អត្ថបទពាណិជ្ជកម្ម
កម្ពុជា​ព​ន្លឿ​ន​ដំណើរការ 5G នៅ​ឆ្នាំ​២០២០ ក្រោយ​មន្ត្រី​ជំនាញ ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​​នៅ​ប៉េកាំង​
13, Jan 2020 , 4:24 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវបាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G សម្រាប់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​រៀបចំ​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន នៃ​សាធារណរដ្ឋ​ចិន (​ហៅ​កាត់​ថា CAICT) នាទី​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ កន្លងមក​។​
 
CAICT គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថិតក្រោម​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥៧​។ CAICT បាននិងកំពុង​ផ្តល់នូវ​ការ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និង​វិ​ញ្ញាប​ន​ប័ត្រ សម្រាប់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ព័ត៌មាន និង​កម្មវិធី​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​ចិន​។​
 
​វគ្គ​បណ្តុះបណ្តាល​ខ្លី​ស្តីអំពី​បច្ចេកវិទ្យា 5G ដែល​រៀបចំ​ដោយ CAICT នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធន៍​ដល់​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ស្តីអំពី​គោលនយោបាយ​សម្រាប់​ការគាំទ្រ​ការអភិវឌ្ឍ​បច្ចេកវិទ្យា 5G និង​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធន៍​អំពី​ការដាក់​ពង្រាយ 5G របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។ 
 
​ការបណ្តុះបណ្តាល​រយៈពេល ៥​ថ្ងៃ បានលើកឡើង​នូវ​ប្រធានបទ​ជាច្រើន​ដូចជា យុទ្ធសាស្ត្រ​នៃ​បច្ចេកវិទ្យា​5G និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជា​សាកល និង​សម្រាប់​ប្រទេស​ចិន ប្រធានបទ​ស្តីអំពី​ស្តង់ដា និង   បច្ចេកវិទ្យា​5G ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​5G ផែនការ និង​ការគ្រប់គ្រង​វិសាល​គម​ន៍ (Spectrum) សន្តិសុខ​អ៊ិន​ធឺ​ណិ​តនៃ​ប្រព័ន្ធ 5G និង​សេវាកម្ម​និង​កម្មវិធី​ផ្សេងៗ​នៃ​បច្ចេកវិទ្យា​5G ។ 


 
​ក្រៅពីនោះ វគ្គ   បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​សំណាក់​តំណាង​ក្រុមហ៊ុន China Unicom និង China Telecom ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​របស់​ពួកគេ​អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ 5G ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន​។​
 
​លោក សុខ ពុទ្ធិ​វុ​ធ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Lu Jianwen អគ្គនាយករង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​ចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាន​នៃ CAICT និង​លោក Victor Zhang អគ្គនាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​កិច្ចពិភាក្សា​ស៊ីជម្រៅ​ស្តីអំពី​គំរូ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា 5G នៅ   កម្ពុជា​តាម​ទស្សនៈ​នៃ​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) បណ្ឌិត្យសភា​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ចិន​(CAICT) និង ក្រុមហ៊ុន Huawei ។​
 
​លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា “​បច្ចេកវិទ្យា​5G គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដ៏​សំខាន់​ក្នុង​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ​និង​វៃឆ្លាត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រាជ   រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជម្រុញឱ្យមាន​ផែនទី​បង្ហាញផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​5G (5G roadmap) និង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០២០ នេះ ។ វគ្គ​បណ្តុះបណ្តាល 5G ពិតជា​មាន​ប្រយោជន៍​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធ្វើ​សេចក្តីព្រាង​ផែនការ​រៀបចំ​គ្រប់គ្រង​គោ​លន​យោ បាយ និង​បទ​ប្បញ្ញត្តិ​សម្រាប់​ប្រព័ន្ធ 5G ។ ខ្ញុំ​ជឿជាក់ថា 4G ផ្លាស់​ប្តូរជីវិត ចំណែក 5G នឹង​ផ្លាស់ប្តូរ​សង្គម​ទាំងមូល​”​។​


