អន្តរជាតិ
ស្ត្រី​មេផ្ទះ និង​ជីដូន​ដែល​រស់នៅក្នុង​សង្កាត់​អ្នក​កាន់សាសនា​ឥស្លាម​នៅ​ឥណ្ឌា ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ចូលសញ្ជាតិ​ថ្មី​
14, Jan 2020 , 7:59 pm        
រូបភាព
និស្សិត និង​សកម្មជន​ឥណ្ឌា​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​ដើម្បី​ធ្វើ​ការ​តវ៉ា​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​របស់​ឥណ្ឌា នៅ​ក្នុង​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
និស្សិត និង​សកម្មជន​ឥណ្ឌា​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​ដើម្បី​ធ្វើ​ការ​តវ៉ា​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​របស់​ឥណ្ឌា នៅ​ក្នុង​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
​ញូ​វ​ដេលី ៖ច្បាប់​នោះ មិនបាន​រួមបញ្ចូល​អ្ន​ក​កាន់សាសនា​ឥស្លាម ទៅក្នុង​ក្រុម​សាសនា​ដូចជា ហិណ្ឌូ និង​សាសនា​គ្រិស្ត ដែល​ក្រុម​អ្នក​កាន់សាសនា​ទាំងនេះ ត្រូវបាន​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​បាន​ឆាប់​ប្រសិនបើ​ពួកគេ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​សាសនា នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស​។ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ទាំងនោះ ដែល​ពួកគេ​ភាគច្រើន​មកពី​មជ្ឈដ្ឋាន​ក្រីក្រ​បំផុត​ក្នុងសង្គម បន្ត​បាតុកម្ម​នៅលើ​ផ្លូវ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកនេះ​។​

 
​ស្ត្រី​ជា​ជីដូន ម្តាយ និង​មេផ្ទះ​ជាច្រើន បាន​ទៅ​បិទផ្លូវ​ដ៏​សំខាន់ នៅក្នុង​តំបន់ Shaheen ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា ដែល​តំបន់​នោះ​មាន​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​កាន់សាសនា​ឥស្លាម ដោយសារតែ ការព្រួយបារម្ភ​ដ៏​ខ្លាំង​អំពី​ច្បាប់​ចូលសញ្ជាតិ​ថ្មី​មួយ​។ ឥឡូវនេះ ពួកគេ​ទាំងនោះ ត្រូវដាក់​ឯកសារ​បញ្ជា​ក់ថា ពួកគេ​ជា​ពលរដ្ឋ​ឥណ្ឌា​។​
 
​ក្នុងចំណោម​អ្នកដឹកនាំ​ការតវ៉ា​ទាំងនោះ គឺ​អ្នកស្រី Rizwana Bano ដែល​អ្នកស្រី​ស្ថិតនៅ​ក្នុងចំណោម​ពលរដ្ឋ​ចំណាកស្រុក​ក្រីក្រ​រាប់លាន​នាក់​ដែល​រស់នៅក្នុង​ទីក្រុង​ញូ​ដេលី​។ អ្នកស្រី Rizwana Bano ថ្លែងថា​៖
 
«​ខ្ញុំ​មកពី រដ្ឋ Biha ដែល​តែងតែមាន​ទឹកជំនន់​។ ខ្ញុំ​គ្មាន​ផ្ទះ ឬ អាស័យដ្ឋាន​ជាក់លាក់​ទេ​។​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​រក​ឯកសារ​ឯណា​មក​បញ្ជាក់​ទៅ​? នេះហើយ​ជា​មូលហេតុ ដែល​ខ្ញុំ​មក​តវ៉ា​នៅតាម​ផ្លូវ ដូច្នេះ​ខ្ញុំ​នឹងមិន​ត្រូវ​ចូល​គុក​»​។​
 
