អន្តរជាតិ
ចិន សន្យាបន្តការពារអធិបតេយ្យ និងមុខមាត់ឡាវដោយមិនប្រែប្រួល នាយករដ្ឋមន្រ្តីឡាវ និងប្រធានាធិបតីចិន។ រូបភាព Laotian Times
× រដ្ឋាភិបាលក្រុងប៉េកាំង បានថ្លែងសរសើររដ្ឋាភិបាលក្រុងវៀងចន្ទន៍ ដែលបានបន្តធ្វើជាអ្នកជិតខាង និងដៃគូកិច្ចសហប្រតិបត្តិការយ៉ាងល្អ។ ក្រុងប៉េកាំង រំពឹងថា រដ្ឋាភិបាលទាំងពីរ នឹងនៅតែរក្សាបានទំនាក់ទំនងល្អបែបនេះ ដើម្បីជាផ្នែកមួយកសាងអនាគតរួមគ្នា និងជាពិសេសនោះរក្សានយោបាយកុម្មុយនីស្តឲ្យកាន់តែរឹងមាំផងដែរ។
លោកប្រធានាធិបតីចិន ស៊ី ជិនភីង នៅសប្តាហ៍មុន ក្នុងរដ្ឋធានីប៉េកាំង បានជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកនាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត ។ ប្រមុខដឹកនាំប្រទេសទាំងពីរ បានសន្យាគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់តំបន់ និងអន្តរជាតិ និងពិសេសនោះបន្តគាំទ្រគ្នាលើការកសាងប្រព័ន្ធដឹកនាំប្រទេសបែបកុម្មុយនីស្តឲ្យកាន់តែរឹងមាំ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោកប្រធានាធិបតី ស៊ី ជិនភីង បានកើតសរសើរ និងពណ៌នាឡាវ ជាអ្នកជិតខាងល្អ, មិត្តល្អ និងជាដៃគូល្អ ដែលចំណុចនេះ លោកប្រធានាធិបតី នៅតែជឿជាក់ថាប្រទេសទាំងពីរ នឹងបន្តទៅមុខក្រោមអនាគតតែមួយបាន។
លោកប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនរូបនេះ ក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ គួរធ្វើការជាមួយគ្នាកាន់តែស្និទ្ធ, រក្សាទំនៀមទម្លាប់នៃការផ្លាស់ប្តូរមន្ត្រីជាន់ខ្ពស់, ពង្រីកការធ្វើទំនាក់ទំនងស្តីពីរដ្ឋបាល និងអភិបាលកិច្ចរដ្ឋ និងពង្រឹងគោលនយោបាយសន្តិសុខនយោបាយ ដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត។
ដូចជំនួបសព្វមួយដង ប្រមុខដឹកនាំកំពូលចិនរូបនេះ មិនឲ្យរដ្ឋាភិបាលឡាវមានការព្រួយបារម្ភពីការគំរាមកំហែង និងជ្រៀតជ្រែកពីខាងក្រៅនោះទេ។ លោក ស៊ី សង្កត់ធ្ងន់យ៉ាងដូច្នេះថា« ភាគីចិន នឹងបន្តគាំទ្រភាគីឡាវក្នុងការការពារអធិបតេយ្យ និងកិត្យានុភាពរបស់ខ្លួនជានិច្ច»។
តបជាមួយនឹងការលើកឡើងរបស់ប្រមុខដឹកនាំចិន លោកនាយករដ្ឋមន្ត្រី ថងលួន ស៊ីសូលីត បានបង្ហាញពីការជឿជាក់ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនីស្តចិន ដែលមានលោកប្រធានាធិបតី ស៊ី ជិនពីង ជាអ្នកកាច់ចង្កូច។ លោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា បទពិសោធពង្រឹង និងអភិវឌ្ឍប្រព័ន្ធសង្គមនិយមជាមួយនឹងចរិកលក្ខណៈចិន គឺជាមេរៀនដ៏សំខាន់ដើម្បីរៀនសូត្របន្ត។
ឆ្លៀតឱកាសនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមផែនការសកម្មភាព ស្តីពីការកសាងសហគមន៍ ឡាវ-ចិន ដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋប្រទាំងពីរ។ លោក ក៏បានសន្យា ធ្វើសហប្រតិបត្តិការយ៉ាងសកម្មក្នុងការអនុវត្តគម្រោង ខ្សែក្រវ៉ាត់ និងផ្លូវផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com