ជាតិ
ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្តេច ហេង សំរិន អំពាវនាវឲ្យដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ លោក ហេង សំរិន ក្នុងកិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ដ្រាលី
× ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវដល់ប្រទេសនានា ទាំងប្រទេសមហាអំណាច ប្រទេសមហាអំណាកណ្ដាល និងរដ្ឋតូចៗ រៀបចំឲ្យមានសណ្ដាប់ធ្នាប់ពិភពលោកថ្មី រួមទាំងដាក់ចេញវិធានការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។
ការអំពាវនាវរបស់សម្ដេច ហេង សំរិន គឺធ្វើឡើងក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ដ្រាលី នាថ្ងៃទី១៣ មករា ឆ្នាំ២០២០។ សម្តេច ថ្លែងថា វេទិកានេះ ជាឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសភា និងស្ថាប័នពហុភាគី ដើម្បីធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងរួមគ្នាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
សម្ដេច ហេង សំរិន បានលើកឡើយថា សណ្ដាប់ធ្នាប់ថ្មី ត្រូវតែរៀបចំរួមគ្នា ហើយអ្នកតាក់តែងច្បាប់ក៏អាចសម្របខ្លួនទៅនឹងបទដ្ឋាន និងវិធានអន្តរជាតិ ជំរុញការដោះស្រាយវិវាទដោយសន្តិវិធី។ សម្តេច បន្តថា ការបង្កើតនេះ គឺពឹងពាក់គ្នាទៅវិញទៅមក និងផ្ដល់អំណាចឲ្យប្រជាជនចូលរួមក្នុងនយោបាយពិភពលោក។
កិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ដ្រាលី
សម្តេចប្រធានរដ្ឋសភា បន្ថែមថា កម្ពុជាប្ដេជ្ញាលើកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអន្តរជាតិដើម្បីសម្រេចបានចក្ខុវិស័យ និងផលប្រយោជន៍រួម ក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងមានចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨នេះ មានការចូលរួមពីថ្នាក់ដឹកនាំផ្នែកនីតិបញ្ញត្តិនៃប្រទេសនានា ជាសមាជិក។ មានប្រទេស២៧ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាសមាជិកនៃវេទិកានេះ។ កិច្ចប្រចាំឆ្នាំលើកទី២៨នេះ គឺកំពុងពិចារណាលើសេចក្ដីសម្រេចជាង៤០ ទាក់ទងនឹងបញ្ហានយោបាយ និងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចការរបស់ស្រី្ត។
សូមបញ្ជាក់ថា ការបង្កើតវេទិកានេះ គឺជាគំនិតផ្ដួចផ្ដើមរបស់អតីតនាយរដ្ឋមន្រី្តជប៉ុនលោក Yasuhiro Nakasone ដែលលោកបានទទួលមរណភាពកាលពីឆ្នាំទៅក្នុងអាយុ១០១ឆ្នាំ។ គោលបំណងនៃការបង្កើត APPF គឺដើម្បីប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបប្រជុំប្រចាំឆ្នាំ រកដំណោះស្រាយរួមលើបញ្ហានានា និងជំរុញឲ្យមានសុខសន្តិភាពនិងការអភិវឌ្ឍទាំងក្នុងតំបន់និងសាកលលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com