 
​រដ្ឋលេខាធិការ​រូបនេះ​បាន​បន្ថែមទៀតថា​៖  “​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) នឹងធ្វើ​ការ​លើ​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​បច្ចេកវិទ្យា 5G (5G roadmap) និង​ប្តេជ្ញា​ជម្រុញ​ការអភិវឌ្ឍ​ប្រព័ន្ធ 5G នៅ​ឆ្នាំ ២០២០ សម្រាប់​ប្រទេស​កម្ពុជា ។ ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ភាពចាស់ទុំ​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម 5G នឹងមិន​ត្រឹមតែ​ជម្រុញ​ការផ្លាស់ប្តូរ និង​ការធ្វើឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាពប្រសើរឡើង​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​បង្កើត​មុខ​ជំនួញ​ថ្មីៗ​ជាច្រើន​ទៀតផង​ដែរ​។ បច្ចេកវិទ្យា 5G បាន​ក្លាយជា​កំលាំង​ថាមពល​ថ្មី​មួយទៀត ដែល​អាចអោយ​យើង​អាច​ទាញយក​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែលជា​កត្តា​ជម្រុញ​មួយ​ក្នុង​ការសម្រេច​ចក្ខុ    វិស័យ​២០៥០ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​”​។​
 
​បន្ទាប់ពី​ពិធី​បិទ​បានបញ្ចប់ លោក សុខ ពុទ្ធិ​វុ​ធ និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ពិព័រណ៍ R&D (Executive Briefing Center) នៃ​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង​។     ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ​ផលិតផល និង​ដំណោះស្រាយ​ចុងក្រោយ​នៃ​ប្រព័ន្ធ 5G និង​បទ​បង្ហាញ​ស្តីអំពី​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​5G សម្រាប់​ទីផ្សារ​ពិភពលោក​។ 
 
​នៅពេល​ទស្សនកិច្ច​នោះ គណ​:​ប្រតិភូ​កម្ពុជា​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​5G នៅក្នុង​វិស័យ​ផ្សេងៗ ដូចជា ទីក្រុង​ឆ្លាត​វៃ ការអប់រំ​ឆ្លាត​វៃ សុខាភិបាល​ឆ្លាត​វៃ សន្តិសុខ​សណ្តាប់ធ្នាប់ និង​វិស័យ​ផ្សេៗ​ទៀត ដែល​បច្ចេកវិទ្យា​នេះ នឹង​ជួយ​ដល់​ការបង្កើន​ប្រសិទ្ធភាព​ការងារ និង​គុណភាព​នៃ​ជីវិត នាពេល​អនាគត​។​
 
​គួ​បញ្ជាក់​ផងដែ​ថា នៅត្រឹម​ខែមករា​ឆ្នាំ ២០២០ ក្រុមហ៊ុន Huawei បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ៦០ ជាមួយ​ប្រតិបត្តិ​ករ​ទូទាំង​ពិភពលោក ហើយ​បាន​នាំចេញ​ឧបករណ៍​5G ជាង ៤០០.០០០ បង្គោល​អង់​តែ​ន (base station) ។ 
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់​ពិភពលោក​នៃ​ប្រព័ន្ធ 5G ក្រុមហ៊ុន Huawei បានធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ២០ ឆ្នាំ​មកហើយ ហើយនឹង​បាន​ឈរ​យ៉ាងរឹងមាំ​ជាមួយ​រដ្ឋាភិបាល ប្រតិបត្តិ​ករ​និង​ដៃគូ ដើម្បី​ឆ្ពោះទៅមុខ​សម្រាប់​ការកសាង    បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ​កម្ពុជា​ដ៏​ឆ្លាត​វៃ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 HaVas
© រក្សាសិទ្ធិដោយ thmeythmey.com