​ស្ត្រី​ទាំងនោះ ភាគច្រើន​ជា​អ្នក​ចេញមក​តវ៉ា​ជា​លើកដំបូង​។ ពួកគេ​ចេញពីផ្ទះ​ដោយសារតែ​ពួកគេ​បារម្ភ​ថា ផែនការ​បង្កើត​បញ្ជី​ចុះឈ្មោះ​ចូលសញ្ជាតិ​ថ្មី​មួយ អាច​គំរាម​គំហែង​ឋានៈ​ជា​ពលរដ្ឋ​ឥណ្ឌា​របស់​ពួកគេ​។​
 
​នោះ គឺ​ដោយសារតែ​ច្បាប់​នោះ មិនបាន​រួមបញ្ចូល​អ្ន​ក​កាន់សាសនា​ឥស្លាម ទៅក្នុង​ក្រុម​សាសនា​ដូចជា ហិណ្ឌូ និង​សាសនា​គ្រិស្ត ដែល​ក្រុម​អ្នក​កាន់សាសនា​ទាំងនេះ ត្រូវ​បានការ​ព​ន្លឿ​ន​ការផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ ប្រសិនបើ​ពួកគេ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​សាសនា នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស​។​
 
​លោកនាយក​រដ្ឋមន្ត្រី Narendra Modi បាន​ជម្រះ​ក្តីកង្វល់​ដោយ​និយាយថា គ្មាន​ពលរដ្ឋ​ឥណ្ឌា​កាន់សាសនា​ឥស្លាម​ណា នឹង​ប្រឈម​នឹង​ការបាត់បង់​សញ្ជាតិ​របស់​ពួកគេ​ឡើយ​។​
 
​ក៏ប៉ុន្តែ ពលរដ្ឋ​ជាច្រើន ដូចជា​អ្នកស្រី Azra Hashmi នៅតែមាន​ទុទិដ្ឋិនិយម គ្រា​ដែល​រដ្ឋាភិបាល​របស់លោក Modi កាន់តែ​ត្រូវគេ​មើលឃើញថា កាន់តែ​ឈានទៅ​មុខ​តាមរយៈ​និន្នាការ​អ្នក​ប្រកាន់​សាសនា​ហិណ្ឌូ​ជាតិនិយម​។​
 
​អ្នកស្រី Azra Hashmi ថ្លែងថា​៖
 
«​ខ្ញុំ​បានកើត​នៅក្នុង​ប្រទេស​ដ៏​ស្រស់ស្អាត​នេះ បងប្អូន​ក្រុមគ្រួសារ​សាច់ញាតិ​៧​ជំនាន់​របស់ខ្ញុំ បានកើត​និង​កប់​ទៅវិញ​នៅទីនេះ​។ តើ​ហេតុអ្វី​បានជា​សព្វថ្ងៃនេះ អ្នក​រុញ​យើង​ឲ្យ​ដល់​ផ្លូវ​ទាល់​ដូច្នេះ​?»​។​
 
​បុគ្គល​ល្បីឈ្មោះ ដូចជា​តារាភាពយន្ត Bollywood Swara Bhaska ជារឿយៗ បានបង្ហាញ​ខ្លួន​ដើម្បី​គាំទ្រ​នូវ​អ្វីដែល​គេ​ហៅថា «​បាតុកម្ម​ដែល​គ្មាន​មេដឹកនាំ​»​។ អ្នកស្ម័គ្រចិត្ត បាន​បរិច្ចាគ​ម្ហូបអាហារ​។ បុរស​ទុក​ឲ្យ​ស្ត្រី​ជា​អ្នកដឹកនាំ​ការតវ៉ា​។ ថ្វីបើ​នៅ​ឆ្នាំនេះ​រដូវ​ត្រជាក់​នៅក្នុង​រដ្ឋធានី​ញូ​វ​ដេលី មាន​សភាព​ត្រជាក់​ជាង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ ក៏​មិន​បានធ្វើ​ឲ្យ​បាតុករ​ទាំងនោះ មាន​ភាព​រួញរា​ក្នុង​ការតវ៉ា​រហូតដល់​រំលង​អា​ធ្រា​ត​នោះឡើយ​។​
 
