កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ ជប៉ុន និង ចិន ហាលអាវ​ព្រម​គ្នា ត្រឹម​វគ្គ​ចែក​ពូ​ល
13, Jan 2020 , 5:49 pm        
រូបភាព
​ជប៉ុន និង​ចិន សុទ្ធតែ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ​២០២០ បន្ទាប់ពី​ក្រុម​ទាំងពីរ​បរាជ័យ​ទាំង​២​ប្រកួត​ដំបូង​នៅ​វគ្គ​សន្សំ​ពិន្ទុ​។ កូរ៉េខាងត្បូង កក់​កៅអី​ទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​២​ប្រកួត​នៅ​ពូ​ល C​។​


 
​ពីរ​ប្រកួត​ក្នុង​ពូ​ល B ក្រុម​ជម្រើសជាតិ​ជប៉ុន​ក្រោម​អាយុ​២៣​ឆ្នាំ មិនអាច​រកបាន​សូម្បីតែ​១​ពិន្ទុ​។ ជំនួប​ដំបូង ជប៉ុន​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត ២-១ និង​ជំនួប​ទី​២ នៅ​យប់​ថ្ងៃទី​១២ ខែមករា ពួកគេ​បន្ត​ចាញ់​ស៊ី​រី​ដោយ​លទ្ធផល ២-១ ដដែល​។ ការ​ចាញ់​ទាំងពីរ​ប្រកួត មានន័យថា​ក្រុម​សា​ម៉ូ​រ៉ៃ U23 អស់សិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​តែម្តង​ក្នុងការ​បន្តទៅ​វគ្គ​បន្ទាប់​។​
 
​ឆ្លងកាត់​ការប្រកួត​២​លើក​ក្នុង​ពូ​ល B ស៊ី​រី​ឈរ​លេខ​១ មាន​៤​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ​២ អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​កាតា​មាន​២​ពិន្ទុ ឈរ​លេខ​៣​។ ក្រុម​ទាំងបី​ត្រូវ​ប្រជែង​គ្នា​នៅ​ជំនួប​ចុងក្រោយ ដើម្បី​យក​ពីរ​ក្រុម​ទៅ​វគ្គ​បន្ត​។ ជំនួប​ចុងក្រោយ​កាតា​ជួប​ជប៉ុន រីឯ​រ៉ា​ប៊ី​សា​អូឌីត​ប៉ះ​ស៊ី​រី​។​
 
​មិន​ខុសគ្នា​ពី​ជប៉ុន​ឡើយ ចិន​ក៏​ហាលអាវ​ត្រឹម​វគ្គ​ចែក​ពូ​ល​នេះ​ដូចគ្នា​។ ក្រុម​រហស្សនាម​នាគ​មាស ទទួលរង​បរាជ័យ​ទាំងពីរ​ប្រកួត​ក្នុង​ពូ​ល C ដោយ​ជំនួប​ដំបូង​ចាញ់​កូរ៉េខាងត្បូង​ទាំង​ប្រផិតប្រផើយ ១-០ និង​បន្ត​ចាញ់​អ៊ូ​ស​បេ​គី​ស្ចា​ន ២-០​។ 


 
​កូរ៉េខាងត្បូង ជា​ក្រុម​ដំបូង​គេ​ដែល​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោ​ស្វ័យប្រវត្តិ​នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ី​នេះ ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត  និង​ឈរ​កំពូល​តារាង​ពូ​ល B បណ្តោះអាសន្ន​។ អ៊ូ​ស​បេ​គី​ស្ថាន​ដែល​រកបាន​៤​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​២ តាម​ពីក្រោយ​ដោយ​អ៊ីរ៉ង់​ដែល​រកបាន​១​ពិន្ទុ​។ បើ​ទោះ​មាន​ពិន្ទុ​ចាញ់​ប្រៀប ប៉ុន្តែ​អ៊ីរ៉ង់​នៅមាន​ឱកាស​ដណ្តើមយក​ចំណាត់ថ្នាក់​ទី​២​ពូ​ល B ជាមួយ​អ៊ូ​ស​បេ​គី​ស្ថាន សម្រាប់​ការប្រកួត​ចុងក្រោយ​។​
 
​ដោយឡែក​ក្នុង​ពូ​ល A វិញ ក៏បាន​ឆ្លងកាត់​ការប្រកួត​២​លើក​រួចហើយ​ដែរ​។ ម្ចាស់ផ្ទះ​ថៃ​បរាជ័យ​ក្នុងជំនួប​លើក​ទី​២​ក្រោម​ថ្វៃ​ជើង​អូស្ត្រាលី​ដោយ​លទ្ធផល ២-១ បន្ទាប់ពី​ឈ្នះ​បា​រ៉ែ​ន​នៅ​ជំនួប​បើកឆាក​ដល់​ទៅ ៥-០​។ អ៊ីរ៉ាក់​បន្ត​ស្មើ​ជាមួយ​បា​រ៉ែ​ន ក្រោយ​ស្មើ​អូស្ត្រាលី​នៅ​ជំនួប​ដំបូង​រួចមក​។ ឆ្លងកាត់​ការប្រកួត​២​លើក អូស្ត្រាលី​ឈរ​លេខ​១​ពូ​ល A មាន​៤​ពិន្ទុ ថៃ​លេខ​២​មាន​៣​ពិន្ទុ អ៊ីរ៉ាក់​នៅ​លេខ​រៀង​ទី​៣​មាន​២ និង​បា​រ៉ែ​ន​នៅ​បា​តារាង​មាន​១​ពិន្ទុ​។ ក្រុម​ទាំង​៤ នៅមាន​ឱកាស​ហាលអាវ និង​ឡើងទៅ​វគ្គ​បន្ត​ដូចៗ​គ្នា ដែល​ត្រូវ​សម្រេច​នៅ​ការប្រកួត​ចុងក្រោយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com