោយ​ក្រុម​អ្នកនិពន្ធ​សរសេរ​ជា​ភាសា​អង់គ្លេស​។ 
 
​ចំណែកឯ​ក្រុម​អ្នក​សំណេរ​ជា​ភាសា​បារាំង​វិញ ពួកគេ​ហៅថា រាជធានី​ដៃ​បួន (Capitale des Quatres Bras) ឬ​រាជធានី​ទន្លេ​ដៃ​បួន ព្រោះ​ទន្លេ​បួន​ប្រសព្វ​គ្នា​នៅ​ពីមុខ​រាជវាំង​។ 
 
​រីឯ​អ្នកខ្លះ​ផ្សេងទៀត​វិញ ហៅ​យ៉ាងខ្លី​ថា ភ្នំពេញ រាជធានី​គង្គា​(​ទន្លេ​) ព្រោះ រាជធានី​ភ្នំពេញ​សម្បូរ​ទន្លេ​ណាស់​។ ន័យធៀប​សម្រាប់​ហៅ​រាជធានី​ភ្នំពេញ​នេះ ក៏​ដូច​ន័យធៀប​ដែល​គេ​ប្រើប្រាស់​សម្រាប់​ហៅ​ទីក្រុង​សៀមរាប​ដែរ​។ ទីក្រុង​សៀមរាប​ត្រូវបាន​គេ​ហៅ​ក្នុង​ន័យធៀប​ថា ទីក្រុង​ប្រាសាទ (Town of Temples) (Ville des temples)​។ កាលពី​ដើមឡើយ សៀមរាប​ត្រូវបាន​គេ​ហៅថា​«​រាជធានី​អង្គរ​»​។ 


 
​ទោះជា​យ៉ាងណាក៏ដោយ​ឈ្មោះ​ផ្លូវការ ឬ​ឈ្មោះ​ន័យធៀប​ទាំងអស់​សុទ្ធតែ​ជួយ​លើកតម្កើង​កិត្យានុភាព និង​តម្លៃ​រាជធានី​ភ្នំពេញ​ទាំងអស់​។ សរុបសេចក្តី​មក ឈ្មោះ​ភ្នំពេញ​ត្រូវបាន​គេ​ហៅ​ផ្លូវការ​ថា រាជធានី​ភ្នំពេញ និង​ន័យធៀប​ថា រាជធានី​(​ទន្លេ​)​ចតុមុខ​, រាជធានី​(​ទន្លេ​)​ដៃ​បួន​, រាជធានី​គង្គា​(​ទន្លេ​)៕ 
 







© រក្សាសិទ្ធិដោយ thmeythmey.com