​លោក Syed Taseer Ahmed អ្នកស្ម័គ្រចិត្ត និង​ជា​ពលរដ្ឋ​ម្នាក់​មកពី​តំបន់ Shaheen Bagh បាន​ថ្លែងថា​៖
 
«​គ្មាន​ហិ​រ​ញ្ញិ​ក គ្មាន​ទាក់ទង​នឹង​គណបក្សនយោបាយ និង​គ្មាន​ទាក់ទង​នឹង​អង្គការក្រៅរដ្ឋាភិបាល​ណាមួយ​ទេ​។ បាតុកម្ម​នេះ គឺ​ធ្វើ​ដោយ​សាធារណជន​ខ្លួនឯង​»​។​
 
​ការចូល​សញ្ជាតិ មិនមែន​តែ​ជា​បញ្ហា​មួយ​មុខ​នោះទេ​។ អ្នកស្រី Saima Khan ដែលជា​ម្តាយ​មានកូន​៤​នាក់ បាន​ចូលរួម​នៅក្នុង​ការតវ៉ា​នេះ ដោយសារ​តែមាន​កំហឹង​ចំពោះ​សកម្មភាព​របស់​ប៉ូលិស​កាលពី​ខែធ្នូ ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា បានធ្វើ​ឲ្យ​និស្សិត​កាន់សាសនា​ឥស្លាម​២​នាក់​មាន​របួស នៅក្នុង​សាកលវិទ្យាល័យ​ដែលមាន​និស្សិត​ភាគច្រើន​កាន់សាសនា​ឥស្លាម​។ អ្នកស្រី Saima Khan ថ្លែងថា​៖
 
«​យើង​បាន​សម្រេចចិត្តថា យើង​នឹងមិន​អត់ធ្មត់​ចំពោះ​រឿង​ដូចនេះ​ទេ​។ មាន​ស្ត្រី​ជា​ម្តាយ​ច្រើន​នៅទីនេះ​។ ម្តាយ​មិនអាច​មើល​កូន​ខ្លួនឯង​ត្រូវបាន​គេ​យក​ធ្វើជា​គោលដៅ​នោះទេ​»​។​
 
​មានការ​ដាក់​សម្ពាធ​ឲ្យ​បញ្ឈប់​ការតវ៉ា​នេះ​។ ក៏ប៉ុន្តែ ស្ត្រី​អ្នក​តវ៉ា​ទាំងនោះ បាន​ប្តេជ្ញា​ថា ពួកគេ​នឹង​បន្ត​បោះជំរំ​នៅ​ទីនោះ រហូត​ទាល់តែ​ច្បាប់​នោះ​ត្រូវបាន​សើរើ​ឡើងវិញ​។​
 
​អ្នកស្រី Bilkees ពលរដ្ឋ​ម្នាក់ទៀត​មកពី​តំបន់ Shaheen Bagh បាន​ថ្លែងថា​៖
 
«​មិន​ថា ខ្ញុំ​ត្រូវ​តវ៉ា​១​ខែ ៦​ខែ ឬ ១​ឆ្នាំ​ទេ ខ្ញុំ​នឹង​មក​ទីនេះ រាល់ថ្ងៃ​»​។​
 
​ស្ត្រី​កាន់សាសនា​ឥស្លាម​នៅក្នុង​តំបន់​មួយ​នៃ​រដ្ឋធានី​ញូ​វ​ដេលី ដែល​កម្រ​ត្រូវបាន​គេ​ឃើញ ឬ ឮ​មតិ​នោះ កំពុង​បង្ហាញថា ពួកគេ នឹងត្រូវ​បានចាត់ទុក​ថា ជា​អ្នកចូលរួម​តទល់ ប្រឆាំងនឹង​ច្បាប់​ចូលសញ្ជាតិ​ថ្មី​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com