អន្តរជាតិ
បាតុករហុងកុង៖ ថ្ងៃនេះតៃវ៉ាន់ឈ្នះចិន ស្អែកនឹងដល់វេនហុងកុងម្តង ប្រជាជនហុងកុង ក្នុងជំនួបសាទរជ័យជម្នះរបស់លោកស្រី Tsai Ing-wen នាទីក្រុងតៃប៉ិ។ រូបភាព៖ Reuters
× ប្រជាជនហុងកុងជាច្រើននាក់ ដែលបានគេចខ្លួនមកកោះតៃវ៉ាន់ បានចេញមកជួបប្រជុំគ្នានៅថ្ងៃទី១១ ខែមករា ដើម្បីសាទរការការពារតំណែងជាប្រធានាធិបតីតៃវ៉ាន់របស់លោកស្រី Tsai Ing-wen។ ក្នុងឱកាសនេះ ក្រុមបាតុករ មានលើកឡើងថា ថ្ងៃនេះតៃវ៉ាន់ឈ្នះ ចំណែកថ្ងៃស្អែកនឹងដល់ពេលហុងកុង។
បន្ទាប់ពីជ័យជម្នះរបស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ប្រជាជនហុងកុងជាច្រើនដែលបានរត់គេចខ្លួនចេញពីហុងកុងក្នុងអំឡុងពេលបាតុកម្មរយៈពេលជិត ៧ខែកន្លងមកនេះ បានសាទរលទ្ធផលបោះឆ្នោត។
ដោយមានវត្តមានក្នុងអំឡុងពេលជួបប្រជុំនៅក្នុងទីក្រុងតៃប៉ិ លោក Ventus Lau អតីតអ្នករៀបចំកម្មវិធីការជួបជុំមនុស្ស១ពាន់នាក់ កាលនៅទឹកដីហុងកុង បានអះអាងថា៖ «ខ្ញុំសង្ឃឹមថា ហុងកុងនឹងដូចតៃវ៉ាន់។ នៅក្នុងជំនាន់កូនចៅរបស់យើង ហុងកុង នឹងក្លាយមានប្រជាធិបតេយ្យ និងសេរីភាព»។ ក្នុងន័យនេះហើយ ទើបប្រជាជនហុងកុងទាំងអស់ ត្រូវតែខិតខំប្រឆាំងឥទ្ធិពលបក្សកុម្មុយនិស្តចិន ជាមួយសហគមន៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងជំនួបសាទរលោកស្រីTsai នេះ ប្រជាជនហុងកុងជាច្រើន បានកាន់ទង់ជាតិ និងបដាជាច្រើន ហើយភាគច្រើនគឺឌឺដងដាក់ចិន។ ក្នុងបដាទាំងនោះ មានពាក្យស្លោកមួយសរសេរថា «តៃវ៉ាន់ថ្ងៃនេះ ហុងកុងថ្ងៃស្អែក»។ ប្រជាជនហុងកុងទាំងនោះទំនងជាចង់សំដៅថា ថ្ងៃនេះលោកស្រីTsai គឺជាអ្នកឈ្នះឆ្នោតលើលោក Han Kuo-yu បេក្ខជនបក្សគូមិញតាង ដែលចង់បង្កើតទំនាក់ទំនងល្អជាមួយចិនឡើងវិញ ដែលប្រៀបដូចជាតៃវ៉ាន់ឈ្នះចិនផងដែរ ហើយនៅថ្ងៃខាងមុខវា នឹងដល់វេនហុងកុងម្តងដែលត្រូវឈ្នះទីក្រុងប៉េកាំង។
ជាការពិត ប្រជាជនហុងកុង ចង់ឲ្យលោកស្រី Tsai ឈ្នះលើលោក Han។ ប្រសិនបើលោក Han ឈ្នះក្នុងកាបោះឆ្នោតលើកនេះ បាតុករភៀសខ្លួនទាំងនេះ បារម្ភថា រដ្ឋបាលតៃវ៉ាន់ថ្មី អាចចាប់បញ្ជូនប្រជាជនហុងកុងត្រលប់ទៅទឹកដីកំណើររបស់ខ្លួនវិញ ស្របពេលអាជ្ញាធរហុងកុង បានចាប់ខ្លួនក្រុមបាតុករ ជាង៧ពាន់នាក់រួចមកហើយ ក្នុងរយៈពេលជិត៧ខែកន្លងមកនេះ។
សូមបញ្ជាក់ថា តាមរយៈលទ្ធផលបោះឆ្នោតនាល្ងាចថ្ងៃទី ១១ ខែមករា លោកស្រី Tsai បានឈ្នះឆ្នោតយ៉ាងច្រើនលើសលប់ ពោលគឺបានទទួលសម្លេងគាំទ្ររហូតដល់ ៥៧ភាគរយឯណោះ ដែលស្មើនឹងសន្លឹកឆ្នោតដល់ជាង ៨លានសន្លឹក។ បើធៀបទៅនឹងការបោះឆ្នោតឆ្នាំ ២០១៦ ការបោះឆ្នោតលើកនេះ លោកស្រីTsai បានទទួលសន្លឹកឆ្នោតលើស ១,៣លានសន្លឹក។ ចំណែកលោក Han បានទទួលសម្លេងគាំទ្រត្រឹមតែ ៣៩ ភាគរយប៉ុណ្ណោះ ហើយលោកក៏បានទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ ៕
Tag:
ហុងកុង
តៃវ៉ាន់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com