ជាតិ
រថយន្ត
កម្ពុជាមានច្រកដឹកជញ្ជូនជាមួយវៀតណាម ៩កន្លែង ថៃ និងឡាវ១កន្លែង រថយន្តកុងតឺន័រ ដឹកទំនិញ ពីថៃមកខ្មែរតាម ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថត៖ អ៊ីសា រ៉ូហានី
× ភ្នំពេញ៖ ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនអន្តរជាតិ ទៅវិញទៅមក រវាងកម្ពុជា ជាមួយបណ្តាប្រទេសជិតខាង ដែលមាន វៀតណាម ថៃ និងឡាវ សរុបប្រមាណ១០កន្លែង ក្នុងនោះ កម្ពុជា-វៀតណាម មានច្រកទ្វារ រួមគ្នា កើនដល់៩កន្លែង ខណៈដែលថៃ និងឡាវ មានច្រកទ្វារ ជាមួយកម្ពុជា ត្រឹមមួយៗកន្លែង ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍ខាងលើបានបញ្ជាក់ ថា ក្នុងដំណើរការនៃការងារដឹកជញ្ជូនរវាងកម្ពុជា-វៀតណាម ដោយមានយានយន្ត បានចុះបញ្ជីលើកិច្ចព្រមព្រៀងទ្វេរភាគីជិត១០០០គ្រឿង ក្នុងនោះ ភាគីវៀតណាម មានយានយន្តដឹកអ្នកដំណើរ២៦៨គ្រឿង និងដឹកទំនិញ២៣២គ្រឿង។ កម្ពុជាវិញ មានយានយន្តដឹកអ្នកដំណើរ៣៨៤គ្រឿង និងដឹកទំនិញត្រឹម ១១៥គ្រឿង។
ដោយឡែក ច្រកទ្វារអន្តរជាតិ រវាងកម្ពុជា-ថៃ ដែលមានតែមួយគត់នោះ គឺប៉ោយប៉ែត-អរញ្ញប្រាថេត ដោយមានរថយន្តភាគីថៃបានចុះបញ្ជីក្នុងការដឹកជញ្ជូន ចំនួន៨៩គ្រឿង ក្នុងនោះមានរថយន្តដឹកទំនិញ៨០គ្រឿង។ រីឯកម្ពុជា មានយានយន្ត៤៧គ្រឿងបានចុះបញ្ជី ប៉ុន្តែសុទ្ធជារថយន្តដឹកអ្នកដំណើរទាំងអស់។
រីឯច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ជាច្រកតែមួយរបស់កម្ពុជា-ឡាវ ដែរនោះ កម្ពុជាមានតែយានយន្តដឹកអ្នកដំណើរ៤គ្រឿងចុះបញ្ជីក្នុងការដឹកជញ្ជូន ផ្ទុយពីប្រទេសឡាវ មានយានយន្ត១៤គ្រឿង បានចុះបញ្ជី ហើយគឺជាយានយន្តដឹកទំនិញទាំងអស់។
ចំពោះកិច្ចព្រមព្រៀងត្រីភាគីកម្ពុជា វៀតណាម ឡាវ លើការងារដឹកជញ្ជូន ប្រទេសនីមួយៗអាចចេញកូតាបាន១៥០គ្រឿងនៃយានយន្តដឹកអ្នកដំណើរ និងដឹកទំនិញ នៅតាមច្រកព្រំដែនអន្តរជាតិ ចំនួន៧ ជាមួយវៀតណាម និង១ច្រក ជាមួយប្រទេសឡាវ។ ក្នុងចំណោមយានយន្តទាំង១៥០ដែលបានចុះបញ្ជីរបស់កម្ពុជា គឺមានរហូតដល់១០០គ្រឿង ជាយានយន្តដឹកអ្នកដំណើរ និង៥០គ្រឿងទៀត ជាយានយន្តដឹកទំនិញ។ ផ្ទុយស្រឡះពីវៀតណាមដែលមានយានយន្តទំនិញចំនួន៩៩គ្រឿង និងរថយន្តដឹកទំនិញ ត្រឹម៥១គ្រឿង ប៉ុណ្ណោះ ខណៈដែលប្រទេសឡាវ មិនទាន់យានយន្តចុះបញ្ជីលើការដឹកជញ្ជូនទៅមកនៅឡើយ។
កាលពីថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០១៩ កម្ពុជា និង វៀតណាម បានចុះហត្ថលេខាលើការកែសម្រួលពិធីសារដឹកជញ្ជូនឆ្នាំ២០០៥ នឹងបង្កើនច្រកទ្វារអន្តរជាតិរវាងប្រទេសទាំងពីរ ឱ្យបាន៩កន្លែង និងត្រៀមច្រកទ្វារអន្តរជាតិ១០កន្លែងបន្ថែមទៀត សម្រាប់យានយន្តគ្រប់ប្រភេទឆ្លងកាត់ និងចេញ-ចូលបាន(លើកលែងសង្គ្រោះ និងពន្លត់អគ្គិភ័យ។ នេះបើយោងតាមរាបយការណ៍ដដែលខាងលើនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com