រថយន្ត
អន្តរជាតិ
ស្តេចថៃ ចេញរាជបញ្ជាហាមប៉ូលិសបិទផ្លូវទាំងស្រុង សម្រាប់ក្បួនរាជទីនាំងរថយន្ត
× មហាក្សត្រថៃ មហា វជិរាលង្ករណ៍ បានចេញព្រះរាជបញ្ជាឲ្យប៉ូលិសបញ្ឈប់ការបិទផ្លូវទាំងស្រុង ក្នុងទីក្រុង បាងកក សម្រាប់ក្បួនរាជទីនាំងរថយន្ត។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បញ្ជាក់បែបនេះ នៅថ្ងៃ១៣ មករា ។
បង្ហោះលើទំព័រហ្វេសប៊ុក អ្នកស្រីអ្នកនាំពាក្យថៃ Narumon Pinyosinwat គូសបញ្ជាក់ថា ការិយាល័យប៉ូលិសភូមិន្ទថៃ (RTPO) បានដាក់ចេញវិធានការចាំបាច់ខ្លះ ដែលនឹងត្រូវអនុវត្តក្នុងគោលដៅសម្រួលចរាចរណ៍កាន់តែប្រសើរក្នុងព្រឹត្តិការណ៍នៃក្បួនរាជទីនាំងរថយន្ត។ អ្នកស្រី Narumon សង្កត់ធ្ងន់ថា មហាក្សត្រ សម្តែងព្រះទ័យព្រួយបារម្ភថា ការធ្វើព្រះរាជដំណើររបស់ទ្រង់ ឬសែរាជវង្សទ្រង់ អាចប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជនថៃ។
តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ វិធានការទាំងនោះ គឺរួមមាន អនុញ្ញាតឲ្យចរាចរណ៍ក្នុងគន្លងបញ្ចៀសពីក្បួនរាជទីនាំងរថយន្ត ធ្វើសកម្មភាពធម្មតា និងអនុញ្ញាតឲ្យប្រជាជនបន្តប្រើស្ពានអាកាសពីលើផ្លូវក្បួនរាជទីនាំងរថយន្ត ជាដើម។ នេះមានន័យថា ប៉ូលិសថៃ នឹងបិទតែគន្លងដែលក្បួនរាជទីនាំងរថយន្ត បើកបរលើប៉ុណ្ណោះ។
បាងកក ដែលជារាជធានីនៃប្រទេសថៃ គឺជាទីក្រុងមួយដែលមានការកកស្ទះខ្លាំងបំផុតលើពិភពលោក។ បើតាមក្រុមហ៊ុនវិភាគចរាចរណ៍មួយ INRIX ដែលមានមូលដ្ឋាននៅអាមេរិក ទីក្រុង បាងកក ក្នុងឆ្នាំ ២០១៧ ជាប់ចំណាត់ថ្នាក់លេខ ១១ ។
មែនទែនទៅ រាជបញ្ជារបស់ស្តេចរាមាទី១០អង្គនេះ ធ្វើឡើងក្រោយមានការរិះគន់ដ៏កម្រលើក្បួនរាជទីនាំងរថយន្ត ដោយពលរដ្ឋខ្លះ បានសម្តែងមាតិរិះគន់ពួកគេលើអនឡាញ កាលពីប៉ុន្មានខែចុងក្រោយនេះ។ កាលពីចុងឆ្នាំ២០១៩ ឃ្លាថា « #royalmotorcade» ក្លាយជាប្រធានបទដ៏ក្តៅគគុកមួយលើបណ្ដាញសង្គម Twitter ជាភាសាថៃ។
ឃ្លាមួយផ្សេងទៀត «#islandsclosure» ក៏បានស្ទុះឡើងលើបញ្ចីពេញនិយម (trending list) អំឡុងពេលថ្ងៃឈប់សម្រាកឆ្លងឆ្នាំថ្មីផងដែរ ព្រោះតែប្រជុំកោះទេសចរណ៍នៅភាគខាងត្បូង បានបិទសម្រាប់ព្រះរាជទស្សនកិច្ចរបស់ព្រះអនុជពៅរបស់មហាក្សត្រថៃ។ សូមបញ្ជាក់ថា ប្រទេសថៃ មានច្បាប់តឹងតែងមួយប្រឆាំងនឹងការប្រមាថស្តេច ព្រះអគ្គមហេសី និងរាជទាយាទ។ បុគ្គលរូបណាដែលបំពាន់ច្បាប់នេះ ប្រឈមនឹងការជាប់គុករហូតដល់ ១៥ ឆ្នាំ៕
Tag:
ថៃ
មហាក្សត្រ
មហា វជិរាលង្ករណ៍
ក្បួនរាជទីនាំងរថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com