កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona បញ្ចប់តំណែងលោក Valverde ហើយតែងតាំងអតីតគ្រូ Betis វិញ
× Barcelona បញ្ចប់លោក Ernesto Valverde ពីតំណែងអ្នកចាត់ការទូទៅ និងតែងតាំងអតីតគ្រូ Real Betis លោក Quique Setien ជំនួសវិញ។
លោក Valverde អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៥៥ឆ្នាំ បានជួយឲ្យក្លិបរហស្សនាមអ្នកមានបុណ្យឈ្នះជើងឯក La Liga ចំនួនពីរលើកក្រោមការដឹកនាំរបស់លោករយៈពេល២រដូវកាល និងនាំក្រុមបន្តឈរកំពូលតារាងលីគកំពូលអេស្ប៉ាញបណ្តោះអាសន្នរដូវកាលនេះទៀតផង។
បើទោះយ៉ាងនេះក្តី Barcelona នៅតែបង្ហាញការមិនជឿជាក់ក្រោមការដឹកនាំរបស់ Valverde ក្នុងការនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាលនេះ។ ក្លិបដែលមានមូលដ្ឋានក្នុងតំបន់ស្វយ័ត Catalonia មួយនេះ ពិតជាចង់ឈ្នះពានកំពូលអឺរ៉រុបនេះ ក្រោយអាក់ខាន៤រដូវកាលមកហើយ ពោលគឺតាំងពីឆ្នាំ២០១៥មក។
លោក Valverde ឡើងមកដឹកនាំ Barcelona នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីលោកចាកចេញពីក្រុម Athletic Bilbao តែ៦ថ្ងៃប៉ុណ្ណោះ។
លោក Setien វ័យ៦១ឆ្នាំ ត្រូវឡើងទៅជំនួសលោក Valverde វិញ។ បុរសសញ្ជាតិអេស្ប៉ាញដែលធ្លាប់ដឹកនាំ Betis ឈានដល់ចំណាត់ថ្នាក់ខ្ពស់បំផុតមួយនេះ បានយល់ព្រមចុះកិច្ចសន្យាស្នាក់នៅទឹកដី Nou Camp រយៈពេល២ឆ្នាំកន្លះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអេស្ប៉ាញ ថ្ងៃទី១៤ ខែមករានេះ។
នៅក្នុងសេចក្តីប្រកាសរបស់ Barca ឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Valverde ក្នុងការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរដោយជោគជ័យរួចហើយ។ ក្លិប Barca ក៏បានថ្លែងអំណរគុណដល់លោក Valverde ចំពោះការប្តេជ្ញាចិត្ត ការលះបង់ និងការដឹកនាំក្រុមទទួលផលវិជ្ជមានសម្រាប់គ្រួសារ Barca ទាំងអស់។
Barca សព្វថ្ងៃឈរនៅកំពូលតារាង La Liga ដោយមាន៤០ពិន្ទុ ស្មើគ្នាជាមួយគូប្រជែង Real Madrid ដោយមានប្រៀបលើសំណល់គ្រាប់ស៊ុតបញ្ចូលទី និងឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champions Leaugue ផង និងត្រូវតទល់ជាមួយក្រុមអ៊ីតាលី Napoli៕
Tag:
Barcelona
Ernesto Valverde
Quique Setien
© រក្សាសិទ្ធិដោយ thmeythmey.com